Connect with us

ព័ត៌មាន

ក្រុមលេខាធិការ RBC យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ជួប​ប្រជុំ​ក្រៅ​ផ្លូវ​ការ​នៅ​ច្រក​អន្តរជាតិជាំ-សាង៉ាំ ជំរុញការអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ វេលាម៉ោង ១១:០០នាទីព្រឹក នៅ​ច្រក​អន្តរជាតិ​ជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រុមលេខាធិការ នៃគណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា-ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បាន​ជួប​ប្រជុំ​ក្រៅ​ផ្លូវ​ការ​។ នេះបើតាម អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា។

បើតាមអ្នកនាំពាក្យ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធាន​លេខាធិការ (RBC) ភាគីកម្ពុជា និងគណៈប្រតិភូថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាត វ៉ាផាន់ស៊ុ ប្រធានលេខាធិការ (RBC ) ភាគីថៃ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅតបតាមការអញ្ជើញរបស់ក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងមានការចូលរួមសង្កេតការណ៍ ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ប្រចាំរបស់ភាគីទាំងពីរផងដែរ។

អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បញ្ជាក់ថា ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហានានាឈានទៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក។

អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia