Connect with us

ព័ត៌មាន

សម្ដេចធិបតី៖ ការ​បង្កើត​ច្បាប់​កាតព្វកិច្ចយោធា ជា​ការ​វិនិយោគ​កសាង​ធនធាន​មនុស្ស​ប្រកប​ដោយ​វិន័យ និង​ជំនាញ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការ​បង្កើត​ច្បាប់​កាតព្វកិច្ចយោធា គឺជាការ​វិនិយោគ​របស់​រដ្ឋ​ក្នុង​ការ​កសាង​ធន​ធាន​មនុស្ស​មួយ​ឱ្យ​ប្រកប​ទៅ​ដោយ​វិន័យ និងជំនាញ ដូច្នេះកុំគិតថា កាតព្វយោធា ជាបន្ទុក តែត្រូវគិតថា ជា​ឱកាស​។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ​ដល់​និស្សិត​សា​កល​វិទ្យាល័យអាស៊ី អឺរ៉ុប នាព្រឹកថ្ងៃទី២ ខែតុលា នេះ បានថ្លែង​បញ្ជាក់​ប្រាប់​ប្រជា​ពលរដ្ឋ ពិសេសអ្នកដែលគ្រប់អាយុត្រូវបំពេញកាតព្វកិច្ចយោធាថា ការបង្កើត​ឱ្យ​មាន​កាត​ព្វ​កិច្ច​យោធា គឺជាការវិនិយោគរបស់​រដ្ឋ​ក្នុង​ការ​កសាង​ធន​ធាន​មនុស្ស​មួយ​ដែល​មាន​ឥរិយាបទ​ត្រឹម​ត្រូវ ​វិន័យ ជំនាញ និងបំណិន ក្រោមការអប់រំ បណ្ដុះបណ្ដាល អនុវត្តវិន័យយ៉ាងតឹងរឹង។ ក្រោយ​ការ​បំពេញ​កាតព្វកិច្ច នឹងទទួលបានជំនាញ និងបំណិន ។

សម្ដេចធិបតី បានបញ្ជាក់ថា ពីរឆ្នាំនេះ មិនមែនគ្រាន់តែទៅកាន់កាំភ្លើងទេ តែជា​ការ​ហ្វឹក​ហាត់​ឥរិយាបថ​ វិន័យ។ ការវិនិយោគធនធានមនុស្សនៅក្នុងកងទ័ព ដាំនៅក្នុងកងទ័ព តែផ្លែផ្កា​ក្នុង​សង្គម​ នេះគឺជាច្បាប់កងទ័ព។

ជឿជាក់ថា​ ច្បាប់ និងការបំពេញកាតព្វកិច្ចយោធា ដែលបានរៀបចំឡើងនេះ មិន​ត្រឹម​តែ​ជា​ការ​ផ្ដល់​ឱកាស​ដល់យុវជន ប្រជាពលរដ្ឋចូលរួមបម្រើជាតិមាតុភូមិនោះទេ។ រយៈពេលពីរឆ្នាំនេះ ជាតិ​មិន​មែន​យកធនធានមនុស្សមកបង្កកចោលទេ គឺរយៈពេលដែលពោរពេញដោយការវិនិយោគ។ សូម​កុំមើលជាបន្ទុក តែមើលវាជាឱកាស៖ ១- ឱកាសចូលរួមការពារជាតិ និង២- ឱកាស​ទទួល​បាន​ការ​បណ្ដុះបណ្ដាល ដែលជាការវិនិយោគរបស់រដ្ឋ ដែលវិនិយោគច្រើនលើកងទ័ព។ ការ​ការ​ពារជាតិមាតុភូមិ និងបូរណភាពទឹកដីជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុង​បរិបទ​ដែល​សង្គម និងបច្ចេកវិទ្យាកំពុងមានការប្រែប្រួលយ៉ាងរហ័ស ប្រទេសជាតិ​ចាំបា​ច់ត្រូ​វ​មាន​កម្លាំង​ដែល​ទទួល​បាន​ការ​ហ្វឹកហ្វឺន មានចំណេះដឹង ជំនាញ មានវិន័យ និងសមត្ថភាព ធានា​ដើម្បី​ការ​ពារ​អធិប​តេយ្យ​ភាព បូរណភាពទឹកដី ប្រជាជន និងសុខសន្តិភាព។

សម្ដេចធិបតី បានបញ្ជាក់ដែរថា ការហ្វឹកហ្វឺន គឺជាចំណុចសំខាន់បំផុត នៃ​ការ​ធ្វើ​កំណែ​ទម្រង់​ទំនើប​កម្ម​កងទ័ព នាសម័យកាលនេះ ពិសសការហ្វឹកហ្វឺនប្រើប្រាស់បច្ចេកវិទ្យា ដ្រូន ឬ AI និង​ជំនាញ​ជា​ច្រើនទៀត ដែលអ្នកបំពេញកាតព្វកិច្ចយោធានឹងទទួលបាន។ ការការពារជាតិមាតុភូមិ និង​បូរណភាពទឹកដីជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុងបរិបទដែលសង្គម និង​បច្ចេក​វិទ្យា​កំពុង​មាន​ការប្រែប្រួលយ៉ាងរហ័ស ប្រទេសជាតិ​ចាំបាច់​ត្រូវ​មាន​កម្លាំង​ដែល​ទទួ​ល​បាន​ការ​ហ្វឹក​ហ្វឺន​ មានចំណេះដឹង ជំនាញ មានវិន័យ និងសមត្ថភាព ធានាដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី ប្រជាជន និងសុខសន្តិភាព៕ អត្ថបទ៖ វ៉ាន់

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia