ព័ត៌មាន
ក្រសួងការងារ និងសេវាកម្មវាយតម្លៃសកល AQA នៃចក្រភពអង់គ្លេស ចុះ MoU ពង្រឹងភាពជាដៃគូអភិវឌ្ឍជំនាញ និងការពង្រឹងគុណភាព TVET ដើម្បីលើកកម្ពស់ជំនាញកម្លាំងពលកម្មស្របតាមតម្រូវការឧស្សាហកម្ម និងបច្ចេកវិទ្យា
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ស៊ន ក្រូលី (Shaun Crowley) នាយកទទួលបន្ទុកកិច្ចការអន្តរជាតិនៃស្ថាប័នសេវាកម្មវាយតម្លៃសកល AQA (AQA Global Assessment Services) នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីផ្លាស់ប្តូរយោបល់លើការអភិវឌ្ឍវិស័យ TVET តាមរយៈការអភិវឌ្ឍកញ្ចប់ស្តង់ដាបណ្តុះបណ្តាល, ការវាយតម្លៃ និងធានាគុណភាព TVET, និងការបង្កើតបណ្តាញទំនាក់ទំនងរវាងគ្រឹះស្ថាន TVET នៅកម្ពុជា និងចក្រភពអង់គ្លេស ព្រមទាំងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ស៊ន ក្រូលី និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ AQA ក្នុងការបង្កើតភាពជាដៃគូជាផ្លូវការនេះ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យ TVET នៅកម្ពុជា។ លើសពីនេះ ភាពជាដៃគូនេះក៏ជាសក្ខីភាពមួយទៀតនៃសមិទ្ធផលដ៏សំខាន់នៃទំនាក់ទំនងនៃប្រទេសទាំងពីរ។ ឯកឧត្តមបានកោតសរសើរចំពោះឆន្ទៈរបស់ AQA ក្នុងកិច្ចខិតខំប្រឹងប្រែងនាំយកស្តង់ដានៅចក្រភពអង់គ្លេសមកចែករំលែកនៅកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា ការចូលរួមរបស់ស្ថាប័នអប់រំលំដាប់អន្តរជាតិរបស់ចក្រភពអង់គ្លេស គឺជាការរួមចំណែកដ៏សំខាន់មួយទៀតក្នុងការលើកកម្ពស់គុណភាព TVET និងស្តង់ដាជំនាញនៅកម្ពុជា ព្រមទាំងបង្កើនទំនុកចិត្តដល់ប្រជាជន និងនិយោជកលើជំនាញដែលទទួលបានតាមរយៈកម្មវិធី TVET។ ឯកឧត្តមរដ្ឋមន្រ្តីជឿជាក់ថា ការបន្តកិច្ចសន្ទនា និងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគ្នានឹងអាចប្រែក្លាយ MoU ទៅជាសកម្មភាពជាក់ស្តែងសម្រាប់ឧត្តមប្រយោជន៍រួម។ ឯកឧត្តមបានគូសបញ្ជាក់ពីការត្រៀមខ្លួនជាសម្រេចក្នុងការបន្តពង្រឹងឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូនេះ ហើយក៏នៅមានវិស័យជាច្រើនទៀតដែលអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នានាពេលអនាគត។
ជាការឆ្លើយតប លោក ស៊ន ក្រូលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តីក្នុងកិច្ចពិភាក្សាប្រកបដោយផលិតភាព និងបានសម្តែងសេចក្តីរីករាយចំពោះការចុះហត្ថលេខាលើ MoU នេះ ដែលលោកចាត់ទុកថា ជាសមិទ្ធផលដ៏សំខាន់ ហើយជាចំណុចចាប់ផ្តើមសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ដែលបន្តពង្រឹងសមិទ្ធផលដែលកម្ពុជាសម្រេចបានក្នុងវិស័យ TVET នាពេលបច្ចុប្បន្ន។ លោកមានប្រសាសន៍ថា ការអភិវឌ្ឍស្តង់ដា ការអភិវឌ្ឍគុណវុឌ្ឍិ និងការកសាងសមត្ថភាព គឺជាវិស័យសំខាន់ៗដែល AQA អាចចូលរួមគាំទ្រដោយផ្អែកលើបទពិសោធរបស់ខ្លួនក្នុងការអនុវត្តនៅប្រទេសនានា៕












-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច