Connect with us

ព័ត៌មាន

លោកជំទាវ ចម និម្មល អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

នាឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី និងគណៈប្រតិភូ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងធំ ព្រមទាំងថ្នាក់ដឹកនាំ និងយោធិនជាច្រើនរូប។

ក្នុងស្មារតី «សមរភូមិក្រោយ ជួយគាំទ្រសមរភូមិមុខ» លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៤មក ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាអង្គភាពសម្ព័ន្ធមេត្រី តែងតែយកចិត្តទុកដាក់ និងគាំទ្រដល់បញ្ជាការដ្ឋានកាំភ្លើងធំជាបន្តបន្ទាប់ តាមរយៈការជួយកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងការឧបត្ថម្ភគ្រឿងឧបភោគបរិភោគជាប្រចាំ។ ការគាំទ្រទាំងនេះមានគោលបំណងឆ្លើយតបនឹងតម្រូវការជាក់ស្តែង និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់បងប្អូនវីរកងទ័ព។

ក្នុងឱកាសនៃការជួបសំណេះសំណាលនេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានប្រគល់ថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់នានាជូនបញ្ជាការដ្ឋានកាំភ្លើងធំ ដើម្បីរួមចំណែកបំពេញតម្រូវការប្រចាំថ្ងៃ និងអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ប្រកបដោយស្មារតីសាមគ្គីភាព និងការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងអង្គភាពសម្ព័ន្ធមេត្រីទាំងពីរ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia