Connect with us

ព័ត៌មាន

អ្នករាយការណ៍ពិសេស UN កោតសរសើរចំពោះការចូលរួមរបស់កម្ពុជាលើបញ្ហាសិទ្ធិមនុស្ស និង​ការ​អនុញ្ញាត​ដោយ​គ្មាន​រឹត​បន្តឹង​ អំឡុងបេសកកម្មស្វែងរកការពិត

ភ្នំពេញ៖ លោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួល​បន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះ​កិច្ច​សហ​ប្រតិបត្តិការប្រកបដោយតម្លាភាព បើកចំហ និង​ស្ថាបនា ព្រម​ទាំងកិច្ចសន្ទនាកម្រិតខ្ពស់ ក្នុង​អំឡុង​ពេលបេសកកម្មផ្លូវការរបស់លោក ដើម្បីស្វែងរកការពិតនៅក្នុងប្រទេសនេះ។ នេះ​បើ​យោង​តាម​របាយការណ៍របស់ លោក Thom H. Andrews ដាក់របាយការណ៍​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ (UN) កាលពីពេលថ្មីៗនេះ។

នៅក្នុងរបាយការណ៍ដែលបានដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN អ្នករាយការណ៍​ពិសេស​រូប​នេះ​បាន​លើកឡើងថា លោកមានអារម្មណ៍ពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការ និងការ​ចូល​រួម​ប្រកប​ដោយភាពស្មោះត្រង់របស់មន្ត្រីរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងពេលធ្វើ​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​លើក​ដំបូងរបស់លោក ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា។

លោក Andrews បានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់កម្ពុជាមកពីក្រសួងនានា បានផ្តល់ការបកស្រាយយ៉ាងទូលំទូលាយ និងសម្របសម្រួលកិច្ចសន្ទនា ស្ដីពី​បញ្ហាជាតិស្មុគស្មាញជាច្រើន។

អ្នករាយការណ៍ពិសេសរូបនេះបានជួបពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំកំពូលរបស់រដ្ឋាភិបាល រួមមាននាយករដ្ឋមន្ត្រី សម្ដេចធិប​តី​ ហ៊ុន ម៉ាណែត ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន និងរដ្ឋមន្ត្រីក្នុងជួរ​គណៈរដ្ឋមន្ត្រីជាច្រើន​រូប​ ដែលបានស្វាគមន៍ការផ្លាស់ប្តូរយោបល់ប្រកបដោយស្ថាបនា ជុំវិញ​បញ្ហាសង្គមសេដ្ឋកិច្ច និងអភិបាលកិច្ចសំខាន់ៗ។

អំឡុងដំណើរទស្សនកិច្ចនេះ អាជ្ញាធរកម្ពុជាបានផ្តល់សិទ្ធិចូលដោយគ្មានការរឹតបន្តឹង​ដល់ប្រេសិត UN ទៅកាន់មណ្ឌល​ឃុំឃាំង ជំរំបម្លា់​លំនៅតាមព្រំដែន និងសហគមន៍ក្នុងតំបន់ដែលរងផលប៉ះពាល់។

លោក Andrews បានបន្ថែមថា លោកត្រូវបានអនុញ្ញាតឱ្យជួបពិភាក្សាដោយសេរី និងគ្មានការរឹតបន្តឹង​ជាមួយតំណាងសង្គមស៊ីវិល អ្នកសារព័ត៌មាន មេដឹកនាំសហគមន៍មូលដ្ឋាន និងបុគ្គលដែលមានសំឡេង​ឯករាជ្យ ពេញ​មួយការ​ធ្វើ​ដំណើររបស់​លោក ក្នុង​ប្រទេស​នេះ​។

របាយការណ៍របស់ UN បានកត់សម្គាល់ថា ការណ៍​ដែលកិច្ចប្រជុំទាំងនេះ ត្រូវបានធ្វើឡើងដោយសេរី និងគ្មានការរឹតបន្តឹង​នេះ​ បានបង្ហាញពីភាពបើកចំហរបស់រដ្ឋាភិបាល និងឆន្ទៈក្នុងការចូលរួមដោះស្រាយបញ្ហាសិទ្ធិមនុស្សធ្ងន់ធ្ងរជាច្រើន។

មន្ត្រីនានាបានធ្វើសេចក្ដី​រាយការណ៍​ជូនអ្នករាយការណ៍ពិសេស ស្ដីពី​វឌ្ឍនភាពដ៏សំខាន់ដែលកម្ពុជាសម្រេចបាន ក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ វឌ្ឍនភាពនេះត្រូវបានបង្ហាញតាមរយៈការកាត់បន្ថយយ៉ាងខ្លាំង ចំពោះ​ភាពក្រីក្រ និងអត្រាមរណភាពកុមារ ព្រមទាំងការកែលម្អយ៉ាងគួរឱ្យកត់សម្គាល់ លើអាយុសង្ឃឹមរស់ ការចុះឈ្មោះចូលរៀន ក៏ដូចជា​ការទទួលបានអគ្គិសនី ទឹក និងសេវាអនាម័យ​។

កម្រិតនៃកិច្ចសហប្រតិបត្តិការសកម្មនេះ បង្ហាញឱ្យឃើញពីការបន្តការ​ប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះយន្តការអន្តរជាតិ និងកិច្ច​សន្ទនាទ្វេភាគីប្រកបដោយការ​ស្ថាបនា ដែលមានគោលបំណងពង្រឹងអភិបាលកិច្ច និងការការពារសិទ្ធិមនុស្ស៕ ដោយ៖ វ៉ាន់ ស្រីទាវ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia