Connect with us

ព័ត៌មាន

សហជីពឯកភាពគ្នាតែមួយតួលេខ ស្នើសុំដំឡើង១៥ដុល្លារលើប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត២១០ដុល្លារ

ក្រោយឆ្លងកាត់កិច្ចប្រជុំពិភាក្សាជាច្រើនលើក ច្រើនសារកន្លងមកនេះ ភាគីសហជីពតំណាងកម្មករនិយោជិត ដែលធ្លាប់មានតួលេខពីរផ្សេងគ្នា នៅពេលនេះបានបោះឆ្នោតសម្រេចឯកភាពគ្នាមកត្រឹម តួលេខតែមួយគឺ ២២៥ដុល្លារអាម៉េរិក ដោយស្នើដំឡើង ១៥ដុល្លារ លើប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្ន ដើម្បីជាមូលដ្ឋានរួមមួយក្នុងការចរចាត្រីភាគី។

លោក គឹម ចាន់សំណាង ភាគីសហជីពតំណាងកម្មករនិយោជិត បានឱ្យដឹងថា ការសម្រេចចិត្តបង្រួមមកត្រឹមតួលេខតែមួយនេះ គឺធ្វើឡើងតាមរយៈការប្រជុំផ្ទៃក្នុង ការពិនិត្យលើលក្ខណៈវិនិច្ឆ័យនានា និងយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមាតាមច្បាប់។ ការកំណត់តួលេខនេះ គឺបានគិតគូរយ៉ាងល្អិតល្អន់ដោយផ្អែកលើលក្ខណវិនិច្ឆ័យទាំងកត្តាសង្គម និងកត្តាសេដ្ឋកិច្ច របស់កម្មករនិយោជិត ព្រមទាំងការរក្សាស្ថិរភាពការងារ និងភាពប្រកួតប្រជែងនៃវិស័យផលិតកម្មនៅកម្ពុជា ធៀបនឹងបណ្តាប្រទេសក្នុងតំបន់ដែលមានប្រាក់ឈ្នួលប្រហាក់ប្រហែល ឬទាបជាង។

តំណាងកម្មករនិយោជិតដដែលនេះ បានសង្កត់ធ្ងន់ថា ភាគីសហជីពប្តេជ្ញា នឹងគោរពលទ្ធផលដែលកើតចេញពីការបោះឆ្នោតត្រីភាគីនាខាងមុខនេះ ហើយនឹងចូលរួមជាមួយរដ្ឋាភិបាល និងភាគីនិយោជក ក្នុងការបំភ្លឺពន្យល់ដល់កម្មករនិយោជិតឱ្យបានយល់ច្បាស់ ព្រមទាំងបន្តខិតខំបំពេញការងារទៅមុខទៀត។

ពាក់ព័ន្ធនឹងដំណើរការចរចានេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានមានប្រសាសន៍បញ្ជាក់ថា តាមរយៈកិច្ចប្រជុំត្រីភាគីលើកទី៤កន្លងទៅ ភាគីទាំងពីរនៅមានគោលជំហរខុសគ្នានៅឡើយ ដោយភាគីនិយោជកស្នើសុំរក្សាតួលេខនៅដដែលចំនួន ២១០ដុល្លារ សម្រាប់ឆ្នាំ២០២៧ ដោយសារនិយោជកបានឧបត្ថម្ភ ២,៥ដុល្លារ សម្រាប់ថ្លៃធ្វើដំណើរជាប្រចាំកាលពីខែមីនា កន្លងទៅ។ ដោយឡែក ភាគីសហជីពតំណាងកម្មករនិយោជិត បានយកតួលេខដែលជាសំឡេងភាគច្រើននៃផ្ទៃក្នុងរបស់ខ្លួន គឺ ២២៥ដុល្លារ មកធ្វើជាគោលជំហរចុងក្រោយ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ដោយសារនៅមានគម្លាត និងភាគីនីមួយៗបានបញ្ជាក់ថាជាគោលជំហរចុងក្រោយ យោងតាមច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិនឹងកំណត់ការបោះឆ្នោតនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ខាងមុខ ដើម្បីគាំទ្រលើតួលេខណាមួយដែលស្នើឡើងដោយភាគីទាំងពីរ។

សូមជំរាបជូនថា ការកំណត់ប្រាក់ឈ្នួលអប្បបរមាវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នៅឆ្នាំនេះបានកត់សម្គាល់ឃើញថា មានសភាពតានតឹងជាងឆ្នាំកន្លងៗទៅ ដោយសារបញ្ហាវិបត្តិសេដ្ឋកិច្ចសាកល។ ហើយការដំឡើងប្រាក់ឈ្នួលនីមួយៗ គឺជាត្រូវទាមទារឱ្យមានការគិតគូរយ៉ាងហ្មត់ចត់លើផលប៉ះពាល់ជុំវិញខ្លួនផងដែរ។ និយាយជារួម បើសិនជាការដំឡើងប្រាក់ឈ្នួលខ្ពស់ពេកហួសពីលទ្ធភាពរបស់ម្ចាស់រោងចក្រ នឹងធ្វើឱ្យថ្លៃដើមផលិតកម្មកើនឡើង ដែលអាចរុញច្រានឱ្យវិនិយោគិនដកខ្លួនទៅរកប្រទេសផ្សេង នាំឱ្យមានការបិទរោងចក្រ និងបាត់បង់ការងារធ្វើរបស់កម្មករនិយោជិត៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia