Connect with us

ព័ត៌មាន

សែលកាត ចុះ MoU ជាមួយ Huawei ក្នុងទំហំទឹកប្រាក់ ៣០០លានដុល្លារគាំទ្រលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលជំនាន់ថ្មី

ភ្នំពេញ៖ ក្រុមហ៊ុន សែលកាត ដែលជាប្រតិបត្តិករទូរគមនាគមន៍ឌីជីថលរបស់កូនខ្មែរ និងជាក្រុមហ៊ុន បុត្រសម្ព័ន្ធ

របស់​ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (CamGSM PLC) នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាយុទ្ធសាស្ត្រ ជាមួយក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុន​បច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសចិន ក្នុងទំហំទឹកប្រាក់​វិនិយោគប្រមាណ ៣០០លានដុល្លារអាម៉េរិកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដើម្បីគាំទ្រលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលជំនាន់ថ្មី, ប្រព័ន្ធភ្ជាប់ទំនាក់ទំនងកម្រិតខ្ពស់, បញ្ញាសិប្បនិម្មិត (AI) សេវា Cloud, និងការធ្វើទំនើបកម្មបណ្តាញទូទាំងប្រទេស។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានមានប្រសាសន៍ថា អស់រយៈពេលបីទសវត្សរ៍មកនេះ ការវិនិយោគនៅក្នុងក្រុមហ៊ុន សែលកាត គឺជាការវិនិយោគលើអនាគតឌីជីថលរបស់ប្រទេសកម្ពុជា។ នៅថ្ងៃនេះ ក្រុមហ៊ុនកំពុងពន្លឿនដំណើររបស់ប្រទេសឆ្ពោះទៅកាន់ទំព័រឌីជីថលបន្ទាប់។ ការប្តេជ្ញាចិត្តបន្ថែមនូវទឹកប្រាក់ ៣០០ លានដុល្លារអាម៉េរិកនេះ បានឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ក្រុមហ៊ុន​លើអនាគតរបស់កម្ពុជា និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធានាថា ប្រជាជន និងអាជីវកម្មកម្ពុជាអាចទទួលបានហេដ្ឋារចនាសម្ព័ន្ធឌីជីថលកម្រិតពិភពលោក។

អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា៖ «តាម​រយៈការរួមបញ្ចូលគ្នារវាងការយល់ដឹងស៊ីជម្រៅពីអ្នកប្រើប្រាស់នៅកម្ពុជារបស់ ក្រុមហ៊ុន សែលកាត ជាមួយនឹងជំនាញបច្ចេកវិទ្យាសកលរបស់ Huawei យើងមានគោលបំណងកសាងគ្រឹះឌីជីថលកាន់តែរឹងមាំ ដែលអនុញ្ញាតឱ្យមានការបង្កើតថ្មី គាំទ្រដល់កំណើនសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗសម្រាប់ជំនាន់ក្រោយរបស់យើង»។​

ចំណែក លោក ម៉ានូ រ៉ាចាន់ (Manu Rajan) អគ្គនាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន សែលកាត និងក្រុមហ៊ុនក្នុងវិស័យឌីជីថល ទំនាក់ទំនង និងបច្ចេកវិទ្យានៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍នេះគឺធំធេងមិនត្រឹមតែការទំនើបកម្មបណ្តាញប៉ុណ្ណោះ ប៉ុន្តែយើង​កំពុងកសាងវេទិកាឌីជីថលសម្រាប់អនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។ ការវិនិយោគបន្ថែមក្នុងទំហំទឹកប្រាក់​ ៣០០ លានដុល្លារអាម៉េរិក នឹងធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាទាំងមូល បណ្តាញអ៊ីនធឺណិតខ្សែកាបិ៍អុបទិកនៅតាមផ្ទះរបស់ប្រជាពលរដ្ឋ មជ្ឈមណ្ឌលទិន្នន័យ ហេដ្ឋារចនាសម្ព័ន្ធ AI cloud និងប្រព័ន្ធ ដែលប្រើប្រាស់ដើម្បីគ្រប់គ្រងបទពិសោធអតិថិជន។ មហិច្ឆតារបស់យើងគឺច្បាស់លាស់ ក្រុមហ៊ុន សែលកាត មានបំណងនាំយកការបង្កើតថ្មី ជាមួយបច្ចេកវិទ្យាជឿនលឿនជូនដល់ប្រជាជនកម្ពុជាគ្រប់រូប និងធ្វើឱ្យការភ្ជាប់ទំនាក់ទំនងកាន់តែលឿន បទពិសោធកាន់តែប្រសើរនិងហេដ្ឋារចនាសម្ព័ន្ធកាន់តែរឹងមាំ។ នេះគឺជាវិធីដែលយើងពង្រឹងការសន្យារបស់ក្រុមហ៊ុនរបស់យើង «នៅក្បែរអ្នកជានិច្ច» ឱ្យក្លាយជាការពិតប្រកបដោយមោទនភាពជាខ្មែរ និងប្តេជ្ញាចិត្តចំពោះអនាគតឌីជីថលរបស់កម្ពុជា»។

លោក វ៉ាង ស៊ី (Wang Xu) ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍មានប្រសាសន៍ថា៖ «ក្រុមហ៊ុន Huawei មានមោទនភាពយ៉ាងខ្លាំងក្នុងការរឹតចំណងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររបស់យើងជាមួយក្រុមហ៊ុន សែលកាត ក្នុងខណៈពេលដ៏សំខាន់នៃការអភិវឌ្ឍឌីជីថលរបស់កម្ពុជា។ តាមរយៈការរួមបញ្ចូលគ្នានូវការបង្កើតថ្មីនៅទូទាំងបច្ចេកវិទ្យា 5G, បណ្តាញអុបទិក មជ្ឈមណ្ឌលទិន្នន័យ Cloud បញ្ញាសិប្បនិម្មិត បទពិសោធអតិថិជន និងបច្ចេកវិទ្យាបណ្តាញ យើងរំពឹងយ៉ាងមុតមាំក្នុងការគាំទ្រក្រុមហ៊ុន សែលកាត រួមជាមួយ ក្រុមហ៊ុនបុត្រសម្ព័ន្ឋផ្សេងទៀតរបស់ RGC ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏ទូលំទូលាយ និងត្រៀមខ្លួនជាស្រេចសម្រាប់អនាគត។ យើងមានជំនឿរួមគ្នាថា បច្ចេកវិទ្យាជឿនលឿនបង្កើតបានជារបស់ដែលមានតម្លៃបំផុត នៅពេលវាជួយកែលម្អជីវភាពរស់នៅរបស់ប្រជាជន ពង្រឹងអាជីវកម្ម និងគាំទ្រដល់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព»។

ក្រោម​កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនេះ បាននាំក្រុមហ៊ុន សែលកាត បោះជំហានមួយដ៏ធំគាំទ្រទៅលើការអភិវឌ្ឍបណ្តាញទូរស័ព្ទចល័ត,បណ្តាញអ៊ីនធឺណិត, មជ្ឈមណ្ឌលទិន្នន័យ, វេទិកាបញ្ញាសិប្បនិម្មិត (AI) និង Cloud, បទពិសោធអតិថិជនដ៏ប្រសើរ និងប្រតិបត្តិការបណ្តាញ ដែលប្រើប្រាស់ ថាមពលកាន់តែមានប្រសិទ្ធភាព នៅក្រោមចក្ខុវិស័យរួមគ្នាតែមួយ។ ការបោះទុនវិនិយោគ ៣០០ បន្ថែមនេះ បាននាំឱ្យទំហំវិនិយោគសរុបកើនដល់ ៥.៦ប៊ីលានដុល្លារអាម៉េរិក ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ៕អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia