ព័ត៌មាន
ប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
រាជធានីភ្នំពេញ ៖ កាកសំណល់នានា ដូចជាសំរាម កម្ទេចកម្ទីសម្ភារៈដែលសេសសល់ពីការប្រើប្រាស់ ក៏ដូចជាមែកឈើតូចធំ គឺជាអាទិភាពចម្បង នៃការធ្វើឲ្យមានការរាំងស្ទះដល់ចរន្តលូបង្ហូរទឹក ដែលអាចបង្កឲ្យមានជាការជន់លិចបានគ្រប់ពេល បើភ្លៀកធ្លាក់ខ្លាំងម្តងៗ ពិសេសនៅរដូវវស្សា ។
នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកប៉ាង លីដា អភិបាលរងខណ្ឌ បានចុះកាយ និងស្តារប្រព័ន្ធលូមេដ៏ធំមួយកន្លែង ដែលមានផលប្រឈមប្រវែងប្រមាណ៣០០ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមស្ថានភាពជាក់ស្តែង ដែលអាជ្ញាធរបានចុះមកដល់ ផ្ទៃប្រអប់លូទាំងមូលដែលមានប្រអប់លូធំចំនួន០២កង់ជាប់គ្នា សរុបទំហំ៥ម៉ែត្រ ត្រូវបានរីកកកណែនណាន់តាន់តាប់ពេញដោយសំរាម ដីក្លាយជាភក់ជាស្អិតជាមួយនឹងកម្ទេចកម្ទីសម្ភារៈចាស់ៗនានា រួមទាំងមេឃឈើមួយដើមធំផងដែរ ដែលធ្វើឲ្យប្រព័ន្ធលូបង្ហូរទឹកមិនមានដង្ហើមសម្រាប់ដកខ្យល់ ពោលគឺស្ទើរមិនអាចហូរទឹកបាននោះឡើយ ដែលនេះជាកត្តាចម្បងបំផុត ធ្វើឲ្យមានការជន់លិចក្នុងតំបន់ ។
លោកប៉ាង លីដា បញ្ជាក់ថា ៖ ផ្អែកតាមអាជ្ញាធរពិនិត្យ សំរាមនេះ ជាកាកសំណល់ចាស់ៗ ពុំមែនថ្មីឡើយ ព្រោះបច្ចុប្បន្ននេះ កត្តាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យមានការយល់ដឹងច្រើនណាស់ពីការទុកដាក់ ឬចោលសំរាម ក៏ដូចជាសម្ភារចាស់ៗលែងប្រើការកើតជាដើម ។
លោកបន្ថែមថា ៖ ការងារសម្អាតបរិស្ថានអនាម័យ ពិសេសការកាយ និងស្តារប្រព័ន្ធលូបង្ហូរទឹក ពិតណាស់គឺជាកាតព្វកិច្ចស្នូលរបស់អាជ្ញាធរជាអ្នកធ្វើ ក៏ប៉ុន្តែ ដើម្បីឲ្យវាទទួលលទ្ធផលជោគជ័យបានលឿន និងប្រកបដោយប្រសិទ្ធិភាពខ្ពស់បំផុតនោះ គឺទាមទារការចូលរួមឲ្យបានសកម្មពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ផងដែរ ។
លោកអភិបាលរងខណ្ឌបន្ថែមថា ៖ ប្រព័ន្ធលូខាងលើដែលកំពុងមានការកកស្ទះ គឺជាចរន្តទឹកមេសំខាន់មួយក្នុងមូលដ្ឋាន ព្រោះវាជាចរន្តដែលទទួលរងទឹកពីប៉ែកខាងលើមក ដូចជាផ្លូវជាតិលេខ៤ និងមហាវិថីសហព័ន្ធរុស្ស៊ីទល់មុខអតីតព្រលានយន្តហោះ អមជាមួយការប្រើប្រាស់ប្រចាំថ្ងៃរបស់ពលរដ្ឋក្នុងតំបន់ដែលមានតង់ស៊ីតេប្រជាជនច្រើនផងនោះ ដើម្បីទម្លាក់ទឹកទៅប្រព័ន្ធលូមេរំដោះទឹកនៅប៉ែកខាងក្រោម ។
លោកថា ៖ ការរំដោះការកកស្ទះក្នុងប្រព័ន្ធលូមេខាងលើនេះ ត្រូវចំណាយពេលច្រើនថ្ងៃ ដើម្បីកាយ និងស្តារវាឲ្យវិលទៅរកសភាពដើមវិញ ព្រោះពុំមែនជារឿងងាយស្រួលនោះឡើយ ដោយល្បាប់ភក់ និងកាកសំណល់ស្អុយរលួយត្រូវជាប់គ្នាក្នុងលូ ហើយអាជ្ញាធរ ត្រូវប្រើកម្លាំងមនុស្ស ដើម្បីចុះដល់ក្នុងប្រអប់លូ ហើយកើបកាកសំណល់ទាំងនោះ ដោយកន្ត្រកតូចៗ រួចយោងកាកសំណល់ និងសំរាមឡើងទៅខាងលើម្តងមួយៗ ។ ដែលនេះ គឺជាផលលំបាក សម្រាប់ក្រុមការងារជំនាញ និងអាជ្ញាធរ ត្រូវចំណាយពេល និងភាពអត់ទ្រាំខ្ពស់ជាមួយក្លិនមិនល្អ នៃកាកសំណល់ទាំងនោះ ។
ប្រជាពលរដ្ឋរស់នៅ ក្នុងតំបន់ខាងលើ សម្តែងការគាំទ្រ ចំពោះការគិតគូរយកចិត្តទុកដាក់របស់ក្រុមអាជ្ញាធរមូលដ្ឋាន គិតចាប់ពីថ្នាក់ភូមិ សង្កាត់ និងខណ្ឌ ដែលតែងតែជម្នះធ្វើយ៉ាងណាខិតខំកាយស្តារប្រព័ន្ធបង្ហូរទឹកក្នុងតំបន់រស់នៅរបស់ពួកគាត់ ដើម្បីជួយបញ្ចៀសបានពីការជន់លិចក្នុងរដូវវស្សា ដែលជាកត្តាជួយជម្រុញដល់ការប្រកបរបររកស៊ីទទួលកាន់តែប្រសើរ និងការរស់នៅប្រកបដោយភាពសុខសាន្ត ៕ លីហេង











-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន4 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 day agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន