ព័ត៌មាន
ក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
ព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល អភិបាលរងរាជធានី ខេត្ត មន្ទីរសុខាភិបាល និងតំណាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ បេឡាជាតិរបបសន្តិសុខសង្គម (បសស) ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារក្រសួងមុខងារសាធារណៈ និងចូលរួមតាមប្រព័ន្ធអនឡាញ Zoom មន្ទីរមុខងារសាធារណៈ មន្ទីរពេទ្យខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងមណ្ឌលសុខភាពទូទាំងប្រទេស សរុប ១,៧០១នាក់។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ នៃអង្គសុខាភិបាល បានរៀបចំឡើងស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការអភិវឌ្ឍមូលធនមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខភាពល្អ និងផ្អែកលើស្ថានភាពបច្ចុប្បន្ន នៃវិស័យសុខាភិបាល វិស័យមុខងារសាធារណៈ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា សំដៅគាំទ្រការងារគ្រប់គ្រងមន្រ្តីសុខាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការបម្រើសេវាសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំអង្គភាព ជាពិសេសមន្ត្រីទទួលបន្ទុកការងារធនធានមនុស្ស ស្វែងយល់សារៈសំខាន់ និងយល់ដឹងច្បាស់លាស់នូវខ្លឹមសារ ពីសិក្ខាសាលានេះ សម្រាប់ជាមូលដ្ឋាន ក្នុងការអនុវត្តការងារគ្រប់គ្រងធនធានមនុស្ស និងការអភិវឌ្ឍអាជីពរបស់មន្ត្រីសុខាភិបាល ឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងក្នុងការបង្កើនប្រសិទ្ធភាព នៃការបម្រើសេវាសុខាភិបាល។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេស នៃអនុគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្ស នៃក្រសួងមុខងារសាធារណៈ និងក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់បំពេញការងារ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំនូវព្រះរាជក្រឹត្យនេះ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
សូមជម្រាបជូនថា ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល មានអានុភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ នឹងផ្តល់អត្ថប្រយោជន៍ និងគុណតម្លៃដល់មន្រ្តីសុខាភិបាល និងលើកទឹកចិត្តដល់អ្នកវិជ្ជាជីវៈសុខាភិបាលដែលមានសមត្ថភាពខ្ពស់ ឱ្យចូលបម្រើការងារជាមន្ត្រីសុខាភិបាល។ បន្ថែមពីនេះ ការលើកទឹកចិត្តមន្ត្រីរាជការនៃអង្គសុខាភិបាល ដែលត្រូវជ្រើសរើសពីក្នុងចំណោមមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ និងមន្ត្រីជាប់កិច្ចសន្យា ស្របតាមការវិវត្តអាជីពនាពេលបច្ចុប្បន្ន នឹងត្រូវបញ្ចូលទៅក្នុងឋានន្តរសក្តិ និងថ្នាក់ ផ្អែកលើអតីតភាពការងារក្នុងមុខតំណែងវិជ្ជាជីវៈសុខាភិបាល ដោយយកមូលដ្ឋាន ៣ឆ្នាំ សម្រាប់ផ្តល់ជូន១ថ្នាក់។
ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល លើកកម្ពស់ឋានន្តរស័ក្តិនិងថ្នាក់ ក្នុងពេលតាំងស៊ប់ក្នុងក្របខណ្ឌផ្អែកលើគុណវុឌ្ឍិវិជ្ជាជីវៈសុខាភិបាល៖
– មន្ត្រីសុខាភិបាលជាន់ខ្ពស់៖ ក.២.២ (សញ្ញាបត្រកម្រិតបណ្ឌិត /ឯកទេស) ក.២.៣ (សញ្ញាបត្រកម្រិតជំនាញ ឬសមមូល) ក.២.៤ (សញ្ញាបត្រវេជ្ជបណ្ឌិត) ក.៣.២ (សញ្ញាបត្រកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ឬសមមូល) និង ក.៣.៣ (សញ្ញាបត្រកម្រិតបរិញ្ញាបត្រ)
– មន្ត្រីសុខាភិបាលមធ្យម ខ.៣.៣
– មន្ត្រីសុខាភិបាលបឋម គ.៩៕
អត្ថបទ រដ្ឋា










-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន4 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 day agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន