ព័ត៌មាន
កាកបាទក្រហមកម្ពុជា គាំទ្របេក្ខភាពម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា សម្រាប់តំណែងជាប្រធានសហព័ន្ធអន្តរជាតិ
កាកបាទក្រហមកម្ពុជាបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះបេក្ខភាពម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ឈរឈ្មោះបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម នាពេលខាងមុខ ព្រមទាំងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
នៅក្នុងជំនួបពិភាក្សាការងាររវាង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ នាថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ ។
លោកជំទាវបណ្ឌិត បាននាំនូវព្រះរាជបណ្តាំ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្តៅពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។
ក្នុងឱកាសដើមជំនួបនោះ ម្ចាស់ក្សត្រី បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាក្នុងការកសាងបណ្តាញយុវជនពីអនុវិទ្យាល័យរហូតឧត្តមសិក្សា និងបណ្តាញអ្នកស្ម័គ្រចិត្ត ចាប់ពីកំរិតភូមិមួយទៅភូមិមួយ។ លើសពីនេះទៅទៀតម្ចាស់ក្សត្រី បានកោតសសើរចំពោះការបង្កើតភាពធន់ សហគមន៍ និងយុទ្ធនាការអប់រំផ្សព្វផ្សាយនិងការជួយជ្រោមជ្រែងដល់ប្រជាពលរដ្ឋដែលរស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ផង ដែរ។
ទាន់ទិននិងស្ថានភាពជំងឺអេដស៍លោកជំទាវបណ្ឌិតអនុប្រធានអចិន្ត្រៃយ៍បានគូសបញ្ជាក់ថាបើទោះបីបច្ចុប្បន្នមានការកើន ឡើងនូវ តួលេខខ្លះៗយ៉ាងណាក៏ដោយក៏កាកបាទក្រហមកម្ពុជានៅតែបន្តខិតខំប្រឹងប្រែងយ៉ាងសកម្មជាមួយអ្នកថ្នាក់ដឹកនាំ និងឥស្សរជនឆ្នើម ។
ដោយឡែកម្ចាស់ក្សត្រីក៏បានលើកឡើងពីស្ថានភាពនៃការកើនឡើងករណីអេដស៍នៅប្រទេសម៉ាឡេស៊ី ភាគច្រើនលើក្រុមអ្នក ប្រើប្រាស់គ្រឿងញៀននិងក្រុមប្រជាជនគន្លឹះ។ ចំណុចសំខាន់មួយទៀតនៃជំនួបនេះគឺការ ពិភាក្សាអំពីកិច្ចប្រជុំមហា សន្និបាតសហព័ន្ធអន្តរជាតិ ដែលនឹងប្រព្រឹត្តនៅចុងខែវិច្ឆិកា និងដើមខែធ្នូខាងមុខនេះ ដើម្បីបោះឆ្នោតជ្រើសរើសប្រធាន និងថ្នាក់ដឹកនាំតាមអាណត្តិ ២ឆ្នាំម្តង ។
ក្នុងនោះមានបេក្ខភាពចំនួន៣រូបដែលត្រូវប្រកួតប្រជែងហើយកាកបាទក្រហមកម្ពុជានឹងបញ្ជូនប្រតិភូ៣រូបទៅចូលរួម ក្នុងការ បោះឆ្នោតនេះដោយផ្ទាល់ ។
លោកជំទាវបណ្ឌិត បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងរបស់កាកបាទក្រហមកម្ពុជា ចំពោះបេក្ខភាពរបស់ម្ចាស់ក្សត្រី និងបានជូនពរឲ្យទទួលជោគជ័យ ព្រោះលោកជំទាវបណ្ឌិត មើលឃើញពីចក្ខុវិស័យវែងឆ្ងាយ និងការប្តេជ្ញាចិត្តខ្ពស់ របស់ម្ចាស់ក្សត្រី ក្នុងការជួយដល់សមាគមជាតិទាំង១៩១លើពិភពលោក ។
លើសពីនេះកាកបាទក្រហមកម្ពុជានិងអឌ្ឍចន្ទក្រហមម៉ាឡេស៊ី ក៏បានសម្លឹងមើលឱកាសបង្កើនកិច្ចសហប្រតិបត្តិការទ្វេរភាគី តាមរយះការផ្លាស់ប្តូរបទពិសោធន៍ និងសកម្មភាពយុវជន ។
កន្លងមកអឌ្ឍចន្ទក្រហមម៉ាឡេស៊ីធ្លាប់បានទទួលស្វាគមន៍យុវជនកាកបាទក្រហមជប៉ុននិងសឹង្ហបុរី ហើយកាលពីឆ្នាំ២០២៤ ក៏បានបញ្ជូនតំណាងយុវជនមកចូលរួមកម្មវិធីបោះជំរំអន្តរជាតិដែលរៀបចំឡើងដោយកាកបាទក្រហមកម្ពុជា នៅខេត្តឧត្តរ មានជ័យ ។
ចុងក្រោយលោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ បានជម្រាបជូនអំពីការងារអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា រួមមាន៖ការពង្រឹងសាខាទាំង២៥,លើកកម្ពស់ច្បាប់មនុស្សធម៌អន្តរជាតិ , ការជួយសង្គ្រោះប្រជាពលរដ្ឋងាយ រងគ្រោះពីគ្រោះ មហន្តរាយនិងការបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម។ ភាគីទាំងពីរបានគូសបញ្ជាក់ដូចគ្នាថា យុវជនគឺជាកម្លាំងចលករដ៏ សំខាន់ និងជាអ្នកផ្តើមគំនិតក្នុងការកសាងសន្តិភាពនិងការអភិវឌ្ឍ៕
អត្ថបទ៖ សំ ងីម




















-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន5 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន2 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន4 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ