Connect with us

ព័ត៌មាន

ឯកឧត្តម កែ គឹមយ៉ាន ចុះសួរសុខទុក្ខផ្ដល់អំណោយជូនដល់ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ១៤០០គ្រួសារ ក្នុងក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី

បន្ទាយមានជ័យ៖ ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ រួមទាំងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយចែកជូនទៅដល់បងប្អូន ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ចំនួន១៤០០គ្រួសារ នៅស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ នៅថ្ងៃទី២ ខែតុលា ឆ្នាំ ២០២៦។

ក្នុងឱកាសនោះឯកឧត្ដម កែ គឹមយ៉ាន បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក លើកទឹកចិត្ត ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំងអស់ នៃមហាគ្រួសារអ្នកខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម បានណែនាំឱ្យអាជ្ញាធរគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់តាមដាននូវរាល់ សភាពការណ៍ជំនន់ទឹកភ្លៀងឱ្យបានជាប់ជាប្រចាំ។ ឯកឧត្ដម ថ្លែងអំណរគុណចំពោះអាជ្ញាធរ គ្រប់ជាន់ថ្នាក់ កងកម្លាំងទាំងអស់ ដែលបានខ្នះខ្នែងជួយសង្រ្គោះ បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងនូវគ្រោះទឹកជំនន់។

ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងដំណាក់កាលដ៏លំបាកនេះ បញ្ហាជាចម្បង​ដែលប្រមុខរាជ​រដ្ឋាភិបាល តែងតែគិតគូរមុនដំបូងគេ គឺជួយសង្គ្រោះអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ ឱ្យរួចផុសពីទឹកជំនន់ ដោយបានចាត់ក្រុមការងារ ទាំងថ្នាក់ជាតិ ថ្នាក់ខេត្ត ក៏ដូចជាកងកម្លាំងពាក់ព័ន្ធ អាជ្ញាធរ ចុះជួយជម្លៀសបងប្អូនប្រជាពលរដ្ឋ​មកកាន់កាប់ដីរដ្ឋឱ្យ​បានទាន់ពេលវេលា មិនថាយប់ឬថ្ងៃឡើយ ។

ឯកឧត្តមបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ជារួម និងដោយឡែកសម្រាប់ប្រជាពលរដ្ឋដែល​រងគ្រោះ​ត្រូវតែបន្តយកចិត្តទុកដាក់សហការជាមួយ ​នឹងអាជ្ញាធរមូលដ្ឋាន​ផ្ដល់ព័ត៌មានផ្ដល់ព័ត៌មាន​ឱ្យគ្នាទៅវិញទៅមកជាប្រចាំផងដែរដើម្បីជួយដោះស្រាយ និងសូមថែរក្សាសុខភាព អនាម័យ រស់នៅស្អាត ហូបស្អាត ជៀសវាងនៅជំងឺដង្កាត់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុណាមួយ។

ឯកឧត្ដម បានបញ្ជាក់ថា ខណះពេលទឹកជំនន់បានស្រកចុះ អ្វីដែលយើងដោះស្រាយ គឺការស្តារ​ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលបានរងផលប៉ះពាល់ដោយសារទឹកជំនន់ឡើញវិញ ដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ​នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពេលចុះជួប​សំណេះសំណាលជាមួយបងប្អូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ក្នុងក្រុងប៉ោយប៉ែតកន្លងទៅ បានដាក់ចេញនូវបទបញ្ជា ទៅដល់ក្រុមការងារក្រសួងជំនាញ់ពាក់ព័ន្ធ ក៏ដូចជាក្រុមការងារ ត្រូវរិះរកវិធីសាស្ត្រក្នុងការស្ដារប្រព័ន្ធប្រឡាយបន្ថែមទៀត ​ដើម្បីការពារទឹកជំនន់នៅឆ្នាំបន្ទាប់ ពិសេសមានលទ្ធភាពស្តុកទឹកទុកសម្រេប់ប្រើប្រាស់នារដូវប្រាំង៕ឃិនសារិទ្ធ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia