Connect with us

ព័ត៌មាន

ជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបងបណ្ដាលឱ្យប៉ះពាល់ផ្ទះពលរដ្ឋជិត ២ម៉ឺនខ្នង និងដំណាំជាង ៣ម៉ឺន​ហិកតា

បាត់ដំបង៖ ជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបងបានបណ្តាលឱ្យផ្ទះប្រជាពលរដ្ឋទាំង ១៤ក្រុង ស្រុក ស្មើនឹង ៧១ឃុំ-សង្កាត់ រងផលប៉ះពាល់សរុបចំនួន ១៩ ២៩១ខ្នងផ្ទះ ស្មើនឹង ២១ ៨០៧​គ្រួសារ ជម្លៀសប្រជាពលរដ្ឋមកនៅទីទួលមានសុវត្ថិភាពសរុបចំនួន ៨៥៦គ្រួសារ ស្មើនឹង​មនុស្ស​រាយ​ ២ ៧៦៧នាក់។ នេះបើ​យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ខេត្តបាត់ដំបង។

របាយការណ៍ បានឱ្យដឹងបន្ថែមថា គិតត្រឹមល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ជំនន់​ទឹក​ភ្លៀង​បណ្តាល​ឱ្យ​ប៉ះពាល់ និងខូចខាតប្រឡាយមេ ប្រឡាយរង សំណង់សិល្បការ្យ​មួយ​ចំនួនដូចជា ប៉ះ​ពាល់​ប្រឡាយ​មេប្រវែង ៧៤គីឡូម៉ែត្រ ខូចខាត ៣គីឡូម៉ត្រ ប៉ះពាល់ប្រឡាយរងប្រវែង ៩៣​គីឡូ​ម៉ែត្រ ខូចខាត ២គីឡូម៉ែត្រ និងប៉ះពាល់សំណង់សិល្បការ្យ ៩កន្លែង។

ជំនន់ទឹកភ្លៀងបណ្តាលឱ្យដំណាំស្រូវរងផលប៉ះពាល់សរុប ៣៥ ៦១២ហិកតា ស្រូវទុំ ៥ ៨៩៤​ហិកតា​ ដំណាំសាកវប្បកម្ម និងឧស្សាហកម្មរងផលប៉ះពាល់សរុប ៨ ៤១៩ហិកតា ស្មើនឹង១ ៤៨៦​គ្រួសារ។

ជំនន់ទឹកភ្លៀងបណ្តាលឱ្យហេដ្ឋារចនាស័ម្ពន្ធទាំង ១៤ក្រុង ស្រុក រងផលប៉ះពាល់សរុបចំនួន ៧៨០​កន្លែង រួមមាន៖ផ្លូវជាតិក្រាលកៅស៊ូ ៩ ៨០០ម៉ែត្រ ផ្លូវបេតុង ៥ ៧៦៦ម៉ែត្រ ផ្លូវកៅស៊ូ ៦៩ ៩៥៤​ម៉ែត្រ ផ្លូវក្រាលគ្រួសក្រហម ២៦៦ ៩០៨ម៉ែត្រ និងផ្លូវដី ៨០ ៥៥៩ម៉ែត្រ សាលាឃុំ ៦​កន្លែង​ មណ្ឌលសុខភាព ១១កន្លែង (បើកផ្តល់សេវាជាធម្មតា)សាលារៀន ៤៥សាលា និងវត្ត ៣៧វត្ត​។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ស្ថានភាពជំនន់​ទឹកភ្លៀង​នៅ​ផ្នែក​ខាង​លើ​តំបន់​ស្រុកសំឡូត រតនមណ្ឌល និងបាណន់បានស្រកចុះច្រើន ប៉ុន្តែស្ថានភាព​នៅ​ក្នុង​ក្រុង​បាត់​ដំបង ស្រុកឯកភ្នំ និងបណ្ដាស្រុកមួយចំនួនទៀតមិនទាន់ស្រកចុះនោះទេ។

បើតាម​មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ប្រសិនបើមិនមានភ្លៀងធ្លាក់បន្ថែមទៀតនោះទេ ស្ថានភាព​ជំនន់ទឹកស្ទឹងសង្កែនៅក្នុងក្រុងបាត់ដំបង និងស្រុកឯកភ្នំនឹង​ចាប់​ផ្ដើម​ស្រក​ចុះ​នៅ​ថ្ងៃ​ស្អែក​ឬ​ខាន​ស្អែក៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia