Connect with us

ព័ត៌មាន

សម្ដេច​ធិបតី៖ សង្គ្រាមថៃឈ្លានពាន និងការ​បិទព្រំដែនជាឱកាសឱ្យ​វាយតម្លៃ និងពង្រឹង​ផ្ទៃក្នុងខ្លួនឯង

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា​ បានគូសបញ្ជាក់ថា សង្គ្រាមថៃឈ្លានពាន និងការ​បិទព្រំដែន បានធ្វើឱ្យយើងឈឺចាប់​រយៈពេលខ្លី ប៉ុន្ដែ​វាក៏ជាឱកាសឱ្យយើង​​អាចវាយតម្លៃ ពង្រឹង​ផ្ទៃក្នុង និងធ្វើពិពិធកម្មសេដ្ឋកិច្ចខ្លួនឯងដែរ។

សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដី មាន​ប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធជាផ្លូវការផ្លូវជាតិលេខ១០ តភ្ជាប់បាត់ដំបង-ពោធិ៍សាត់-កោះកុងនៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ។

សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់ជាថ្មីថា បញ្ហា​ដែលយើងមានសង្គ្រាមព្រំដែន ការ​បិទព្រំដែន គឺសុទ្ធតែជាឱកាសឱ្យយើង​វាយតម្លៃ ពង្រឹង​ផ្ទៃក្នុងខ្លួនឯង ពង្រឹង​ពិពិធកម្មសេដ្ឋកិច្ចពលរដ្ឋនៅជាប់ព្រំដែន។ សម្ដេច​បន្តថា យើង​ឈឺរយៈពេលខ្លី ប៉ុន្ដែ​ត្រូវយកមេរៀននេះ កុំឱ្យកើតមាន​នៅថ្ងៃអនាគតទៀត។ ហើយយកមេរៀនេះមកធ្វើជាការ​ពង្រឹង​ខ្លួនគ្រប់វិស័យ ក្នុងនោះ​សូម្បីតែការ​ដាំដើមឈើ ក៏ត្រូវដាក់ទិសដៅឱ្យបានច្បាស់លាស់ដែរ។

ក្នុងឱកាសនោះ​សម្ដេច​ធិបតី ក៏បានណែនាំឱ្យអាជ្ញាធររាជធានី ខេត្ត ក៏ត្រូវចាប់យក​បញ្ហា​គ្រោះទឹកជំនន់ មកដាក់ចេញនយោបាយ​​រំដោះទឹកជំនន់ និងប្រមូលទឹកជំនន់​ទុកប្រើប្រាស់​នៅរដូវ​ប្រាំង ខណៈ​អ្នកវិទ្យាសាស្រ្ដ​បាន​បញ្ជាក់ថា នៅរយៈពេល ៦ខែខាងមុខ​ពិភពលោកនឹង​ជួបបាតុភូតគ្រោះរាំងស្ងួតរយៈពេលវែង​ អាកាសធាតុឡើង​កម្ដៅដែលអាច​ធ្វើឱ្យខ្វះខាតទឹកប្រើប្រាស់​។

សូមជម្រាបថា ក្រោយសង្គ្រាមថៃឈ្លានពាន រាជរដ្ឋាភិបាលកម្ពុជា បានពង្រឹងខ្លួនឯងលើវិស័យសំខាន់ៗជាច្រើន ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងស្តារស្ថិរភាពជាតិឡើងវិញ។ ក្នុងនោះមានដូចជា​ ការពង្រឹងសមត្ថភាពយោធា និងកងកម្លាំងប្រដាប់អាវុធ, ការបង្កើនប្រសិទ្ធភាពនៃនយោបាយការទូត, ការគ្រប់គ្រងគ្រោះមហន្តរាយ និងការជួយសង្គ្រោះពលរដ្ឋ, ការកសាងស្មារតីសាមគ្គីភាពជាតិ និងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច-ហេដ្ឋារចនាសម្ព័ន្ធនានាជាដើម​។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia