Connect with us

ព័ត៌មាន

វត្តអារាមបន្តយកចិត្តទុកដាក់លើការរក្សាអនាម័យ ក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ

ភ្នំពេញ៖ ការរក្សាអនាម័យនៅក្នុង និងជុំវិញបរិវេណវត្ត ត្រូវបានយកចិត្តទុកដាក់ ដើម្បីធានាបាននូវបរិស្ថានស្អាត និងមានសោភ័ណភាព ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ខណៈដែលប្រជាពលរដ្ឋពុទ្ធបរិស័ទយ៉ាងច្រើនកុះករបន្តទៅកាន់វត្តអារាម ដើម្បីប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃ។

ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ៤ ត្រូវនឹងថ្ងៃទី៣០ខែកញ្ញានេះ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជាច្រើនបាននាំគ្នាទៅកាន់វត្តអារាម ដើម្បីប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃ ព្រមទាំង ធ្វើបុណ្យកុសលតាមប្រពៃណីព្រះពុទ្ធសាសនា។ ស្របពេលដែលមានការជួបជុំគ្នាយ៉ាងច្រើនកុះករ ការរក្សាអនាម័យនៅក្នុង និងជុំវិញបរិវេណវត្តអារាម គឺជាកត្តាសំខាន់ ដើម្បីរក្សាបរិស្ថានឱ្យបានស្អាត និងបង្កលក្ខណៈងាយស្រួលដល់ពុទ្ធបរិស័ទដែលមកចូលរួមក្នុងពិធីបុណ្យ។

ប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្ត ដែលបានយកចង្ហាន់ និងទេយ្យទានទៅប្រគេនព្រះសង្ឃនៅវត្តមហាមន្រ្តី ក្នុងឱកាសបុណ្យកាន់បិណ្ឌ ៤ បានកោតសរសើរថា បរិវេណវត្តមានសោភ័ណភាពស្អាត និងមានអនាម័យល្អ ធ្វើឱ្យពុទ្ធបរិស័ទមានអារម្មណ៍ស្រស់ស្រាយ និងរីករាយក្នុងការមកធ្វើបុណ្យ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋពុទ្ធបរិស័ទ ក៏បានចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដោយងាកមកប្រើប្រាស់កន្ត្រកសម្រាប់ដាក់ចង្ហាន់ និងទេយ្យទាន ក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីចូលរួមថែរក្សាអនាម័យ និងបរិស្ថាននៅតាមវត្តអារាម។

ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ក្រសួងបរិស្ថានបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួម ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ថែរក្សាអនាម័យ បរិស្ថាន ដើម្បីបង្កើនភាពស្អាតនៅតាមសហគមន៍ និងលើកកម្ពស់សុខភាពសាធារណៈ។

ក្រសួងបរិស្ថាន ក៏បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អ្នកពាក់ព័ន្ធ និងសាធារណជន ចូលរួមអនុវត្តសកម្មភាព ដើម្បីភាពស្អាត ភាពបៃតង នៅកម្ពុជា តាមរយៈចូលរួម រៀបចំ និងទុកដាក់សំរាម សំណល់រឹង ឱ្យបានស្អាត ពេលទៅវត្តអារាម ឬទីតាំងកម្សាន្តផ្សេងៗនិងថែរក្សាអនាម័យនៅតាមទីវត្តអារាម និងរមណីយដ្ឋានសាធារណៈ ដើម្បីមូលដ្ឋាន វត្តអារាម និងបរិស្ថានស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក ព្រមទាំង ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងបន្តអនុវត្តតាមគោលការណ៍ 4Rs (បដិសេធ កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃ)៕អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia