Connect with us

ព័ត៌មាន

ម្ចាស់ក្សត្រី ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងសួរសុខទុក្ខអ្នកជំងឺអេដស៍ នៅមន្ទីរពេទ្យសម្តេចឪ សម្តេចម៉ែ

នារសៀលថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា (H.H. TUNKU PUTERI INTAN SAFINAZ) ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី និងគណៈប្រតិភូ អមដំណើរដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី បានយាង និងអញ្ជើញចុះសួរសុខទុក្ខ អ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន ៥០នាក់ នៅមន្ទីរពេទ្យបង្អែក សម្តេចឪ សម្តេចម៉ែ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត អ៊ុន សុភ័ស្ត ប្រធានមន្ទីរពេទ្យបង្អែក សម្តេចឪ សម្តេចម៉ែ បានជម្រាបជូនអំពីផ្នែកព្យាបាលជំងឺអេដស៍ ដែលមានសេវាប្រឹក្សា និងធ្វើតេស្តរកមេរោគអេដស៍ដោយស្ម័គ្រចិត្ត (VCCT) សម្រាប់ប្រជាជនទូទៅ ស្ត្រីមានផ្ទៃពោះ និងដៃគូ ក្រុមប្រឈមមុខខ្ពស់ អ្នកជំងឺរបេង កាមរោគ និងអ្នកជំងឺសម្រាកពេទ្យ។ ករណីរកឃើញវិជ្ជមាន មន្ទីរពេទ្យខិតខំចាប់ផ្តើមព្យាបាលឱ្យបានឆាប់រហ័ស ខណៈករណីអវិជ្ជមាន ត្រូវបានផ្តល់ការណែនាំអំពីការការពារ រួមទាំងវិធីសាស្ត្របង្ការ HIV សមស្រប។ លោកប្រធានមន្ទីរពេទ្យបានបន្ថែមថា រហូតដល់ខែសីហា ឆ្នាំ២០២៦ មន្ទីរពេទ្យបានព្យាបាលអ្នកជំងឺអេដស៍សរុប ៧៦៤នាក់ (ស្ត្រី ៣៥៣នាក់) ក្នុងនោះមានអ្នកមានប័ណ្ណសមធម៌ ៦១៦នាក់ និងអ្នកមិនមានប័ណ្ណសមធម៌ ១៤៨នាក់ ព្រមទាំងមានការស្រាវជ្រាវ និងផ្តល់ការបង្ការជំងឺឱកាសនិយមផ្សេងៗផងដែរ។

ថ្លែងនៅក្នុងព្រះវត្តមានដ៏ខ្ពង់ខ្ពស់នេះ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី បាន    សម្តែងនូវ ព្រះរាជហឫទ័យសោមនស្សរីករាយយ៉ាងខ្លាំង ចំពោះបេសកកម្មសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ជាមួយកាកបាទក្រហមកម្ពុជា។ ម្ចាស់ក្សត្រី បានមានព្រះរាជបន្ទូលបញ្ជាក់ថា៖«ក្នុងនាមជាប្រតិបត្តិករមនុស្សធម៌ និងជាសហការីរវាងគ្នា និងគ្នា ខ្ញុំមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា យើងនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ មនុស្សធម៌ឱ្យកាន់តែជិតស្និទ្ធ បន្ថែមទៀត រវាងសមាគមជាតិកាកបាទក្រហមកម្ពុជា និងសមាគមជាតិអឌ្ឍចន្ទក្រហមម៉ាឡេស៊ី។»

ម្ចាស់ក្សត្រី ក៏បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យបង្អែក សម្តេចឪ      សម្តេចម៉ែ ដែលបានបង្កើតនូវទីកន្លែងប្រកបដោយសុវត្ថិភាពក្នុងការផ្តល់សេវាធ្វើតេស្ត ប្រឹក្សាយោបល់ និងថែទាំព្យាបាលដល់អ្នកផ្ទុកមេរោគអេដស៍។ ព្រះអង្គបានមានព្រះរាជបន្ទូលបន្ថែមថា នៅប្រទេសម៉ាឡេស៊ី ក្រសួងសុខាភិបាល និងអឌ្ឍចន្ទក្រហមម៉ាឡេស៊ី ក៏បានធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍ ដើម្បីលុបបំបាត់ការរើសអើង ផ្តល់ការអប់រំ ពិគ្រោះយោបល់ និងផ្តល់ឱកាសឱ្យអ្នកជំងឺទទួលបានការថែទាំវេជ្ជសាស្ត្រស្មើភាពគ្នា ព្រមទាំងបង្កើតឱ្យមានក្រុមគាំទ្រតាមមូលដ្ឋាន ដើម្បីបង្កើនទំនុកចិត្ត និងផ្តល់កម្លាំងចិត្តដល់ពួកគេផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ឯក ឃុនដឿន អភិបាលរង រាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកផ្ទុកមេរោគអេដស៍ តាមរយៈសកម្មភាពមនុស្សធម៌ ការអប់រំផ្សព្វផ្សាយ ការលុបបំបាត់ការរើសអើង និងការលើកទឹកចិត្តដល់អ្នកជំងឺ និងកុមាររងផលប៉ះពាល់។

ឯកឧត្តម បានគូសបញ្ជាក់ថា ព្រះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ ម្ចាស់ក្សត្រី ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី នាពេលនេះ មិនត្រឹមតែបង្ហាញយ៉ាងច្បាស់នូវស្មារតីសាមគ្គីភាព និងភាពសប្បុរសធម៌ឥតរើសអើងរបស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិនោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចិត្តយ៉ាងធំធេង ជួយឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅជាមួយមេរោគអេដស៍ មានក្តីសង្ឃឹម និងភាពក្លាហានក្នុងការតស៊ូប្រឈមមុខនឹងជំងឺ ព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបញ្ឈប់ការរើសអើងនៅក្នុងសង្គមផងដែរ៕

អត្ថបទ៖ សំ ងីម

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia