Connect with us

ព័ត៌មាន

ICC Preah Vihear ស្នើសុំភាគីថៃផ្តល់ព័ត៌មានអំពីទិសដៅនៃការបាញ់ប្រហារ និងទិន្នន័យពាក់ព័ន្ធ ទាំងការទម្លាក់គ្រាប់បែកមកលើប្រាសាទព្រះវិហារ

កិច្ចប្រជុំគណៈកម្មាធិការ អាយស៊ីស៊ី ព្រះវិហារ បានស្នើសុំភាគីថៃផ្តល់ព័ត៌មានអំពីទិសដៅ នៃ​ការ​បាញ់​ប្រហារ និងទិន្នន័យពាក់ព័ន្ធ ទាំងការទម្លាក់គ្រាប់បែកពីលើអាកាស និង​ការ​បាញ់​ប្រហារ​មក​លើ​ប្រាសាទ​ព្រះវិហារ​ ដើម្បីជាមូលដ្ឋាននៃព័ត៌មានក្នុងការបោសសម្អាត អាវុធជាតិផ្ទុះ​នានា​ក្នុង​តំបន់​ប្រាសាទ​បេតិកភណ្ឌពិពលោក។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំបច្ចេកទេសលើកទី១១ នៃគណៈ​កម្មាធិការ​សម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្ស និងការលើកតម្លៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តសៀមរាប អ​ង្គ​ប្រជុំ​បាន​បង្ហាញ​ពី​ក្តីព្រួ​យបារម្ភចំពោះស្ថានភាពខូចខាត ប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរដែល បណ្តាល​មក​ពី​ជម្លោះ​ប្រដាប់អាវុធក្នុងឆ្នាំ២០២៥ ដោយស្ថានការណ៍នេះ បានរំលឹកផងដែរ អំពីសារៈសំខាន់ នៃ​ការធានាសុវត្ថិភាព និងសន្តិសុខ ទាំងសម្រាប់ក្រុមការងារកម្ពុជា និងក្រុមការងារអន្តរជាតិ ដែល​កំពុងបំពេញការងារនៅ តំបន់ប្រាសាទ ដើម្បីអាច​បំពេញ​ភារ​កិច្ច​ការ​ពារ​តំបន់​បេតិក​ភណ្ឌ​នេះ ជាការថែរក្សាតម្លៃលេចធ្លោជាសកលរបស់ ប្រាសាទព្រះវិហារ។

នៅកិច្ចប្រជុំបច្ចេកទេសលើកទី១១ នៃគណៈកម្មាធិការ អាយស៊ីស៊ីព្រះវិហារ ដែល​មាន​ការ​ចូល​រួម​ពី​តំណាង​រដ្ឋសមាជិកចំនួន៥ប្រទេស រួមមាន ប្រទេសបែលហ្សិក បារាំង ជប៉ុន ថៃ និង​សហរដ្ឋ​អាមេរិក​ បានស្នើសុំភាគីថៃផ្តល់ព័ត៌មានអំពីទិសដៅ នៃការបាញ់ប្រហារ និងទិន្នន័យពាក់ព័ន្ធ ទាំង​ការ​ទម្លាក់​គ្រាប់បែកពីលើអាកាស និងការបាញ់ប្រហារពីដីមកលើកប្រសាទព្រះវិហារ ដើម្បី​ជា​មូល​ដ្ឋាន​នៃព័ត៌មានក្នុងការបោសសម្អាតមីន និងអាវុធជាតិផ្ទុះនានា ដើម្បីជាការ​ស្តារ​ឡើង​វិញ​នូវ​សុវត្ថិ​ភាព​នៅតំបន់ប្រាសាទ និងតំបន់អភិវឌ្ឍន៍។ បន្ថែមពីលើនេះ អង្គប្រជុំ​ក៏​បាន​ផ្តល់​អនុសាសន៍​ដល់​អាជ្ញាធរ​ជាតិ​ព្រះវិហារ ក្នុងការកំណត់និងរៀបចំអាទិភាពតំបន់សម្រាប់ការបោសសម្អាត សំណល់​ជាតិ​ផ្ទុះពីការប៉ះទង្គិចប្រដាប់អាវុធនិងគ្រាប់បែកចង្កោម(Cluster Munitions)។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ទទួល​បន្ទុក​បេតិក​ភណ្ឌ​វប្បធម៌ បានថ្លែងបិទកិច្ចប្រជុំបញ្ជាក់យ៉ាងច្បាស់លាស់ថា តំបន់បេតិក​ភណ្ឌ​ពិភព​លោក ​ប្រាសាទព្រះវិហារ ត្រូវតែបន្តបម្រើមុខងារផ្នែកវប្បធម៌ និងបេតិកភណ្ឌរបស់ខ្លួន ហើយ​តំបន់​នេះមិនត្រូវបាន និងមិនធ្លាប់ត្រូវបានប្រើប្រាស់សម្រាប់គោលបំណងយោធាឡើយ។ នៅក្នុងកិច្ចប្រជុំនេះ ក៏បានផ្តោតលើលទ្ធផល នៃការអន្តរាគមន៍សង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដោយ​មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបោស​សម្អាត​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​លើ​ផ្ទៃ​ដី ប្រមាណ៧០ហិកតា ដោយរកឃើញរណ្តៅគ្រាប់៦២៥កន្លែង គ្រាប់​នៅ​លើ​ដីចំនួ​ន​៧៣០​គ្រាប់ គ្រាប់កប់ក្នុងដីចំនួន ២៤៧គ្រាប់ និងជ្រួនចំនួន៤។

អាជ្ញាធរជាតិព្រះវិហារបានប្រមូលបំណែកថ្មប្រាសាទដែលបានបាក់បែកចំនួន៨៤,៨០០ដុំ ចុះ​បញ្ជី និង​រក្សាទុកទល់ទ្ររចនាសម្ព័ន្ធប្រាសាទ មានហានិភ័យខ្ពស់ចំនួន២៣ទីតាំង ការដំឡើង ឧបករណ៍​តាមដានបម្រែបម្រួលប្រាសាទចំនួន៥០កន្លែង សាងសង់​ដំបូល​គ្រប​ប្រាសាទ​ចំនួន​៤​កន្លែង​ និងស្តារ ប្រព័ន្ធបង្ហូរទឹកបុរាណប្រវែងជិត២៥០ម៉ែត្រ។ ក្រៅពីលទ្ធផលខាងលើ អង្គ​ប្រជុំ​ក៏​បាន​ពិនិត្យឃើញមានកិច្ចការបន្ទាន់ត្រូវអនុវត្តបន្តទៀត ដើម្បីសង្គ្រោះប្រាសាទព្រះវិហារ រួមមាន៖ រចនា​សម្ព័ន្ធប្រាសាទចំនួន២៥កន្លែងទៀតត្រូវទល់ទ្របន្ទាន់ ការសាងសង់រោងដើម្បី រក្សាទុក​បំណែក​ថ្ម​ជៀសវាងការខូចខាតនិងបាត់បង់ ការរៀបចំប្រព័ន្ធផ្លូវ​ទឹក​បន្ថែម​ទៀត​ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់ប្រាសាទ។

ឯកឧត្តម គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិ ព្រះវិហារ បានរាយការណ៍​ជូន​អង្គ​ប្រជុំ​អំពី​របាយ​ការណ៍​លទ្ធផលនៃបេសកកម្មផ្តល់យោបល់របស់អ្នកជំនាញការ អន្តរជាតិនៃគណៈកម្មា​ធិការ​បេតិក​ភណ្ឌ​ពិភពលោក និងអ្នកជំនាញស្តីពីបេតិកភណ្ឌនិងប្រាសាទ របស់អង្គការយូណេស្កូ ដែល​បានចុះពិនិត្យវាយតម្លៃការខូចខាតប្រាសាទព្រះវិហារបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១-៦ ខែមីនា ឆ្នាំ ២០២៦ បណ្តាលពីជម្លោះប្រដាប់អាវុធកាលពីថ្ងៃទី២៤-២៨ ខែកក្កដា និង​ថ្ងៃ​ទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ ដែលបង្កការខូចខាតប្រាសាទព្រះវិហារចំនួន៥៦២កន្លែង រួម​ជា​មួយហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានានៅបរិវេណលើភ្នំ ប្រាសាទព្រះវិហារ និងផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរដល់សហគមន៍ប្រជាជនរស់នៅជុំវិញតំបន់បេតិកភណ្ឌ។ បច្ចុប្បន្ន របាយការណ៍​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយជាសាធារណៈ នៅលើគេហទំព័រផ្លូវការរបស់គណៈកម្មការបេតិកភណ្ឌ ពិភព​លោក​៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia