ព័ត៌មាន
សម្ដេចធិបតី៖ ប្រាក់ឈ្នួលគោលរួមប្រាក់អត្ថប្រយោជន៍ផ្សេងទៀតឆ្នាំ២០២៧ កម្មករនិយោជិត ត្រូវទទួលបានចន្លោះពី ២៣១,៥ដុល្លារ ដល់ ២៤២,៥ ដុល្លារក្នុងមួយខែ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ញើសារជូនជនរួមជាតិនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះថា សម្រាប់ឆ្នាំ២០២៧ខាងមុខនេះ ប្រាក់ឈ្នួលគោលដែលជាផលបូកនៃប្រាក់ឈ្នួលអប្បបរមា និងប្រាក់អត្ថប្រយោជន៍ ដែលបងប្អូនកម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ត្រូវទទួលបានពិតប្រាកដ គឺស្ថិតក្នុងចន្លោះពីចំនួន ២៣១,៥ដុល្លារអាម៉េរិក ដល់ ២៤២,៥ដុល្លារអាម៉េរិក ក្នុងមួយខែ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានចេញសារបញ្ជាក់បែបនេះ បន្ទាប់ពី កិច្ចប្រជុំ ពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧បានបញ្ចប់នៅថ្ងៃត្រង់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ក្នុងនោះ សម្ដេចធិបតីបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្ដេចបានតាមដាន និងទទួលបានរបាយការណ៍បច្ចុប្បន្នភាពជាបន្តបន្ទាប់ អំពីវឌ្ឍនភាពនៃការពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ពីឯកឧត្តម ហេង សួរ ដែលជារដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។
សម្ដេចបានមានប្រសាសន៍ថា យោងតាមគោលជំហរចុងក្រោយរបស់តំណាងភាគីនិយោជក និងតំណាងភាគីបងប្អូនកម្មករនិយោជិត និងយោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា សម្ដេចបានសម្រេចឱ្យបន្ថែមតួលេខ ២ដុល្លារអាម៉េរិក លើតួលេខ ២១០ដុល្លារអាម៉េរិក ដែលសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាភាគច្រើនបានគាំទ្រ។ ទន្ទឹមនឹងនេះ សម្ដេចក៏បានឯកភាពរក្សា «ប្រាក់ឧបត្ថម្ភបណ្តោះអាសន្នលើសោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅ» ចំនួន ២,៥ដុល្លារអាម៉េរិក ក្នុងមួយខែ ទៅអនុវត្តបន្តនៅឆ្នាំ២០២៧នេះ ស្របតាមស្មារតីនៃកិច្ចប្រជុំកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ផងដែរ។ អត្ថប្រយោជន៍ផ្សេងៗទៀត ក៏ត្រូវបានរក្សាជូនបងប្អូនផងដែរ។
សម្ដេចធិបតីថ្លែងថា៖«ដូច្នេះ សម្រាប់ឆ្នាំ២០២៧ខាងមុខនេះ ប្រាក់ឈ្នួលគោល ដែលជាផលបូកនៃប្រាក់ឈ្នួលអប្បបរមា និងប្រាក់អត្ថប្រយោជន៍ ដែលបងប្អូនកម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ត្រូវទទួលបានពិតប្រាកដ គឺស្ថិតក្នុងចន្លោះពីចំនួន ២៣១,៥ដុល្លារអាម៉េរិក ដល់ ២៤២,៥ដុល្លារអាម៉េរិក ក្នុងមួយខែ»។
តាមរយៈសារផ្ញើជូនជនរួមជាតិ សម្ដេចធិបតី បានអរគុណដល់សមាជិក នៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលបានខិតខំប្រជុំពិភាក្សាគ្នាប្រកបដោយវិជ្ជាជីវៈ ក្នុងស្មារតីរួម គឺគិតគូរដល់ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតផង ភាពប្រកួតប្រជែងរបស់ជាតិផង និងលទ្ធភាពនៃការបង្កើតការងារថ្មីជូនយុវជន និងសមាជិកគ្រួសារនៃបងប្អូនកម្មករនិយោជិតយើងផង។ រាជរដ្ឋាភិបាលនឹងខិតខំដាក់ចេញវិធានការផ្សេងទៀត ដើម្បីរក្សាលំនឹងជីវភាពរបស់បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ ហើយក៏នឹងខិតខំកែសម្រួលបរិយាកាសវិនិយោគ និងគាំទ្រដល់ការអភិវឌ្ឍផលិតផលក្នុងស្រុក ដើម្បីបង្កើនភាពប្រកួតប្រជែង និងទាក់ទាញវិនិយោគបន្ថែម។
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិកំពុងខិតចូលមកដល់ក្នុងពេលខាងមុខនេះ សម្ដេចធិបតី យកឱកាសនេះជូនពរ បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ