Connect with us

ព័ត៌មាន

ប្រមុខការទូតកម្ពុជាប្រាប់មហាសន្និបាត UN ថា ជម្លោះកម្ពុជា-ថៃធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជំនឿ​ទុក​ចិត្តរវាងប្រទេសទាំងពីរ ខណៈសម្រាប់​កម្ពុជា​ការ​ស្តារទំនុក​ចិត្ត​ឡើង​វិញ​ត្រូវ​តែ​ផ្អែក​លើ​ការ​ប្តេជ្ញា​ចិត្ត​ជាក់ស្តែង

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រាប់ សម័យប្រជុំលើកទី៨១ នៃ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិថា ជម្លោះរវាងកម្ពុជា-ថៃកាលពីពេលថ្មីៗនេះ បានធ្វើឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ជំនឿទុកចិត្តរវាងប្រទេសទាំងពីរ ខណៈសម្រាប់​កម្ពុជា​ការ​ស្តារ​ទំនុក​ចិត្ត​ឡើង​វិញ​ត្រូវ​តែ​ផ្អែក​លើ​ការប្តេជ្ញាចិត្តជាក់ស្តែង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសថ្លែងការណ៍ក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវិត្តកម្ម៖ អង្គការសហប្រជាជាតិដែល សម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា» ទីក្រុងញូវយ៉ក នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦នេះ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា ភាពតានតឹង និងជម្លោះនាពេលថ្មីៗនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជំនឿទុកចិត្តរវាងកម្ពុជា និងថៃ។ ក្រៅពីការធ្វើឱ្យទំនាក់ទំនងមានភាពតានតឹង ជម្លោះនេះបានបន្សល់ទុកនូវស្លាកស្នាមដ៏ ជ្រាលជ្រៅ និងយូរអង្វែង រួមទាំងការខូចខាតដល់បេតិកភណ្ឌវប្បធម៌ និងការបន្តគំរាមកំហែងពីសំណាក់ គ្រាប់មិនទាន់ផ្ទុះ ជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ទោះជាយ៉ាងក្តី ភូមិសាស្ត្របានចងភ្ជាប់ប្រទេសយើងជាមួយគ្នា។ ក្នុងនាមជាអ្នកជិតខាងអចិន្ត្រៃយ៍ ប្រទេសទាំងពីរត្រូវរួមរស់ក្បែរគ្នាជានិច្ច ហើយសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ប្រជាជនយើង មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា។ ដូច្នេះការកសាងទំនុកចិត្តឡើងវិញ មិនមែនគ្រាន់តែជារឿងដែលយើងចង់បានប៉ុណ្ណោះទេ ប៉ុន្តែវាជាកត្តាចាំបាច់សម្រាប់អនាគតនៃទំនាក់ទំនងទ្វេភាគី និងសម្រាប់ការយកចិត្តទុកដាក់រួមរបស់យើង ដែលចង់មានសន្តិភាពយូរអង្វែង និងទំនាក់ទំនងជាប្រទេសជិតខាងល្អនឹងគ្នា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងបញ្ជាក់ថា សម្រាប់កម្ពុជា ការស្តារទំនុកចិត្តឡើងវិញត្រូវតែផ្អែកលើការប្តេជ្ញាចិត្តជាក់ស្តែង។ នេះជាការចាំបាច់ដែលត្រូវមានការអនុវត្តប្រកបដោយប្រសិទ្ធភាពពេញលេញ និងសុឆន្ទៈ ចំពោះរាល់ការព្រមព្រៀងគ្នា ក្នុងនោះរួមមានសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ កុងសង់ស៊ីសហ៊្វូសៀន (Fuxian Consensus) និងជាពិសេសសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំង ពីរបានប្តេជ្ញាចិត្តបដិសេធការគំរាមកំហែង ឬការប្រើកម្លាំង និងការគោរពខណ្ឌសីមាព្រំដែនអន្តរជាតិ ក៏ដូច ជាការអនុវត្តវិធានការជាក់ស្តែងដើម្បីកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្តឡើងវិញ និងជំរុញ ប្រក្រតីភាពទំនាក់ទំនងទ្វេភាគី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា ក្នុងចំណោមវិធានការទាំងនេះ ការចាប់ផ្តើមឡើងវិញជាបន្ទាន់នូវការងារវាស់វែង និងខណ្ឌសីមាព្រំដែន របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន នឹងរួមចំណែកយ៉ាងសំខាន់ដល់ការដោះស្រាយបញ្ហាទាមទារ នានា ដែលនៅសេសសល់ពាក់ព័ន្ធនឹងព្រំដែន និងការបង្កើតខ្សែព្រំដែនមួយដ៏ច្បាស់លាស់ដែលភាគី ទាំងពីរទទួលស្គាល់ទៅវិញទៅមក ដោយអនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ អ្វីដែលមានសារៈសំខាន់ដូចគ្នាដែរ ហើយមានផលប៉ះពាល់ ដោយផ្ទាល់លើផ្នែកមនុស្សធម៌ នោះគឺការមិនអាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានខ្លួនវិញបានរបស់ប្រជា ពលរដ្ឋកម្ពុជាជាង ២០,០០០នាក់ ដោយសារការបន្តកាន់កាប់ ការរារាំងរបស់កម្លាំងយោធាថៃ។ ដូចដែលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានលើកឡើងនៅពេលចុះទៅពិនិត្យ តំបន់ព្រំដែនកាលពីខែកក្កដាកន្លងទៅថា «ពួកគេត្រូវការ និងសមទទួលបាននូវការអនុញ្ញាតឱ្យ វិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ »។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ដូចគ្នានេះដែរ ការបញ្ឈប់សកម្មភាពទាំងឡាយនៅក្នុងទឹកដីដែលត្រូវបានកាន់កាប់ដែលអាចបង្កើត ឬ ពង្រឹងស្ថានភាពជាក់ស្តែង (fait accompli) នឹងបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីសុច្ឆន្ទៈ និងការគោរព ចំពោះច្បាប់អន្តរជាតិ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia