Connect with us

ព័ត៌មាន

តំណាងអយ្យការ ចោទប្រកាន់លើបុគ្គលឈ្មោះ ឡាយ សុខគង់ ជាអ្នកផ្តល់សេវាប្តូរប្រាក់គ្រីបតូ បម្រើ​សកម្មភាពមេ Online Scams លើ ៤បទល្មើសធំៗ

ភ្នំពេញ៖ តំណាង​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទ​ប្រកាន់​លើ​បុគ្គល​ឈ្មោះ ឡា​យ សុខគង់ (LAY SOKONG) ដែលជាអ្នកផ្តល់សេវាប្តូរប្រាក់គ្រីបតូ បម្រើ​សកម្ម​ភាព​មេ​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ៤បទល្មើស សមគំនិតក្នុងអំពើ​សូក​ប៉ាន់,​ សមគំនិតក្នុងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, សមគំនិតក្នុងអំពើរៀបចំ ឬដឹកនាំ​មជ្ឈ​មណ្ឌល​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, បើកអាជីវកម្មបប្តូរប្រាក់ និងផ្ទេរប្រាក់ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ធនាគារជាតិ និងបទសម្អាតប្រាក់។

អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ BTV នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះថា តំណាងអយ្យការបានសម្រេចចោទប្រកាន់លើឈ្មោះ ឡាយ សុខគង់ (LAY SOKONG) តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៣៨០៤ អ.យ.ត ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើសូកប៉ាន់, សមគំនិត​ក្នុង​អំពើ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា , សមគំនិតក្នុងអំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា, បើកអាជីវកម្មបប្តូរប្រាក់ និងផ្ទេរប្រាក់ដោយគ្មានការអនុញ្ញាតពីធនាគារជាតិ និង​បទសម្អាតប្រាក់ តាមមាត្រា ២៩ និងមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៣២ នៃច្បាប់​ស្តីពី​ការ​ប្រឆាំងអំពើពុករលួយ, មាត្រា ៥ មាត្រា ៦ និងមាត្រា ៩ នៃច្បាប់ស្តីពីការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា, មាត្រា ៥ និងមាត្រា ២១ នៃច្បាប់ស្តីពីការគ្រប់គ្រងការប្តូរប្រាក់ និង​មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវកម្ម។

អ្នកនាំ​អង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងថា ក្នុងករណីឃុំព្រែកខ្សាច់ មេខ្លោង​ចិន​អន​ឡាញ​ស្គេម​ដ៏​តូច​មួយ​នេះប្រើប្រាស់គ្រីបតូប្រភេទ USDT របស់ TOKEN POCKET (TP) ហើយ​បុគ្គល​ជា ​VASP (1) គឺ ឡាយ សុខគង់។

មេអនឡាញហ្គេម ឈ្មោះហៅក្រៅ ត្រងោល – ឈ្មោះក្នុងបញ្ជីរបស់ក្រុមឆបោក គឺ ឆៃ យ៉ូវយៀន Cai You Yuan ហើយឈ្មោះពិតប្រាកដគឺ ចាង ចៀនឈាំង Zhang Jian Qiang ត្រូវ​បាន​រក​ឃើញ​មាន​ប្រើ​គណនី គ្រីបតូប្រភេទប្រាក់ USDT ហើយ ឡាយ សុខគង់ ក៏មានគណនី​គ្រីប​តូ​ប្រភេទ​ USDT (ប្រភេទប្រាក់គ្រីបតូថេរ – 1USDT = 1USD) ដែរ។

មេអនឡាញហ្គេមឈ្មោះ ត្រងោល – ឈ្មោះផ្សេងទៀត ឆៃ យ៉ូវយៀន Cai You Yuan/ ឈ្មោះ ចាង ចៀនលាំង Zhang Jian Qiang (ឈ្មោះក្នុងលិខិតឆ្លងដែន និងអត្ត​សញ្ញា​ណ​បណ្ណជ​ន​ជាតិ​ចិន) មាន គណនីប្រាក់គ្រីបតូច្រើនជាង ១០ គណនីដែលក្នុងនោះ អ.ប.ព. រកឃើញថា៖ ការ​ប្រើ​ប្រាក់​គ្រីបតូ (USDT) ឱ្យប្តូរជាប្រាក់ពិតជាដុល្លារអាមេរិក (USD) (1USDT = 1USD) ឬជា​ប្រាក់ យ៉ន់ចិន (1USDT = 6.7 យ៉ន់ចិន) ហើយឱ្យអ្នកប្តូរលុយនេះផ្ញើជាប្រាក់ដុល្លារអាមេរិក ឬ​លុយ​យ៉ន់​ចិនឱ្យអ្នកដែល ឆៃ យ៉ូវយៀន ចង់បញ្ជូនឱ្យ ឬត្រូវចំណាយឱ្យសម្រាប់ទិញទំនិញ ដឹក​ជញ្ជូន បង់ថ្លៃសេវា និងប្រាក់ពុករលួយ ដូចជា ករណី ឆៃ យ៉ូវយៀន ត្រូវបង់​ឱ្យ​មន្ត្រី​នគរបាល​អន្តោ​ប្រវេសន៍ ភេ ផាត់ផេង ឬ បង់ប្រាក់ឱ្យមេឃុំ រៀម រុំ ជាដើម គឺពេលផ្ទេរប្រាក់ពី ឆៃ យ៉ូវយៀន ហើយ​មិន​ត្រូវមើលឃើញថា ប្រាក់ នេះចេញពី ឆៃ យ៉ូវយៀនទេ។

ឧទាហរណ៍ ឆៃ យ៉ូវយៀន ឱ្យប្រាក់គ្រីបតូទៅ ឡាយ សុខគង់ (ម្ចាស់តូប ប្តូរប្រាក់ សុខគង់ 148) ហើយ ឡាយ សុខគង់ យកប្រាក់ដុល្លារតាមគណនីស្របច្បាប់របស់ខ្លួនផ្ញើឱ្យ រៀម រុំ។

ក្រៅ​ពី​នេះ យើងរកឃើញទៀតថា ចំណូលដែល ឆៃ យ៉ូវយៀន ទទួលបាន ឆៃ យ៉ូវយៀន ផ្ទេរ​ទៅ​តាម​ គណនីគ្រីបតូឱ្យមេធំ (កាបូបប្រាក់គ្រីបតូឈ្មោះ OKX Hot Wallet 8) ហើយ អ.ប.ព. បាន​ឃើញ​មាន​ ទឹកប្រាក់ 250,605,000 USDT (ស្មើ 250,605,000 ដុល្លារអាមេរិក) (2)។

ភស្តុតាង​នេះ​បង្ហាញថា ប្រាក់បានពីអំពើឆបោក ៩០% ត្រូវផ្ទេរចេញ​តាម​គ្រីប​តូ​ទៅ​ក្រៅ​ប្រទេ​ស​ភ្លាម​ៗ ​មិនមានបន្សល់នៅកម្ពុជានោះទេ។ ប្រាក់ចាយវាយ និងនៅសល់នៅកម្ពុជា ត្រឹមរាប់​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ដែលយើងអាចចាប់យកបាន (រឹបអូស) ប្រសិនបើយើងរកឃើញ។

អំពីឈ្មោះ ឡាយ សុខគង់ ដែលជាអ្នកទទួលប្តូរប្រាក់គ្រីបតូ និងដុល្លារអាមេរិក ប្រាក់យ៉ន់ចិនឱ្យ ឆៃ យ៉ូវយៀន តាមគណនីគ្រីបតូ (រាល់ការផ្ទេរប្រាក់គណនីគ្រីបតូ តាមបញ្ញត្តិរបស់ធនាគារជាតិ គឺខុស ច្បាប់) ហើយប្រើគណនីប្រាក់ដុល្លារពិតនៅធនាគារស្របច្បាប់ដើម្បីបញ្ជូនប្រាក់ទៅឱ្យ រៀម រុំ និង គោលដៅផ្សេងទៀតដែល ឆៃ យ៉ូវយៀន ចង់បញ្ជូនទៅ។

ឈ្មោះ​ពិត និងឈ្មោះបានប្រើ ឡាយ សុខគង់ Lay Sokong, SOKONG148-ប្តូរប្រាក់, Licensed FX, Sokong, ថ្ងៃមុខនៅវែងឆ្ងាយទៀត (ឈ្មោះនេះប្រើក្នុង WeChat), SK, U1, U2, U3, U4 (ឈ្មោះ U1 ដល់ U4 នេះ ប្រើក្នុងគណនីគ្រីបតូ Token Pocket, SK148 (ឈ្មោះ​នេះ​ប្រើក្នុង​គណ​នី គ្រីបតូ Token Pocket – ឈ្មោះ ស៊ូ ជើង ឈ្មោះជាភាសាចិន) – ជើងស៊ូ (ឈ្មោះប្រើ​ក្នុង​ក្រុម​អន​ឡាញ ហ្គេមរបស់ ឆៃ យ៉ូវយៀន ដែលមាន ៤ នាក់ ដែលមាន ឡាយ សុខគង់ – ឆៃ យ៉ូវយៀន និងចិន ២ នាក់ ទៀត)។

ក្រុម ៤នាក់នេះ ដាក់ឈ្មោះថា OD ជិញស៊ូ – លុយសសុទ្ធ – ធានាយូរអង្វែង) ឡាយ សុខគង់ បច្ចុប្បន្ន​មានអាយុ ២៥ ឆ្នាំ កម្រិតវប្បធម៌ថ្នាក់ទី ៩ – ឆ្នាំ ២០១៨ ដល់ ២០២០ រៀនភាសា​ចិន​នៅ ​សាលាទួនហ្វា និងអង់គ្លេសនៅសាលា Standford International Academy។ មុខរបរការងារ បុគ្គលិកបិទក្រដាសជញ្ជាំងផ្ទះ – ឆ្នាំ ២០២០-២០២១ ធ្វើជាអ្នក​បក​ប្រែភា​សា​ចិន​។ ​តាំងពីឆ្នាំ ២០២៤ ដល់ បច្ចុប្បន្ន ម្ចាស់តូបប្តូរប្រាក់យីហោ សុខ គង់ 148 ក្នុងបុរីប៉េងហួត បឹង​ស្មោ សង្កាត់និរោធ ខណ្ឌច្បារ អំពៅ រាជធានីភ្នំពេញ៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia