Connect with us

ព័ត៌មាន

កាកបាទក្រហមកម្ពុជា លើកកម្ពស់ការយល់ដឹងពី «ម ស្មើ ម» និងជំងឺមិនឆ្លង ដល់យុវជន

កាកបាទក្រហមកម្ពុជា បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី «ការ​លើក​កម្ពស់​ការ​យល់​ដឹង​ខ្លឹម​សារ ​ម ស្មើ ម និងគោលដៅ ៩៥-៩៥-៩៥ នៃមេរោគអេដស៍/ជំងឺអេដស៍នៅកម្ពុជា» ក្នុង​គោល​បំណង​បង្កើនការយល់ដឹងដល់ស្រទាប់ យុវជន សិស្ស-និស្សិត និងសាធារណជន ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវគោលដៅ បញ្ចប់ការរាតត្បាតជំងឺអេដស៍នៅកម្ពុជាត្រឹមឆ្នាំ២០២៨។

កម្មវិធីនេះបានប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំ «A» ទីស្នាក់​ការ​កណ្តាល កាកបាទក្រហមកម្ពុជា ក្រោមវត្តមានលោកជំទាវ មែន នារីសោភ័គ អគ្គ​លេខា​ធិការ​រង​ទី១ កាកបាទក្រហមកម្ពុជា និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងយុវជន សិស្ស-​និស្សិត ប្រមាណ ២០០នាក់។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដែលស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងការថែទាំសុខភាពមាតា និងទារក កន្លងមកនៅក្នុងពិធីនេះ ការអប់រំផ្សព្វផ្សាយ បានផ្តោតសំខាន់លើ «គោលដៅ ៩៥-៩៥-៩៥» ដែលបច្ចុប្បន្ន កម្ពុជាសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ៖ ទី១៖ ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍ បានដឹងពីស្ថានភាពរបស់ខ្លួន (កម្ពុជាសម្រេចបាន ៩៥%) ទី២៖ ៩៥% នៃអ្នកដឹងពីស្ថានភាព បានទទួលការព្យាបាលដោយឱសថ ប្រឆាំងមេរោគអេដស៍ (កម្ពុជាសម្រេចបានលើស ៩៨%) និងទី៣៖ ៩៥% នៃអ្នកទទួលការព្យាបាល មានបរិមាណមេរោគក្នុងឈាមត្រូវទប់ស្កាត់ ឬហៅថា “ម ស្មើ ម” (កម្ពុជាសម្រេចបាន ៩៨%)។

លោកបណ្ឌិត វ៉ា សុភ័ក្រ្ត លេខាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានឱ្យដឹងថា៖ ពាក្យថា «ម ស្មើ ម» ឬ (U=U) មានន័យថា «មិនអាចរាប់មេរោគអេដស៍បាន = មិនអាចចម្លងទៅដៃគូបាន»។ នៅពេលដែលអ្នកផ្ទុកមេរោគអេដស៍ប្រកាន់ខ្ជាប់នូវការព្យាបាល ដោយលេបថ្នាំប្រឆាំងមេរោគអេដស៍ (ARV) បានត្រឹមត្រូវ និងទៀងទាត់ កម្រិតមេរោគក្នុងឈាមនឹងធ្លាក់ចុះដល់កម្រិតទាបបំផុត ដែលមិនអាចចម្លងទៅកាន់ដៃគូបានឡើយ។ លើសពីនេះ យុទ្ធនាការ «ម ស្មើ ម» លើកទី៦ នឹងត្រូវរៀបចំឡើងយ៉ាងអធិកអធម នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីបន្តទាក់ទាញការយកចិត្តទុកដាក់ និងលើកទឹកចិត្តឱ្យអ្នកសង្ស័យ ប្រញាប់មកធ្វើតេស្ត និងទទួលការព្យាបាល។

ជាពិសេស នៅក្នុងអង្គពិធីទាំងមូល ក៏មានការចែករំលែកបទពិសោធន៍ជាក់ស្តែងពី លោកស្រី ព្រំ ដាលីស អ្នកគ្រប់គ្រងកម្មវិធីបណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍ (CPN+) ដែលជាអ្នកទទួលផលត្រង់ ពីការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ (ARV) រហូតទទួលបានលទ្ធផល «ម ស្មើ ម»។ ការចែករំលែកនេះបានផ្តល់នូវការយល់ដឹងកាន់តែច្បាស់ ការលើកទឹកចិត្ត និងការបាត់បង់ការរើសអើង ចំពោះអ្នករស់នៅជាមួយមេរោគអេដស៍ នៅក្នុងសង្គម។

ក្រៅពីបញ្ហាមេរោគអេដស៍ អង្គពិធីក៏បានលើកឡើងអំពីការបង្ការ «ជំងឺមិនឆ្លង (NCDs)» ដូចជា ជំងឺបេះដូង សរសៃឈាម មហារីក ផ្លូវដង្ហើមរ៉ាំរ៉ៃ និងទឹកនោមផ្អែម ដែលកំពុងបង្កការគំរាមកំហែង និងជាមូលហេតុនៃការស្លាប់ជាង ៥០% នៅកម្ពុជា។ អង្គការសុខភាពពិភពលោក (WHO) បានដាស់តឿនឱ្យប្រជាពលរដ្ឋ ផ្លាស់ប្តូរទម្លាប់រស់នៅដោយត្រូវហាត់ប្រាណ ជាប្រចាំ បន្ថយការហូបចុក ផ្អែម ប្រៃ ខ្លាញ់ គ្រឿងស្រវឹង និងបារី ដើម្បីរក្សាសុខភាពឱ្យបានល្អប្រសើរ។

នៅចុងបញ្ចប់នៃកម្មវិធី ក៏មានពិធីប្រគល់ប័ណ្ណថ្លែងអំណរគុណ និងវត្ថុអនុស្សាវរីយ៍ជូនចំពោះ លោកស្រី ព្រំ ដាលីស សម្រាប់ការចែករំលែកបទពិសោធន៍ដ៏មានតម្លៃ។ ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំក៏បានប្រគល់ប័ណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍ជូនដល់ យុវជន សិស្ស-និស្សិត ចំនួន ១០រូប ដែលបានចូលរួមយ៉ាងសកម្ម និងឡើងឆ្លើយសំណួរបានយ៉ាងល្អប្រសើរ ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។ កម្មវិធីនេះត្រូវបានបញ្ចប់ទៅដោយបរិយាកាសស្និទ្ធស្នាល រួមជាមួយនឹងការថតរូបអនុស្សាវរីយ៍រួមគ្នារ វាងថ្នាក់ដឹកនាំ និងយុវជនសិស្ស-និស្សិតទាំងអស់។ កាកបាទក្រហមកម្ពុជា នៅតែបន្តអំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមលុបបំបាត់ការរើសអើង និងយកចិត្តទុកដាក់លើសុខភាព៕ អត្ថបទ៖ សំ ងីម

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia