Connect with us

ព័ត៌មាន

អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ

នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាប្រធានប្តូរវេន VECONAC 2026 អញ្ជើញជួបសវនាការជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ចូអៅ មីរីនដា Joao Miranda អនុប្រធានទី១ សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅសណ្ឋាគារ សាន់អ៊ែនម៉ូន ក្នុងឱកាសលោកឧត្តមសេនីយ៍ទោដឹកនាំប្រតិភូចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ និងមហាសន្និបាត VECONAC លើកទី២៥ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។

ជាកិច្ចស្វាគមន៍ ឯកឧត្តម គន់ គីម មានសេចក្តីសោមនស្សរីករាយ និង សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន ឯកឧត្តម ចូអៅ មីរីនដា (Joao Miranda) និងគណៈប្រតិភូមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ និងមហាសន្និបាត VECONAC លើកទី២៥។

ឯកឧត្តម គន់ គីម បានជម្រាបអំពីភាពជាប្រធានប្តូរវេន ហើយក៏ជាលើកទី២ ដែលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ និងមហាសន្និបាត VECONAC កាលពីឆ្នាំ២០១៩។

ឯកឧត្តម គន់ គីម មានប្រសាសន៍ថា ក្នុងនាម សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សូមសម្តែងការពេញចិត្ត និងគាំទ្រចំពោះសកម្មភាពកន្លងមករបស់សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេដែលបានចូលរួមអង្កេតការណ៍ជារៀងរាល់ឆ្នាំក្នុងឱកាសសមាជិកនៃសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន VECONAC ធ្វើជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះ។

ឯកឧត្តម គន់ គីម មានប្រសាសន៍ទៀតថា ភាពជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះជាលើកទី២របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា គឺជាមោទនភាពកម្ពុជា ក្នុងតំបន់ ដើម្បីបេសកកម្មលើកស្ទួយ សំដៅពង្រីកវិសាលភាព និងលើកទឹកចិត្តជាប្រយោជន៍ដល់អតីតយុទ្ធជន និងអ្នករងគ្រោះដោយសារសង្គ្រាម។

ឯកឧត្តម គន់ គីម សង្កត់ធ្ងន់ថា ក្នុងនាមជាសមាជិក VECONAC សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បន្តខិតខំប្រឹងប្រែង និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានស្អិតរមួតជាមួយបណ្តាប្រទេសជាសមាជិក ដើម្បីធានាដល់ចក្ខុវិស័យបេសកកម្មស្នូលរបស់VECONAC។

ជាកិច្ចឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ទោ ចូអៅ មីរីនដា បានថ្លែងអំណរគុណដល់ឯកឧត្តម គន់ គីម ដែលបានទទួលការស្វាគមន៍ និងសវនាការទ្វេភាគី ដើម្បីមិត្តភាព សមាគ្គីភាពរវាងប្រទេសទាំងពីរ។

ជាមួយគ្នា ឯកឧត្តម ឧត្តមសេនីយ៍ទោ ចូអៅ មីរីនដា សូមថ្លែងអំណរគុណ និងកោតសរសើរការបំពេញតួនាទី និងភាពជាម្ចាស់ផ្ទះរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងកិច្ចការជួយលើកកម្ពស់អតីតយុទ្ធជន និងជនរងគ្រោះដោយសារសង្គ្រាម។

ជាចុងបញ្ចប់ ភាគីទាំងពីរ បានប្តេជ្ញាចិត្តក្នុងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យបានល្អប្រសើរបន្ថែមទៀត សំដៅធ្វើយ៉ាងណាគាំទ្រ ការពារ និងផ្តល់អត្ថប្រយោជន៍ជូនអតីតយុទ្ធជន និងអ្នករងគ្រោះដោយសារសង្គ្រាម៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia