Connect with us

ព័ត៌មាន

ព្រះសង្ឃវត្តស្រះចក សហការចម្អិនអាហារចែកជូនអាណាព្យាបាល និងកុមារស្នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុបា្ជ

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកញ្ញានេះ ព្រះសង្ឃវត្តវិមានតេជះ ហៅវត្តស្រះចក នៅរាជធានីភ្នំពេញ បានសហការរៀបចំចម្អិនអាហារ ដែលបានមកពីភាពសំបូរហូរហៀរនៃការធ្វើបុណ្យកាន់បិណ្ឌរបស់ប្រជាពលរដ្ឋតាមវេណនីមួយៗ យកទៅចែកជូនអាណាព្យាបាល និងកុមារកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ជា។

ព្រះលេខាវត្តវិមានតេជះ ព្រះនាម អ៊ីន អូន មានដីកាថា ក្នុងរយៈពេលការរៀបចំពិធីបុណ្យកាន់បិណ្ឌចំនួន៤ថ្ងៃមកនេះ នៅតាមវេណកាន់បិណ្ឌនីមួយៗ គឺមានប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយជាច្រើន បាននាំគ្នារៀបចំអាហារចង្ហាន់ និងខ្លះមាននាំជាមួយនូវអង្ករ មី ត្រីខ ទឹកអ៊ីវ និងថវិកាមួយចំនួនទៀត ប្រគេនព្រះព្រះសង្ឃ ដើម្បីធ្វើបុណ្យឧទ្ទិសកុសលផលបុណ្យជូនបងប្អូនសាច់ញ្ញាតិប្រាំពីរសន្តានរបស់ខ្លួន ដែលបានចែកឋានទៅលោកខាងមុខ។

ព្រះតេជគុណ អ៊ីន អូន មានដីកាបន្តថា តាមរយៈការទទួលបានអាហារចង្ហាន់ និងគ្រឿងទេយ្យទានដែលមានភាពបបូរហូរហៀរនេះ ត្រូវបានព្រះព្រះសង្ឃ រៀបចំបែងចែកដែលមួយចំណែករៀបចំចម្អិនជាអាហារបបរពេលព្រឹកយកចែកជូនអាណាព្យាបាល និងកុមារកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរគន្ធបុប្ជា ហើយទេយ្យទានមួយចំណែករៀបចំទុកដាក់ ត្រៀមធ្វើជាអំណោយផ្តល់កាកបាទក្រហមកម្ពុជា យកទៅចែកជូនពលរដ្ឋជួបការរងគ្រោះទឹកជំនន់ និងវីរៈកងទ័ពខ្មែរកំពុងឈរជើងការពារទឹកដីតាមតំបន់ព្រំដែនជាជាដើម។

ពលរដ្ឋមន្ទីរពេទ្យគន្ធបុបា្ជ បានថែ្លងអំណរគុណព្រះព្រះសង្ឃវត្តស្រះចក ដែលជារៀងរាល់ឆ្នាំ នៅពេលធ្វើពិធីបុណ្យកាន់បិណ្ឌ គេតែងតែឃើញមានការៀបចំចម្អិនអាហារ ពេលខ្លះឃើញមាននាំនំនែក បង្អែម ផ្លែឈើ ចែកជូនអាណាព្យាបាល និងកុមារ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ជា។

ពលរដ្ឋក៏មានការស្នើសុំព្រះព្រះសង្ឃតាមវត្តអារ៉ាមផ្សេងទៀត គួរមានរៀបចំអាហារចង្ហាន់នានា ដែលនៅសល់ និងគ្រឿងទេយ្យទាននានាទៀត មានភាពបបូរសំបូរហូរហៀរ នៅវត្ត រៀបចំបែងចែកធ្វើជាអំណោយចែកជូន កុមារកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ ចែកជូនសមាគមន៍ មណ្ឌលកុមារកំព្រា ជនពិការ ជនរងគ្រោះដោយហេតុផ្សេងៗ ជាពិសេសនាំយកទៅជូនជនភៀសសឹក វរៈកងទ័ពតាមតំបន់ព្រំដែន ក៏ដូចពលរដ្ឋខ្មែរនានាទៀត ដែលកំពុងជួបគ្រោះទឹកជំនន់ជាដើម ចៀសវាងម្ហូបអាហារ នំ បង្អែមផ្លែឈើដែលសល់ចង្ហាន់ ត្រូវទុកខូចគុណភាពបោះបង់ចោល។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងធម្មជាតិ និងសាសនា បានឲ្យដឹងថា នៅគ្រប់ទីវត្តអារ៉ាម នៅទូទាំងប្រទេសកម្ពុជា ប្រារព្វពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ក្នុងគោលបំណងសំខាន់ បង្កើនកិច្ចសាមគ្គីភាពពលរដ្ឋនៅក្នុងសង្គម បង្ហាញភាពសំបូរហូរហៀរនៃភោគផល ក៏ដូចជាសម្តែងនូវកតញ្ញូកតវេទិតាធម៌ ចំពោះបុព្វការីជន មានមាតិបិតា គ្រូឧបជ្ឈាយាចារ្យ និងធ្វើបុណ្យឧទ្ទិសមហាកុសលជូនដល់ញ្ញាតិការ៧សន្តានរបស់គេ ហើយបើវត្តទទួលបានទេយ្យទាន មានភោជនាហារ ចំណីជាដើម លើសពីសេចក្តីតម្រូវការ គួរចាត់រៀបចំចាត់ចែងជាអំណោយចែកជូនជួយដល់ជនភៀសសឹក ចាស់ជរាគ្មានទីពឹង ជនពិការ កុមារកំព្រា និងជនរងគ្រោះដោយហេតុផលទៀតជាដើម។អត្ថបទស៊ុម សុខជា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia