Connect with us

ព័ត៌មាន

ថ្នាក់ដឹកនាំ បុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ន កាន់វេនបិណ្ឌទី៥ នៅវត្តកោះនរា

ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ដែលមាន​ប្រជា​ពុទ្ធ​បរិស័ទ​ច្រើន​កុះ​ករ​យក​ចង្ហាន់​ ទេយ្យទានប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសដល់បុព្វការីជន ញាតិកា វីរយុទ្ធជន​ដែល​បាន​ចែក​ឋាន​, ​នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែ​តុលា​ ឆ្នាំ២០២៦ ចំវេនបិណ្ឌទី៥ ថ្នាក់ដឹកនាំ និងបុគ្គលិក​នៃអ​គ្គ​នាយកដ្ឋាន​វិទ្យុ​និង​ទូរ​ទស្សន៍​បាយ័ន​ បានចូលរួមកាន់បិណ្ឌនៅវត្តជោតរតនៈសីលាកោះនរា ស្ថិតនៅភូមិកោះនរា សង្កាត់​និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ថ្នាក់ដឹកនាំ បុគ្គលិក ក្រុមការងារគ្រប់ផ្នែកនៃអគ្គនាយកដ្ឋានវិទ្យុ វេរបច្ច័យ ទេយ្យទាន ចង្ហាន់ ប្រគេនព្រះសង្ឃ ដឹកនាំដោយលោក James Mu នាយកប្រតិបត្តិ តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​លោក​ជំទាវ ​ហ៊ុន ម៉ាណា អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ន និង​​លោក​ស្រី ស្បោង សំបូរ ប្រធានរដ្ឋបាល។

ព្រះគ្រូចៅអធិការ នៅវត្តជោតរតនៈសីលាកោះនរា បានមានសង្ឃដីកា ថ្លែង​អំណរ​គុណ​ដល់​លោក​ជំទាវ​អគ្គ​នាយិកា អគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ន និងបុគ្គលិកគ្រប់ផ្នែក​ទាំង​អស់​របស់​គ្រួសារ​បាយ័ន តែងតែកាន់វេនរាល់ឆ្នាំនៅវត្តកោះនរា រៀបចំចង្ហាន់ និង​បច្ច័យ​ប្រគេន​ព្រះ​សង្ឃ​នៅ​ទីតាំង​វត្ត​អារាម​មួយ​នេះ ដោយសទ្ធាជ្រះថ្លា ហើយសទ្ធានេះ បានចូលរួម​ចំណែក​ទ្រទ្រង់​ដល់​ព្រះពុ​ទ្ធ​សាសនា និងការកសាងសមិទ្ធផលនានានៅក្នុងវត្តកោះនរា។ ការ​ចូល​រួម​របស់​ពុទ្ធ​បរិស័ទ​ក្នុង​រដូវបុណ្យនេះ ជាទំនៀមទម្លាប់ប្រពៃណីតាំងពីដើមមក ដែលធ្វើបុណ្យឧទ្ទិស​ដល់​សាច់​ញាតិ​ ដែលចែកឋានទៅ និងធ្វើបុណ្យសន្សំកុសលតទៅជាតិមុខ និងសុំអោយ​ជួប​ក្តី​សុខ​ចម្រើន​ជួប​ជុំ​ក្រុមគ្រួសារ។

សូមបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុង​ចំណោម​ពិធី​បុណ្យ​ទាំង​អស់ ​ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធី​បុណ្យ​ភ្ជុំបិ​ណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែង​តែ​ធ្វើ​ដំណើរ​ទៅ​ជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់​យក​ទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយ​ដែល​គេនិយម​ធ្វើ​ត​ៗ​គ្នា របស់ប្រជាពុទ្ធបរិស័ទ ខ្មែរជាយូរមកហើយ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia