Connect with us

ព័ត៌មាន

ក្រសួងការងារ ប្រកាសបើកការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី១០ ចាប់ពីថ្ងៃទី២៩ កញ្ញា​នេះតទៅ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៩ ខែកញ្ញានេះ បាន​ប្រកាស​បើក​ការ​ប្រកួត​ប្រជែង​ជំនាញ​ថ្នាក់ជាតិកម្ពុជា លើកទី១០ ឆ្នាំ២០២៦ លើមុខជំនាញចំនួន១២ ក្រោម​អធិបតី​ភាព​​របស់ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ក្នុង​គោល​បំណង​ដើម្បី​លើកក​ម្ពស់​កម្រិត​ជំនាញ​បច្ចេក​ទេស ​និងវិជ្ជាជីវៈរបស់យុវជនកម្ពុជាឱ្យស្របតាមស្តង់ដារតំបន់ និងអន្តរជាតិ។

កម្មវីធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី១០ នេះ នឹងធ្វើឡើងរយៈពេល ៥ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី​២៩ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅក្នុងបរិវេណ​សួន​អប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ។ មុខជំនាញទាំង១២ ដែលត្រូវដាក់​ឱ្យ​ប្រកួត​ប្រជែង ​រួមមាន៖ ១. ជំនាញតបណ្តាញអគ្គិសនី ២. ជំនាញផ្សារ ៣. ជំនាញរៀបឥដ្ឋ៤. ជំនាញ​រៀប​ការ៉ូ ​៥. ជំនាញខ្សែបណ្តាញព័ត៌មាន ៦. ជំនាញរចនាក្រាហ្វិក ៧. ជំនាញរចនាគេហទំព័រ ៨. ជំនាញ​សរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច ៩. ជំនាញ 3D Digital Game Art ១០. ជំនាញ Digital Construction ១១. ជំនាញមេកាត្រូនិក និង១២. ជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម។

នៅក្នុងឱកាសបើកកម្មវិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានលើកឡើងដោយសង្ឃឹមថា តាម​រយៈ​កម្ម​វិធីប្រកួតប្រជែងថ្នាក់ជាតិឆ្នាំនេះ នឹងក្លាយជាចលករ​មួយ​ដើម្បី​រុញ​ការ​អភិវឌ្ឍន៍​ជំនាញ​ឱ្យបាន​កា​ន់តែលឿន កាន់តែទូលាយ ហើយក្លាយទៅជាឆ្អឹងខ្នងមួយនៅក្នុងការ​ពន្លឿន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និងឧស្សាហកម្មកម្ពុជា។ បន្ថែមពីនេះសង្ឃឹមទៀតថា យុវជននឹងអាច​ដក​ស្រង់​បទ​ពិសោធន៍ ហើយចែករំលែកជាមួយបទពិសោធន៍ដើម្បីឱ្យសិស្សរួមថ្នាក់ រួមសាលា ឬមួយសិស្ស​ប្អូន​របស់​ខ្លួន យល់អំពីបច្ចេកវិទ្យាគន្លឹះនៃការប្រកួតប្រជែងជំនាញ ហើយធ្វើឱ្យប្អូនៗ ក្មួយៗ ជំនាន់​ក្រោយ ដែលជាសិស្សប្អូន កាន់តែយល់ច្បាស់អំពីគន្លឹះនៃការប្រកួតប្រជែង វិធីសាស្រ្ត​ដែល​នាំ​ទៅរ​កភាពជោគជ័យក្នុងការប្រកួតប្រជែងសមត្ថភាពនេះកាន់តែល្អប្រសើរ។         សូមជំរាបជូនថា ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី១០ ឆ្នាំ២០២៦ សម្រាប់​បេក្ខជន​ដែល​ទទួលបានជ័យលាភីមេដាយ នឹងមានឱកាសតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមការប្រកួតប្រជែងជំនាញលំដាប់តំបន់អាស៊ាន (ASEAN Skills Competition) និងកម្រិតពិភពលោក (WorldSkills Competition) នាពេលខាងមុខ។ ការរៀបចំការប្រកួតប្រជែងជំនាញនេះ មិនត្រឹមតែជាវេទិកាបង្ហាញពីសមត្ថភាព និងទេពកោសល្យដ៏អស្ចារ្យរបស់យុវជនកម្ពុជានោះទេ ប៉ុន្តែ ក៏ជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជំរុញ និងអភិវឌ្ឍធនធានមនុស្ស ផ្នែកវិស័យបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ឱ្យកាន់តែមានសក្តានុពលខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល និងការរីកចម្រើននៃសេដ្ឋកិច្ចជាតិ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia