Connect with us

ព័ត៌មាន

ថ្ងៃដំបូងនៃការចាប់ផ្តើមអនុវត្តច្បាប់កាតព្វកិច្ចយោធា យុវជន​ប្រហែល​៣៥% ទទួល​ពាក្យ​សុំ​ចូល​បំពេញ​កាតព្វកិច្ច

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានឱ្យដឹងថា ថ្ងៃដំបូង នៃ​ការ​ចាប់​ផ្តើម​អនុវត្តច្បាប់កាតព្វកិច្ចយោធាដោយស្ម័គ្រចិត្ត និងជាប្រវត្តិសាស្ត្រ គឺមានយុវជន​បាន​មក​ទទួល​ពាក្យ​សុំ​ចូល​បំពេញកាតព្វកិច្ចដោយស្ម័គ្រចិត្តប្រហែល ៣៥% នៃសេចក្តីត្រូវការរួម។ ហើយ​​រំពឹងថា​ថ្ងៃបន្តបន្ទាប់នឹងមានចំនួនកាន់តែច្រើនឡើង។

នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានប្រាប់BTVថា ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ គឺ​ជា​ថ្ងៃ​ដំបូង​ នៃការចាប់ផ្តើមអនុវត្តច្បាប់កាតព្វកិច្ចយោធាដោយស្ម័គ្រចិត្ត និង​ជា​ប្រវត្តិសាស្ត្រ​ដោយ​មោទន​ភាព​បំផុត បានសង្កេតឃើញថាទឹកចិត្តយុវជនប្រកបដោយឆន្ទៈមោះមុត និងឧត្តម​គតិ​គិត​គូរដ​ល់​ជាតិមាតុភូមិ ហើយគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាជឿជាក់យ៉ាងមុតមាំថា ថ្ងៃ​បន្ត​បន្ទាប់​យុវជននឹងមកទទួលពាក្យបំពេញកាតព្វកិច្ចនឹងមានចំនួនកាន់តែច្រើនឡើងៗ។

គណៈក​ម្មាធិការជាតិកាតព្វកិច្ចយោធាបានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរដែលមានអាយុពី ១៨​ឆ្នាំ ដល់ ២៥ឆ្នាំថា គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា នឹងចាប់ផ្តើមចែកពាក្យ និង​ទទួល​ពាក្យ​សុំ​ចូល​បំពេញ​កាតព្វកិច្ច​យោធា​ស្រប​តាមច្បាប់​ស្តីពី​កាតព្វកិច្ច​យោធា​ចែក​ពាក្យ​ចាប់​ពី​ថ្ងៃទី​០១​ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦។ ទទួលពាក្យចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ​២០២៦ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក-ខណ្ឌ។

ច្បាប់ “ស្តីពីកាតព្វកិច្ចយោធា” ត្រូវបានបង្កើតឡើងក្នុងគោលដៅពង្រឹងខឿនការពារជាតិ ការពារ​បូរណ​ភាព​ទឹកដី និងបណ្តុះស្មារតីស្នេហាជាតិដល់យុវជនខ្មែរគ្រប់រូប។ ច្បាប់ “ស្តីពីកាតព្វ​កិច្ច​យោធា​” ​បានកំណត់៖ លក្ខខណ្ឌអាយុ និងភេទ៖ ប្រជាពលរដ្ឋខ្មែរ​ភេទ​ប្រុស​ដែល​មាន​អាយុ​ចាប់​ពី ​១៨ ដល់ ២៥ ឆ្នាំ គឺជាមុខសញ្ញាចាំបាច់ដែលត្រូវបំពេញកាតព្វកិច្ចយោធា រយៈពេល ២៤ ខែ​ជា​កំហិត (អាចបន្តបាន ៦ ខែក្នុងករណីចាំបាច់បំផុត)។ ទោសប្បញ្ញត្តិ និងអត្ថប្រយោជន៍៖ ដើម្បី​ធានានូវស័ក្តិសិទ្ធិភាពនៃច្បាប់ បុគ្គលដែលគេចវេសអាចប្រឈមនឹងការផាកពិន័យជាប្រាក់ និង​ទោសដាក់ពន្ធនាគារចាប់ពី ៦ ខែ រហូតដល់ ៥ ឆ្នាំ អាស្រ័យលើស្ថានទម្ងន់ទោស និង​កាលៈ​ទេសៈ​ជាក់ស្តែង៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia