Connect with us

ព័ត៌មាន

សមត្ថកិច្ចចម្រុះខេត្តព្រះវិហារ ចុះបង្ក្រាបទីតាំងរុករករ៉ែមាសអនាធិបតេយ្យទ្រង់ទ្រាយធំ ចំនួន៥កន្លែង ដកហូតគ្រឿងម៉ាស៊ីន និងសម្ភារជាច្រើន

ព្រះវិហារ៖ កម្លាំងសមត្ថកិច្ចអាវុធហត្ថខេត្ត សហការជាមួយអាវុធហត្ថស្រុករវៀង កម្លាំងការពារក្រុមហ៊ុន ឌែល ខម (Delcom) មន្ទីររ៉ែ និងថាមពលខេត្ត បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងធ្វើអាជីវកម្មរុករករ៉ែមាសអនាធិបតេយ្យខុសច្បាប់ចំនួន ៥កន្លែង និងបានដកហូតសម្ភារបម្រើឱ្យសកម្មភាពល្មើសច្បាប់ជាច្រើន។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅចំណុចភ្នំលុង និងរំដេង ក្នុងភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ (ក្នុងដែនដីសម្បទានរបស់ក្រុមហ៊ុន Delcom)។

កិច្ចប្រតិបត្តិការនេះអនុវត្តឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងមានការសម្របសម្រួលនីតិវិធីពី លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ។

សមត្ថកិច្ចបានឱ្យដឹងថា ទីតាំងរុករករ៉ែមាសអនាធិបតេយ្យទាំង ៥កន្លែង ដែលមានរណ្តៅជ្រៅៗ ត្រូវបានរុះរើ ការប្រើប្រាស់គ្រឿងម៉ាស៊ីន និងសម្ភារខុសច្បាប់ប៉ុណ្ណោះ ដោយឡែកការជីករករ៉ែមាសលក្ខណៈគ្រួសារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មិនត្រូវបានរុះរើ ឬប៉ះពាល់ឡើយ។ នៅពេលកម្លាំងជំនាញចុះទៅដល់ទីតាំងកើតហេតុ មិនបានជួបប្រទះមុខសញ្ញា ឬជនសង្ស័យនោះទេ ដោយពួកគេត្រូវបានគេសង្ស័យថាបានដឹងខ្លួន និងលួចរត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ចទៅដល់។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចរឹបអូសវត្ថុតាងបម្រើឱ្យសកម្មភាពល្មើសច្បាប់ រួមមាន៖១.ម៉ាស៊ីនបាញ់ (ឈិត)៖ ចំនួន ០៦ឈុត ២.ម៉ាស៊ីនកិនអាចម៍ដីរ៉ែ៖ ចំនួន ០៥ឈុត ៣.ស្បៃចាប់មាស៖ ចំនួន ០៨ផ្ទាំង ៤.ទុយោ (មុខកាត់ ១តឹក)៖ ចំនួន ០២ខ្សែ ៥.ធ្វើការលុបរណ្តៅចាស់ផ្តេក (មុខកាត់ ៤x៤ម៉ែត្រ) ចំនួន ០១រណ្តៅ។ ក្រោយបញ្ចប់ប្រតិបត្តិការ វត្ថុតាង និងគ្រឿងម៉ាស៊ីនទាំងអស់ត្រូវបានកម្លាំងសមត្ថកិច្ចដឹកជញ្ជូនទៅរក្សាទុកនៅមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ ដើម្បីចាត់ការ និងបន្តនីតិវិធីតាមផ្លូវច្បាប់ ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia