Connect with us

ព័ត៌មាន

ប្រាក់ឈ្នួលគោលកម្មករកាត់ដេរឆ្នាំ២០២៧កើនដល់ ២១២ដុល្លារ និងបន្តរក្សាប្រាក់​ឧបត្ថម្ភ​បណ្តោះ​អាសន្ន​លើសោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅ ២,៥ដុល្លារ

ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ ត្រូវបានកំណត់ជាផ្លូវការចំនួន ២១២ដុល្លារអាម៉េរិក បន្ទាប់ពីទទួលបានការសម្រេចឱ្យបន្ថែម ២ដុល្លារ ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមា នាព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ឱ្យដឹងថា យោងតាមគោលជំហរចុងក្រោយរបស់តំណាងភាគីនិយោជក និង​តំណាងភាគីកម្មករនិយោជិត និងយោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា សម្ដេចធិបតី​បាន​សម្រេច​ឱ្យ​បន្ថែមតួលេខ ២ដុល្លារអាម៉េរិក លើតួលេខ ២១០ដុល្លារអាម៉េរិក ដែលសមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់ឈ្នួលអប្បបរមាភាគច្រើនបានគាំទ្រ។ បន្ថែមពីនេះ សម្ដេចក៏បានឯកភាពរក្សាប្រាក់​ឧបត្ថម្ភបណ្តោះអាសន្នលើសោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅ ចំនួន ២,៥ដុល្លារអាម៉េរិក ក្នុង​មួយខែ ទៅអនុវត្តបន្តនៅឆ្នាំ២០២៧នេះ ស្របតាមស្មារតីនៃកិច្ចប្រជុំកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ផងដែរ។ ដោយឡែក អត្ថប្រយោជន៍ផ្សេងៗទៀត ក៏ត្រូវបានរក្សាជូនកម្មករនិយោជិតផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានបញ្ជាក់បន្ថែមថា សរុបសេចក្តីមក សម្រាប់ឆ្នាំ២០២៧ខាងមុខនេះ ប្រាក់ឈ្នួលគោល ដែលជាផលបូកនៃប្រាក់ឈ្នួលអប្បបរមា និងប្រាក់អត្ថប្រយោជន៍ ដែលកម្មករនិយោជិត ត្រូវទទួលបានពិតប្រាកដ គឺស្ថិតក្នុងចន្លោះពីចំនួន ២៣១,៥ដុល្លារអាម៉េរិក ដល់ ២៤២,៥ដុល្លារអាម៉េរិក ក្នុងមួយខែ។

ពាក់ព័ន្ធលទ្ធផលប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ អ្នកឧកញ៉ា ណាងសុធី តំណាងភាគីនិយោជក និងលោក គឹម ចាន់សំណាង ភាគីសហជីពតំណាងកម្មករនិយោជិត បានសម្តែងការអបអរសាទរ និងអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលមានការយកចិត្តទុកដាក់ និងគិតគូរខ្ពស់ជានិច្ចទៅដល់កម្មករនិយោជិត ក៏ដូចជាអ្នកវិនិយោគក្នុងវិស័យកាត់ដេរនេះ។

សូមជំរាបជូនថា តួលេខប្រាក់ឈ្នួលអប្បបរមាថ្មីចំនួន ២១២ដុល្លារនេះ នឹងត្រូវចូលជាធរមានអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧តទៅ។ ក្រៅពីប្រាក់ឈ្នួលអប្បបរមា កម្មករនិយោជិតទទួលបានបន្ថែមនូវប្រាក់ប្រយោជន៍ផ្សេងៗជាទៀត ដូចជារង្វាន់ធ្វើការទៀងទាត់ ,ប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅ , ប្រាក់រង្វាន់អតីតភាពការងារ , ថ្លៃបាយធ្វើការថែមម៉ោង និងប្រាក់ឈ្នួលធ្វើការថែមម៉ោង។ ក្រៅពីនេះ កម្មករនិយោជិត ក៏ទទួលបានផលប្រយោជន៍ពីកម្មវិធីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ផងដែរ ក្នុងករណីជាសមាជិក ប.ស.ស ដូចជា ផ្នែកថែទាំសុខភាពនិងគ្រោះថ្នាក់ការងារ និងរបបប្រាក់សោធនជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia