ព័ត៌មាន
វិទ្យាស្ថាន AVI៖ ប្រាក់ឧបត្ថម្ភជូនពលរដ្ឋក្រីក្រទប់ឡើងថ្លៃប្រេង ជាសំណាញ់សុវត្ថិភាពធានាសន្ដិសុខសេដ្ឋកិច្ច
វិទ្យាស្ថានចក្ខុវិស័យអាស៊ី លើកឡើងថា វិធានការផ្ដល់សាច់ប្រាក់បន្ថែមជូនប្រជាពលរដ្ឋ ក្នុងគ្រួសារក្រីក្រ គឺជាសំណាញ់សុវត្ថិភាព ធានាស្ថិរភាពសន្ដិសុខសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គម ក្នុងគ្រាវិបត្តិឡើងថ្លៃប្រេងជាសកល។
លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) មានប្រសាសន៍ប្រាប់ BTV នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ថា រាជរដ្ឋាភិបាល តែងតែធ្វើកិច្ចអន្ដរាគមន៍ជួយពលរដ្ឋបានទាន់ពេល ពិសេសគឺពលរដ្ឋក្រីក្រ នៅក្នុងស្ថានភាពចាំបាច់។ ជាក់ស្ដែងអំឡុងពេលវិបត្តិឡើងថ្លៃប្រេងជាសកល ដែលកំពុងដាក់សម្ពាធលើជីវភាពពលរដ្ឋ វិធានការផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែម ជូនពលរដ្ឋក្រីក្រ ពិតជាមានសារៈសំខាន់ ក្នុងការធានាសន្ដិសុខសេដ្ឋកិច្ចគ្រួសារពលរដ្ឋក្រីក្រ និងសន្ដិសុខសេដ្ឋកិច្ចសង្គម។
លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ៖«រាល់ការអន្ដរាគមន៍របស់រដ្ឋាភិបាល ជាពិសេសជួយដល់ប្រជាពលរដ្ឋក្រីក្រនៅស្ថានភាពចាំបាច់ គឺជាលក្ខណៈយុទ្ធសាស្រ្ដរបស់រដ្ឋាភិបាល នៅក្នុងការធ្វើយ៉ាងណា ឱ្យប្រជាជនយើងហ្នឹង បានទទួលនូវការឧបត្ថម្ភមួយចំនួន ជួយសម្រួលបន្ទុក បន្ទុកដែលកើតចេញពី ផលវិបាក នៃជម្លោះវិបត្តិទាំងអស់នោះ។ ដូច្នេះជារួមខ្ញុំអាចឆ្លើយតបាន ថា គឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាឱ្យរក្សាបាននូវស្ថិរភាព ផ្នែកសន្ដិសុខសេដ្ឋកិច្ចដល់គ្រួសារជនក្រីក្រ។ ហើយធ្វើយ៉ាងណាធ្វើឱ្យមានលំនឹង ស្ថិរភាពនៅក្នុងសេដ្ឋកិច្ចសង្គម ទី១ គឺសេដ្ឋកិច្ចគ្រួសារ ទី២ គឺសេដ្ឋកិច្ចសង្គមដែលរួមចំណែកទៅដល់ការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទន្ទឹមពេលដែលទំនិញឡើងថ្លៃ និងការអាក់ខានផ្នែកសេដ្ឋកិច្ច។ យើងឃើញហើយថ្មីៗនេះ ប្រេងសាំង ឧស្ម័ន ហ្គាស ក៏ឡើងថ្លៃដែរ តម្លៃឡើងចុះៗ វាប៉ះពាល់ដល់សុខភាពសេដ្ឋកិច្ចគ្រួសារង និងសង្គម ដែលយើងហៅថា Social Economic Health។ ដូច្នេះយើងចង់និយាយថា ជាការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ទោះបីជាការប្រកាសចេញដំបូងមក យើងឃើញថា មានតែ ៤ខែក៏ពិតមែន ក៏ប៉ុន្ដែរដ្ឋាភិបាល នឹងយកចិត្តទុកដាក់បន្តទៀត ដូចកន្លងមកអញ្ចឹង ដូចសម័យកូវីដជាដើម»។
សូមជម្រាបជូនថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានសម្រេចផ្ដល់សាច់ប្រាក់ឧបត្ថម្ភ បន្ថែមជូនប្រជាពលរដ្ឋ ក្នុងគ្រួសារក្រីក្រ និងងាយរងហានិភ័យ ទប់ទល់សម្ពាធឡើងថ្លៃប្រេង រយៈពេល ៤ខែក្នុងឆ្នាំ២០២៦នេះ ដោយចាប់ផ្ដើមបើកផ្ដល់ជូនសាច់ប្រាក់ លើកទី១ ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ និង ៣លើកទៀត ធ្វើឡើង ក្នុងមួយខែម្ដង។ ការបើកសាច់ប្រាក់នេះ ធ្វើឡើងតាមបញ្ជោរវីង នៅទូទាំងប្រទេស ដែលសាម៉ីខ្លួន ត្រូវទៅបើកដោយខ្លួនឯង និងភ្ជាប់ទៅនូវអត្តសញ្ញាណបណ្ណ និងបណ្ណសម្គាល់គ្រួសារក្រីក្រ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ដែលរង កម្មវិបាក ពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ទនៈ គឺជាវិធានការ កសាងប្រព័ន្ធគាំពារសង្គមឱ្យកាន់តែរឹងមាំ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យមានលក្ខណៈបរិយាបន្ន និងការអភិវឌ្ឍដោយចីរភាព៕ អត្ថបទ ៖ លៀ ស៊ីណា







-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា5 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន7 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ