Connect with us

ព័ត៌មាន

យុវជនដែលចង់បំពេញកាតព្វកិច្ចយោធាអាចទទួលពាក្យស្នើសុំនៅមូលដ្ឋានកងរាជអាវុធក្រុង ស្រុក និងខណ្ឌចាប់ពីថ្ងៃទី១ ខែតុលាខាងនេះតទៅ

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បាន​ប្រកាស​ថា ​ការ​ដាក់ពាក្យស្នើសុំបំពេញកាតព្វកិច្ចយោធា នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ​២០២៦​នេះ ហើយយុវជន យុវនារីដែល​មាន​បំណង​ចង់​បំពេញ​កាតព្វ​កិច្ច​យោធា​នេះ​អាច​ទៅ​ទទួល​ពាក្យ​ស្នើ​សុំ​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថនៅតាមក្រុង ខណ្ឌ និងស្រុកគ្រប់រាជធានី និងខេត្តទាំងអស់។

តាមរយៈបណ្តាញសង្គមហ្វេសបុក នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ន បានលើកឡើងថា ក្នុង​នាម​ក្រសួងការពារជាតិ និងគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានអំពាវនាវដល់បងប្អូន យុវជន​ថា ព្រះរាជាណាចក្រកម្ពុជា​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​អនុវត្ត​ច្បាប់​ស្ដីពី​កាតព្វ​កិច្ច​យោធា​ខណៈ​រាជ​រដ្ឋាភិបាល បានដាក់ចេញនូវគោលការណ៍ឱ្យអនុវត្តច្បាប់នេះជាលើកដំបូង គឺ​សំដៅ​កសាង​កម្លាំង​ការពារជាតិឱ្យកាន់តែមានសមត្ថភាព និងវិន័យដែលជា​តម្រូវ​ការ​របស់​ជាតិ​បន្ថែម​ទៀត​។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ យុវជន​ដែល​មាន​បំណង​ចូលបំពេញកាតព្វកិច្ចយោធា អាចទៅទទួល​ពាក្យ​ស្នើ​សុំ​នៅ​មូល​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ក្រុង​-ស្រុក-ខណ្ឌ។ សូមបងប្អូនយុវជន តាមដានសេចក្តីជូនដំណឹងផ្លូវការ ដើម្បីស្វែង​យល់​អំពី​លក្ខ​ខណ្ឌ ឯកសារដែលត្រូវត្រៀម និងជំហានបន្តបន្ទាប់ នៃការដាក់ពាក្យ។

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិបានគូសបញ្ជាក់ផងដែរថា ការការពារ​ជាតិ​មាតុភូមិ និងបូរណភាពទឹកដីជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុងបរិបទដែលសង្គម និង​បច្ចេកវិទ្យាកំពុងមានការប្រែប្រួលយ៉ាងរហ័ស ប្រទេស​ជាតិ​ចាំ​បាច់​ត្រូវ​មាន​កម្លាំង​ដែល​ទទួលបា​ន​ ការហ្វឹកហ្វឺន មានចំណេះដឹង ជំនាញ មានវិន័យ និងសមត្ថភាព ធានាដើម្បី​ការពារ​អធិប​តេយ្យ​ភាព បូរណភាព ទឹកដី ប្រជាជន និងសុខសន្តិភាពជាដើម។

ប្រទេសជាតិ និងរាជរដ្ឋាភិបាល ត្រូវការកម្លាំងធនធានមនុស្សប្រកបដោយគុណភាព ការអនុវត្ត កាតព្វ​កិច្ចយោធា និងផ្តល់នូវចំណេះដឹង វិន័យ ស្មារតីជួយគ្នា ការទទួល​ខុស​ត្រូវ​លើភារ​កិច្ច​របស់​ខ្លួន​ ដែលអាចចូលរួមចំណែកក្នុងការបម្រើជាតិមាតុភូមិនៃយើង។ ការចូលរួមហ្វឹកហាត់ នឹង​ធ្វើ​ឱ្យ​យុវជន​ពង្រឹងកម្លាំងកាយ ចិត្តគំនិត វិន័យ ប្រកបដោយជំនាញបទពិសោធន៍ អាចបង្កើន​ភាព​ជឿជា​ក់ មានទំនុកចិត្តកាន់តែប្រសើរ មានមូលដ្ឋានល្អសម្រាប់ការសិក្សា ការងារ និងជីវិត ក្រោយ​ពេល​បញ្ចប់​ការអនុវត្តកាតព្វកិច្ចយោធានេះ។

ជាមួយគ្នានេះដែរឯកឧត្តម ទៀ សីហា ក៏បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល និង​ប្រជា​ពលរដ្ឋ​ទាំងអស់​ ចូលរួមគាំទ្រផ្ដល់កម្លាំងចិត្ត និងជួយឱ្យយុវជនយល់​ច្បាស់អំពី​គោល​បំណង​នៃកា​រអនុវត្តច្បាប់នេះ។ ការគាំទ្ររបស់ក្រុមគ្រួសារ និងសង្គម មានសារៈសំខាន់​បំផុត​ចំពោះ​ការ​ត្រៀម​ខ្លួន​របស់យុវជន ដំណើរការជ្រើសរើសត្រូវអនុវត្តតាម លក្ខខណ្ឌ និងនីតិវិធី ដែលបាន​កំណត់​ប្រកប​ដោយតម្លាភាព និងស្មើភាព៕ អត្ថបទ​៖ បានចក់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia