Connect with us

ព័ត៌មាន

អ្នកនាំពាក្យ៖ ការដោះស្រាយទំនាស់ដោយសន្តិវិធី គឺជាបទពិសោធន៍​ផ្ទាល់ និងយ៉ាងច្បាស់លាស់​របស់​កម្ពុជា

តាមរយៈសន្និសីទសារព័ត៌មាន​នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នក​នាំ​ពាក្យរាជរដ្ឋាភិបាលកម្ពុជា បាន​បញ្ជាក់ជាថ្មីថា សន្តិភាព ការផ្សះផ្សាបង្រួបបង្រួមជាតិ ការ​សន្ទនា​ ការដោះស្រាយទំនាស់ដោយសន្តិវិធី និងការបញ្ចប់​ទុក្ខវេទនា​របស់​ប្រជាជន​តាម​រយៈ​នយោបាយ​ ឈ្នះ​ ឈ្នះ គឺជាបទពិសោធន៍​ផ្ទាល់ និងយ៉ាងច្បាស់លាស់​របស់កម្ពុជា។ នេះគឺជា​ហេតុ​ផល​ដែល​រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា តែងតែផ្តល់តម្លៃខ្ពស់បំផុតដល់សន្តិភាព និង​ការ​ដោះ​ស្រាយទំនាស់​ដោយសន្តិវិធី ក្នុងនោះក៏មានការ​ដោះស្រា​យ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃដែរ​​។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុង​សេចក្តី​ថ្លែង​ការណ៍ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១ កាលពីថ្ងៃទី២៦ ខែ​កញ្ញា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក បាន​កត់សម្គាល់ថា «កាលពី៨១ឆ្នាំមុន ក្រោយ​ពី​រង​ការ​បំផ្លិច​បំផ្លាញ​ដោយសង្គ្រាមលោកលើកទី២ បណ្តារដ្ឋដែលបានបង្កើត​អង្គការ​សហ​ប្រជាជាតិបា​ន​ប្តេជ្ញា​ចិត្ត​យ៉ាងមុតមាំថា ត្រូវតែជួយសង្គ្រោះមនុស្ស​ជំនាន់​ក្រោយ​ឱ្យ​រួច​ផុ​ត​ពី​គ្រោះ​មហន្ត​រាយ​នៃសង្គ្រាម។ ចាប់តាំងពីឆ្នាំ១៩៤៥ មក ការប្តេជ្ញាចិត្ត​នេះ​នៅ​តែ​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង​រហូត​ដល់​ពេលប​ច្ចុប្បន្ន។ ទោះបីជាពិភពលោកបានរួចផុតពីសង្គ្រាមលោកថ្មីមួយទៀតរហូតមកដល់ពេលនេះក៏ដោយ ក៏​ជម្លោះប្រដាប់អាវុធនៅតែបន្តបង្កទុក្ខវេទនាដ៏ធ្ងន់ធ្ងរដល់មនុស្សជាតិនៅតាមតំបន់ជាច្រើន»។

ប្រមុខ​ការទូតកម្ពុជា​សង្កត់ធ្ងន់ថា ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ ការប្រែ​ប្រួល​អាកាសធាតុ វិសមភាពដែលកាន់តែរីកធំឡើង ការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស និង​ការ​គំរាមកំហែងឆ្លងដែនកំពុងដាក់សម្ពាធកាន់តែខ្លាំងឡើងលើសន្តិភាព ស្ថិរភាព និងកិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ។ ក្នុងបរិបទនេះ ពិភពលោកត្រូវការ​អង្គការ​សហ​ប្រជាជាតិ​កាន់​តែ​ខ្លាំង​ជាង​មុន ប៉ុន្តែពិភពលោក​ក៏​ត្រូវ​ការ​អង្គការ​សហប្រជាជាតិ​មួយ​ដែល​ទទួល​បាន​ការ​ជឿទុក​ចិត្ត​ដោយ​សារ​តែ​មានគោលការណ៍ មានភាពជាតំណាង មានប្រសិទ្ធភាព និងមានសមត្ថ​ភាព​ក្នុង​ការ​សម្រេច​បាន​នូវគោលបំណង និងគោលការណ៍នានានៃធម្មនុញ្ញរបស់ខ្លួន។ ការជឿទុកចិត្តមិនអាចស្តារឡើងវិញតែតាមការប្រកាសលើក្រដាសឬពាក្យសម្តីនោះទេ ប៉ុន្តែ វាបានមកពីសង្គតិភាព ពោលគឺការគោរពតាមការប្តេជ្ញាចិត្ត ការគោរពច្បាប់អន្តរជាតិ ហើយជម្លោះត្រូវបានដោះស្រាយតាមមធ្យោបាយសន្តិវិធី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានសង្កត់ធ្ងន់លើសមភាពអធិបតេយ្យដែលត្រូវតែបន្តនៅជាគោលការណ៍គ្រឹះនៃទំនាក់ទំនងអន្តរជាតិ ហើយធម្មនុញ្ញអង្គការសហប្រជា​ជាតិមិនបានកំណត់ស្តង់ដាមួយសម្រាប់ប្រទេសដែលមានអំណាចខ្លាំង និងស្តង់ដារមួយទៀតសម្រាប់ប្រទេសដែលមិនសូវមានអំណាចនោះទេ ពោលគឺ រដ្ឋសមាជិកទាំងអស់ មិនថាធំឬតូចសុទ្ធតែមានភាពស្មើគ្នានៅចំពោះមុខធម្មនុញ្ញអង្គការសហប្រជាជាតិ និងត្រូវគោរពតាមកាតព្វកិច្ចដែលធម្មនុញ្ញនេះបានកំណត់។ កម្ពុជាយល់ច្បាស់អំពីតម្លៃនៃទំនុកចិត្តដោយផ្អែកលើប្រវត្តិសាស្ត្ររបស់ខ្លួនផ្ទាល់ពីព្រោះកម្ពុជាបានឆ្លងកាត់ជម្លោះ ការ​បែកបាក់ របប​ប្រល័យ​ពូជសាសន៍ និងទុក្ខវេទនារបស់ប្រជាជនយ៉ាងធ្ងន់ធ្ងរ អស់រយៈពេលជាច្រើនទសវត្សរ៍។

ប៉ុន្តែ ទីបំផុត កម្ពុជាបានកសាងសន្តិភាពឡើងវិញតាមការសន្ទនា ការកសាងជំនឿទំនុកចិត្ត ព្រមទាំងសេចក្តីក្លាហានផ្នែកនយោ​បាយ និងគតិបណ្ឌិត ដែលស្តែងចេញតាមរយៈ«នយោបាយ ឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដែលបាននាំមកនូវការផ្សះផ្សានិងឯកភាពជាតិ។ បទពិសោធន៍នេះនៅតែជាកត្តាកំណត់លើវិធីសាស្ត្ររបស់កម្ពុជាក្នុងការធ្វើទំនាក់ទំនងអន្តរជាតិ និងការប្តេជ្ញាចិត្តដោះស្រាយជម្លោះដោយសន្តិវិធី រួមទាំងជម្លោះពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃដែរ។ ក្នុងស្មារតីនេះ កម្ពុជាសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសហគមន៍អន្តរជាតិ ដែលបានបន្តយកចិត្តទុកដាក់ ចូលរួមចំណែក និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែងចំពោះជម្លោះនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានរំលេចទៀតថា កិច្ចប្រជុំកំពូល​ហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ខាងមុខ ប្រព្រឹត្តទៅ​ក្រោម​មូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្តិរភាពយូរអង្វែង» ដែលស្របគ្នា​ជាមួយមូលបទនៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំនេះ ពាក់ព័ន្ធនឹងការស្តារទំនុកចិត្ត និងការវិនិយោគឡើងវិញលើសន្តិភាពដែលជាការពង្រឹងគ្នាទៅវិញទៅមក​។ ក្រៅពីលើក​ស្ទួយភាសាបារាំង កម្ពុជាក៏មានបំណងធ្វើឱ្យកិច្ចប្រជុំកំពូលនេះក្លាយជាឱកាស​​នៃការខិតចូល​គ្នារវាងប្រជាជននៃទ្វីបទាំងអស់ជុំវិញតម្លៃរួមគឺ សន្តិភាព សាមគ្គីភាព ការគោរពភាពចម្រុះ ការសន្ទនារវាងវប្បធម៌ ការយោគយល់គ្នាទៅវិញទៅមក​ និងកិច្ចសហប្រតិបត្តិការ។

ដោយឡែក «ទិវាសន្តិភាពអន្តរជាតិ»កាលពីថ្ងៃទី២១ កញ្ញា ឆ្នាំ ២០២៦ ក៏ប្រារព្ធឡើងក្រោមប្រធានបទ «វិនិយោគលើសន្តិភាព៖ សម្រាប់គ្រប់គ្នា គ្រប់ទីកន្លែង និងគ្រប់ពេលវេលា»។ នេះមិនមែនជារឿងចៃដន្យទេដែលសន្តិភាព​បានក្លាយជាមូលបទនៃគ្រប់វេទិកាអន្តរជាតិធំៗបែបនេះ ប៉ុន្តែ វាសបញ្ជាក់ពីសារសំខាន់ និងភាពចាំបាច់ ដែលពិភពលោក​ត្រូវតែផ្តោតការយកចិត្តទុកដាក់ និងវិនិយោគលើសន្តិភាព ហើយដែលបេសកកម្មនេះកម្ពុជាបាន​ធ្វើ​តាំងពីច្រើនទសវត្សរ៍មកហើយនិងបានសម្រេចជោគជ័យទាំងស្រុង​នៅថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈនយោ​បាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។ មកដល់ត្រឹមនេះ គេពិតជាអាចនិយាយបានថា សម្តេច​តេជោ ហ៊ុន សែន មិនត្រឹមតែជាស្ថាបនិកនិងប្រតិបត្តិករសន្តិភាពសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ សម្តេចគឺជាស្ថាបនិកសន្តិភាពសម្រាប់ពិភពលោកទាំងមូលពីព្រោះអ្វីដែលសម្តេចបានធ្វើនិងបានលះបង់ដើម្បីសន្តិភាពនៅកម្ពុជា គឺជាអ្វីដែលពិភពលោកកំពុងត្រូវការបំផុតនាពេលនេះ។

ក្នុងសារ​ឧទ្ទិស​ចំពោះ «ទិវាសន្តិភាពអន្តរជាតិ» សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏​បានរំលេចពីគុណតម្លៃនៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃសន្តិភាព ហើយដែលរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះនេះតាមរយៈការគោរពអធិបតេ​យ្យ ​និងការដោះស្រាយវិវាទដោយសន្តិវិធី ដោយអនុលោម​តាមច្បាប់អន្តរជាតិ ដើម្បីភាពសុខសាន្តរបស់ប្រជាជន។ សម្តេចធិបតីបានគូសបញ្ជាក់ថា បទពិសោធប្រវត្តិសាស្ត្រដ៏ជូរចត់និងស្ថានភាពជាក់ស្តែងនៃពិភពលោកនាពេលបច្ចុប្បន្នបានបង្ហាញ​យ៉ាង​ច្បាស់ថា ច្បាប់អន្តរជាតិមិនអាចធានាសន្តិភាពបានទេប្រសិនបើខ្វះឆន្ទៈនយោបាយពិតប្រាកដ និងការអនុវត្តជាក់ស្ដែងប្រកប​ដោយការប្ដេជ្ញាចិត្តខ្ពស់។

ក្នុងន័យនេះសម្តេចធិបតីបានអំពាវនាវឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នានិង​ចូលរួមដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិដើម្បីកាត់បន្ថយភាពតានតឹងនិងដើម្បីកសាងទំនុកចិត្ត ឈានទៅរកការស្ដារសន្តិភាពនៅតាមព្រំដែនក៏ដូចជាការរួមរស់ប្រកបដោយភាពសុខដុម​រវាងប្រជាជននៃប្រទេសជិតខាងទាំងពីរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia