ព័ត៌មាន
កម្លាំងនគរបាលត្រៀមលក្ខណៈរួចរាល់ការពារសន្តិសុខក្នុងដំណើការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត
ស្នងការនគរបាលជាតិ បានត្រៀមលក្ខណៈរួចរាល់ ការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងមានសុវត្ថិភាព ក្នុងដំណើរពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ឧត្តមសេនីយ៍ទោ កង បូផា អនុប្រធានសេនាធិការដ្ឋាន នៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានផ្តល់បទសម្ភាសជាមួយBTVថា អគ្គស្នងការនគរបាលជាតិ បានរៀបចំកងកម្លាំងនគរបាលរួចរាល់នៅទូទាំងប្រទេសកម្ពុជា ក្នុងនោះនៅប៉ុស្តិ៍នគរបាលជាង ១ពាន់៦រយ និងអធិការដ្ឋានស្រុក/ខណ្ឌចំនួនជាង២០០ ដើម្បីធានាការពារសន្តិសុខសណ្តាប់ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦។ ការថ្លែងយ៉ាងដូច្នេះ ធ្វើក្នុងពេលឧត្តមសេនីយ៍ទោ កង បូផា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ការងារសន្តិសុខ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ និងសភាពការណ៍ទូទៅ មុនចាប់ផ្តើមដំណើការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលរៀបចំដោយ គ.ជ.ប ក្រោមអធិបតីភាព ឯកឧត្តម សោម សូរីដា សមាជិក គ.ជ.ប ស្ថិតនៅទីស្តីការ គ.ជ.ប រាជធានីភ្នំពេញ។
នៅក្នុងកិច្ចសម្ភាសជាមួយ BTV ឧត្តមសេនីយ៍ទោ កង បូផា បន្តថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ គឺមានសារៈសំខាន់ណាស់សម្រាប់ពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ក្នុងការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០២៧ខាងមុខនេះ ដូច្នេះហើយខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងពលរដ្ឋមានអាយុ១៨ឆ្នាំឡើង មិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោត ក្នុងករណីពលរដ្ឋខ្មែរមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលជាឯកសារដ៏សំខាន់មួយសម្រាប់ទៅចុះឈ្មោះបោះឆ្នោត គឺពលរដ្ឋអាចទៅធ្វើនៅប៉ុស្តិ៍នគរបាល តាមឃុំ សង្កាត់ និងអធិការដ្ឋានស្រុក/ខណ្ឌជាដើម។

ឯកឧត្តម សោម សូរីដា សមាជិក គ.ជ.ប បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាបានសម្រេចបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហៅកាត់ «គ.ស.អ» ជាសេនាធិការ ដើម្បីបញ្ជាដឹកនាំកិច្ចការពារ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្រប់នីតិកាល និងអាណត្តិ ឱ្យប្រព្រឹត្តទៅប្រកបដោយសន្តិសុខ មានសណ្តាប់ធ្នាប់ របៀបរៀបរយ និងមានសុវត្ថិភាព គ្មានការភ័យខ្លាច គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សាផ្សេងៗ។ សមាសភាពនៃ គ.ស.អ រួមមាន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាប្រធាន អនុប្រធានចំនួន ៤រូប ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងយុត្តិធម៌ និងមានសមាជិកជាច្រើនរូបដែលជាថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ រួមទាំងអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ជាសមាជិកផងដែរ។

គួរបញ្ជាក់ដែរថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ/សង្កាត់ ទូទាំងប្រទេសកម្ពុជា មានរយៈពេល៥៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០៧ ខែតុលា រហូតដល់ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២៦។ ការបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ មានគោលបំណងឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មកពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនឡើងវិញ។ ប្រសិនបើទិន្នន័យក្នុងបញ្ជីបោះឆ្នោតមិនត្រឹមត្រូវតាមទិន្នន័យក្នុងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព សាមីខ្លួនអាចស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ ឬអាចប្តូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ ឬផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតចំពោះអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ។ រីឯពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង មិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អាចទៅចុះឈ្មោះនៅតាមឃុំ/សង្កាត់ក្នុងមូលដ្ឋានរស់នៅ ដោយភ្ជាប់ទៅជាមួយអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោត៕ អត្ថបទ៖ទូច សោភ័ណ






-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា5 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា6 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង