ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ជួបសំណេះសំណាលនិវត្តន៍ជននៅក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងខេត្តកំពង់ស្ពឺ ជួបសំណេះសំណាលជាមួយនិវត្តជនដែលមកពីគ្រប់ស្ថាប័ន មន្ទីរ អង្គភាពលើកទី៣ ប្រចាំឆ្នាំ២០២៦ ប្រមាណ ២១១៤នាក់ ក្នុងបរិវេណសាលាខេត្តកំពង់ស្ពឺ។
ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា បើគ្មានការចូលរួមពីនិវត្តជន ប្រទេសជាតិក៏មិនអាចអភិវឌ្ឍទៅមុខបានពេញលេញ និងមានចីរភាពនោះទេ ដោយនិវត្តជន គឺជាប្រភពធនធានមនុស្សដ៏មានតម្លៃ និងជាឃ្លាំងនៃចំណេះដឹង បទពិសោធន៍ និងប្រាជ្ញាស្មារតី ដែលបានឆ្លងកាត់ការអនុវត្តការងារជាក់ស្តែងជាច្រើនទសវត្សរ៍ ។ ដូច្នេះចាស់ព្រឹទ្ធាចារ្យទាំងអស់ជានិវត្តជនគ្រប់ៗរូប ជាកម្លាំងចលករដ៏មានសារៈសំខាន់ របស់ប្រទេសជាតិ ក្នុងការចូលរួមការពារសន្តិភាព ដែលជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ។
ឯកឧត្តម បានបន្ថែមថា គុណបំណាច់នៃការរួមចំណែករបស់និវត្តន៍ជន ដែលតស៊ូធ្វើពលិកម្មក្នុងគ្រប់សម័យកាល ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំនាន់ក្រោយបានចងចាំ និងកត់ត្រាទុកជាប្រវត្តិសាស្រ្ត ព្រមទាំងប្ដេជ្ញាបន្តពូនជ្រំ ការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើន សម្រាប់អ្នកជំនាន់ក្រោយ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា មួយវិញទៀតក្នុងនាមប្រធានក្រុមការងារ និងអាជ្ញាធរខេត្ត ក៏បានប្តេជ្ញាបន្តការប្រារព្ធពិធីសំណេះសំណាល ជាមួយនិវត្តន៍ជនជារៀងរាល់ឆ្នាំដើម្បីបង្ហាញពីការដឹងគុណ និងរម្លឹកពីស្នាដៃរបស់អតីតមន្ត្រីរាជការ ឬបុគ្គលិកដែលបានចូលនិវត្តន៍ ពិសេសបង្កើនភាពស្និទ្ធិស្នាលរវាងក្មេងជំនាន់ក្រោយ ដែលក្នុងនាមអ្នកមានកម្លាំង និងស្គាល់ផ្លូវជាមួយមនុស្សចាស់ ជាអ្នកមានបទពិសោធន៍ ហើយជាងនេះក៏បង្កឱកាសជូននិវត្តន៍ជនបានជួបប្រាស្រ័យទាក់ទងគ្នា សំណេះសំណាលគ្នាទៅវិញទៅមក ក្នុងន័យបង្កើននូវភាពស្និទ្ធស្នាលក្រោយពួកគាត់បានចូលនិវត្តន៍ទៅ ។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានលើកឡើងអំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា និងការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺគ្រប់គោលនយោបាយ និងគ្រប់សកម្មភាពរបស់រាជរដ្ឋាភិបាល គឺធ្វើឡើងដើម្បីតែផលប្រយោជន៍ជាតិ ថែរក្សាការពារស្ថិរភាព បូរណភាព ឯករាជ្យ សន្តិភាព និងការអភិវឌ្ឍន៍ជាតិ ។ លោកក៏បានទទូចសុំឱ្យនិវត្តជនទាំងអស់បន្តថែរក្សាសុខភាពឱ្យបានល្អ ដើម្បីអាចមានឱកាសផ្តល់នូវបទពិសោធន៍ និងមើលឃើញនូវសមិទ្ធផលថ្មីៗបន្ថែមទៀត របស់អ្នកបន្តវេនជំនាន់ក្រោយ ដែលបានខិតខំ និងបន្តកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន ។
ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ការជួបសំណេះសំណាលប្រចាំឆ្នាំ ពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហាញពីការយកចិត្តទុកដាក់ ចំពោះនិវត្តន៍ជន ហើយកាន់តែធ្វើឱ្យពួកគាត់មានសង្ឃឹមនិងកាន់តែជឿជាក់លើថ្នាក់ដឹកនាំនិងថាការប្រឹងប្រែងរបស់ពួកគាត់ នាពេលកន្លងមក ពិតជាមានតម្លៃ ហើយរំពឹងថាការការសំណេះសំណាលឆ្នាំក្រោយៗទៀត និងបន្តផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយលើគ្រប់វិស័យ ដើម្បីបំពេញបន្ថែមលើភារកិច្ចថ្មីៗ ពីចំណុចចាប់ផ្ដើមរហូតទទួលបានជោគជ័យ ពិសេសនាំខេត្តកំពង់ស្ពឺទាំងមូលកាន់តែរីកចម្រើនបន្ថែមទៀត ៕ អត្ថបទ បាន សុខរិទ្ធិ








-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង