Connect with us

ព័ត៌មាន

តំណាងរាស្រ្តខេត្តបន្ទាយមានជ័យ៖ ទោះបីមានការឈ្លានពានពីប្រទេសជិតខាង តែពលរដ្ឋកម្ពុជា នៅតែមានឱកាសធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លា

បន្ទាយមានជ័យ៖ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញកាន់វេនបិណ្ឌទី៨ ឆ្លងចូលវេនបិណ្ឌទី៩ នៅវត្តសិលាខ្មែរ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន បានសំណេះសំណាលជាមួយបងប្អូនប្រជាពុទ្ធបរិស័ទ ដែលបានចូលរួម និងបានបញ្ជាក់ថា ទោះបីមានការឈ្លានពានពីប្រទេសជិតខាង ពលរដ្ឋកម្ពុជានៅតែមានឱកាសធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លា និងបានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាជាជាតិសាសន៍មួយដែលមានទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនាយ៉ាងជ្រាលជ្រៅនៅក្នុងផ្លូវចិត្ត។

ឯកឧត្តម បន្តទៀតថា ទោះក្នុងកាលៈទេសៈខ្លះ ប្រទេសជាតិត្រូវប្រឈមមុខនឹងសង្គ្រាម ការគំរាមកំហែង ការឈ្លានពានពីសំណាក់ប្រទេសថៃយ៉ាងណាក៏ដោយ ក៏ស្មារតីសទ្ធាជ្រះថ្លារបស់ប្រជាពលរដ្ឋខ្មែរ នៅក្នុងការធ្វើបុណ្យទាន មិនដែលត្រូវបានរំលោះ ឬបាត់បង់ឡើយ។

ឯកឧត្តម បញ្ជាក់ថា សង្គ្រាម និងការរំលោភបំពានលើអធិបតេយ្យភាព អាចបង្កឱ្យមានភាពវឹកវរ ការព្រួយបារម្ភ និងការលំបាកក្នុងជីវភាពរស់នៅ។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋខ្មែរ ព្រះពុទ្ធសាសនាមិនត្រឹមតែជាសាសនារបស់រដ្ឋប៉ុណ្ណោះទេ តែជាទីពឹងខាងផ្លូវចិត្តយ៉ាងរឹងមាំ ជាពិសេសនៅក្នុងដំណាក់កាលដែលមានវិបត្តិ។ ក្នុងគ្រាដ៏លំបាក ស្មារតីនៃការរួមសាមគ្គីភាព និងការជ្រោមជ្រែងគ្នាកាន់តែស្តែងឡើងច្បាស់តាមរយៈសកម្មភាពបុណ្យទាន និងការធ្វើទាន ការរួមសាមគ្គី ពលរដ្ឋខ្មែរនៅតែបន្តប្រមូលផ្តុំគ្នាធ្វើបុណ្យ ជាពិសេសបុណ្យកាន់វេនបិណ្ឌ មានការរាប់បាត្រ វេរភត្តាហារប្រគេនព្រះសង្ឃ និងការបរិច្ចាគទានជួយដល់ជនភៀសសឹក និងកងទ័ពដែលកំពុងឈរជើងការពារទឹកដី។ នេះបង្ហាញថា ការធ្វេីទានមិនត្រឹមតែជាការធ្វើបុណ្យតាមវត្តអារាមប៉ុណ្ណោះទេ ប៉ុន្តែជាការចែករំលែកសេចក្តីស្រឡាញ់ និងការជួយគ្នាក្នុងគ្រាអាសន្នផងដែរ។

ទន្ទឹមគ្នានោះដែរឯកឧត្ដម កែ គឹមយ៉ាន និងលោកជំទាវ ក៏បានផ្តល់នូវអំណោយមួយចំនួនជូនដល់ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ចាស់ជរា ចំនួន៥០គ្រួសារ និងជូនសារ៉ុងដល់បងប្អូនពុទ្ធបរិស័ទដែលបានចូលរួមនៅក្នុងឱកាសនោះផងដែរ៕ឃិនសារិទ្ធ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia