ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៖ សមិទ្ធផលដែលកម្ពុជាមានសព្វថ្ងៃនេះ មិនអាចកាត់ផ្ដាច់ពីគុណបំណាច់របស់និវត្តជន
ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា សមិទ្ធផលដែលកម្ពុជាមាននាពេលបច្ចុប្បន្ន និងបន្តអភិវឌ្ឍន៍ឲ្យរីកចម្រើនតទៅមុខ មិនអាចកាត់ផ្ដាច់បានឡើយ ពីគុណបំណាច់របស់និវត្តន៍ជនកម្ពុជា ដែលបានលះបង់នាពេលកន្លងមក ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយនិវត្តជនក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា ក្នុងឱកាសបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១០៧៩ ថ្នាក់ដឹកនាំកម្ពុជា ក៏ដូចជានិវត្តជនក្នុងវិស័យនានា បានខិតខំកសាងប្រទេសពីបាតដៃទទេ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ដោយឡែកក្នុងវិស័យរ៉ែ និងថាមពល ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ។
ឯកឧត្តមបានបន្តថា ចំពោះវិស័យរ៉ែ និងថាមពលនេះ ដែលជាសមិទ្ធផលបន្សល់មកពី និវត្តជន គឺធ្វើឲ្យកម្ពុជាមានស្ថិរភាពលើការផ្គត់ផ្គង់អគ្គិសនី ប្រជាពលរដ្ឋមានភ្លើងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ បើទោះបីជាលែងនាំចូលពីប្រទេសថៃ ដែលបង្កឡើងដោយជម្លោះព្រំដែន ខណៈចំណូលបានមកពីវិស័យរ៉ែ និងថាមពល ក៏បានរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ។
ជាមួយនេះ ឯកឧត្តម កែវ រតនៈ ក៏បានថ្លែងអំណរគុណដល់និវត្តជន ដែលបានខិតខំប្រឹងប្រែងបំពេញការងារនាពេលកន្លងមក ហើយបានធ្វើឲ្យវិស័យរ៉ែ និងថាមពល ទទួលបានសមិទ្ធផលជាផ្លែផ្កា និងជាទីមោទនក្នុងពេលបច្ចុប្បន្ននេះ ។
ក្នុងពេលចូលរួមពិធីសំណេះសំណាលនេះ និវត្តជនអគ្គិសនីកម្ពុជា លើកឡើងថា ការជួបសំណេះសំណាលប្រចាំឆ្នាំ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល បានបង្ហាញពីការយកចិត្តទុកដាក់ ចំពោះនិវត្តជន ហើយកាន់តែធ្វើឲ្យពួកគាត់មានសង្ឃឹមលើថ្នាក់ដឹកនាំ និងថា ការប្រឹងប្រែងរបស់ពួកគាត់នាពេលកន្លងមក ពិតជាមានតម្លៃ ។
ឯកឧត្តម ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា មានប្រសាសន៍ថា ការជួបជុំនិវត្តជនរបស់អគ្គិសនីកម្ពុជា បានរៀបចំធ្វើឡើងមានចំនួន ១១លើករួចមកហើយ ដោយឡែកសម្រាប់ការប្រារព្ធធ្វើនៅឆ្នាំនេះ មានចំនួន៦៨៩នាក់ (ស្ត្រី៩៧នាក់) ដែលការជួបជុំនេះ ក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ទំនាក់ទំនង រវាងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយ ក្នុងវិស័យអគ្គិសនី ជាពិសេសដឹងគុណ ពីការចូលរួមចំណែកកសាងអគ្គិសនីកម្ពុជា របស់រៀមច្បងដែលបានបំពេញភារកិច្ចកសាងវិស័យនេះ ពីចំណុចចាប់ផ្ដើមរហូតដល់មានការីកចម្រើន និងផ្គត់ផ្គង់ទូទាំងប្រទេសដូចបច្ចុប្បន្ននេះ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ុយ សែម តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ ក៏បានអំពាវនាវដល់និវត្តជនទាំងអស់ សូមបន្តថែរក្សាសុខភាព ដើម្បីបានបន្តឃើញនូវសមិទ្ធផលបន្ថែមទៀត របស់អ្នកបន្តវេនជំនាន់ក្រោយ ដែលបានខិតខំកសាងប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ៕ អត្ថបទ បាន សុខរិទ្ធិ




-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ