Connect with us

ព័ត៌មាន

ប្រតិបត្តិការបង្ក្រាប Online Scam នៅប៉ោយប៉ែត ឃាត់ខ្លួនមនុស្សជិត៦០០នាក់

កម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) មួយកន្លែង នៅអគារកញ្ចក់កម្ពស់ ៣០ជាន់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេស និងជនជាតិខ្មែរ ជិត៦០០នាក់។ ការបង្ក្រាបនេះ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ។

មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបាន ឃាត់ខ្លួនចំនួន ៥៨៧នាក់ ក្នុងនោះមានស្ត្រី ១០៥នាក់ រួមមាន៖ ជនជាតិឥណ្ឌូនេស៊ី ៥១៨នាក់ ក្នុងនោះស្ត្រី ៧៦នាក់។ ជនជាតិថៃ ១៨នាក់ ក្នុងនោះស្ត្រី ៦នាក់។ ជនជាតិខ្មែរ ៥១នាក់ ក្នុងនោះស្ត្រី ២១នាក់។

ជាមួយគ្នានេះសមត្ថកិច្ចបានដកហូតសម្ភារ និងវត្ថុតាងពាក់ព័ន្ធមួយចំនួន ដើម្បីបន្តនីតិវិធី ស៊ើបអង្កេត និងចាត់ការតាមច្បាប់។

សមត្ថកិច្ចកំពុងបន្តសាកសួរ និងស្រាវជ្រាវបន្ថែម ដើម្បីកំណត់តួនាទីរបស់អ្នកពាក់ព័ន្ធ និងសកម្មភាពរបស់បណ្តាញនេះ មុនចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia