Connect with us

ព័ត៌មាន

ទេសចរអន្តរជាតិពេញចិត្តខ្លាំងចំពោះការចូលទស្សនា និងទទួលយក​បទ​ពិសោធន៍​ការ​ធ្វើបុណ្យ​​កាន់​​បិ​ណ្ឌតាមវត្តអារ៉ាម

នៅក្នុងអំឡុងពេលតាមវត្តអារ៉ាមនានានៅកម្ពុជា មានការប្រារព្វពិធីបុណ្យកាន់បិណ្ឌ និង​ភ្ជុំ​បិណ្ឌ​រយៈ​ពេល​១៥​ថ្ងៃនេះ មានភ្ញៀវទេសចរ​អន្តរជាតិ​ច្រើន​ហូរ​ហែរ​ទទួល​បាន​ឱកាស​ដ៏​ល្អកា​រ​ចូល​ទស្សនា ​និងទទួលយកចំណេះដឹង បទពិសោធន៍ ពីការធ្វើបុណ្យកាន់បិណ្ឌ ដែលជា​ប្រពៃណី​ដ៏​ល្អ​បំផុត​របស់​ប្រជាពលរដ្ឋខ្មែរ។

ភ្ញៀវទេសចរអន្តរជាតិមកពីតាមប្រទេសនានា បានថ្លែងប្រាប់BTV នៅថ្ងៃទី៥ ខែតុលានេះថា នៅ​ក្នុង​ដំណើរ​កម្សាន្តទេសចរណ៍នៅកម្ពុជា ក្នុងអំឡុងពេលនេះ ភ្ញៀវទេសចរអន្តរជាតិនានា ក្រៅ​ពី​បាន​អញ្ជើញ​ទៅទស្សនាភាពអស្ចារ្យប្រាសាទអង្គរវត្តនៅខេត្តសៀមរាប ទស្សនា​សម្រស់​ទេសភាព​បៃតង​ក៏​ស្រស់​ស្អាតនៅតាមគោលដៅទេសចរណ៍នានា គឺគេក៏បានអញ្ជើញទស្សនា ទទួល​យក​ចំណេះ​ដឹង​ អនុស្សាវរីយ និងបទពិសោធន៍ល្អៗពីការធ្វើបុណ្យកាន់បិណ្ឌ ដែលមាន​ការ​បង្កប់​នូវ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ លើកិច្ចការគោរពដឹងគុណ ការសាងអំពើល្អ សាមគ្គីភាព ការសាង​សុខ​សន្តិភាព ដែលជាប្រពៃណីដ៏ល្អរបស់កម្ពុជា។

សូមបញ្ជាក់ថា ក្រសួងទេសចរណ៍ និង ក្រសួងធម្មការ និងសាសនា និងក្រសួងពាក់ព័ន្ធ បច្ចុប្បន្ន​ក៏​កំ​ពុងបង្កើនកិច្ចសហការរៀបចំ ឲ្យវត្តអារ៉ាមដែលមានអាយុកាលយូរឆ្នាំ ក្លាយជាវ​ត្ត​គោល​ដៅ​ទេសចរណ៍ គោលបំណងទាក់ទាញអ្នកទេសចរ ឲ្យស្នាក់នៅរយៈពេលយូរ ពិសេស​ឲ្យ​ទេសចរ​អន្តរជាតិស្វែងយល់ពីព្រះពុទ្ធសាសនានៅកម្ពុជា។

នៅទូទាំងប្រ​ទេសមា​នវត្តអារ៉ាមប្រមាណ៥ពាន់កន្លែង ហើយបើតាមការឲ្យដឹ​ងពី​ក្រសួង​ទេសចរណ៍​ មានវត្តមិនតិចជាង១០០នោះទេ ដែលអាចក្លាយជាវត្តទេសចរណ៍ប្រចាំប្រទេស។

យ៉ាង​ណាក្នុងអំឡុងពេលតាមវត្តអារ៉ាមប្រារព្វពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១រោច ដល់​ថ្ងៃ​១៥រោច ខែភទ្របទ ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ​២០២៦ នេះដែរ ក្រសួងទេសចរណ៍ ក៏បានចេញសេចក្តីជូនដំណឹងណែនាំ ប្រតិបត្តិករ​ទេសចរណ៍ ត្រូវពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងគោលដៅចូល​រួម​លើក​កម្ពស់​កិត្យា​នុភាព​ និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ ប្រកប​ដោយ​សុខ​សុវត្ថិភាព ភាពទាក់ទាញ ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ ក្នុង​ឱកាស​ពិធី​បុណ្យ​កាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឱ្យបានអធិកអធម ស្របតាមទំនៀមទម្លាប់ប្រពៃណី ព្រះ​ពុទ្ធសាសនា​។

ក្នុងសេចក្តីដំណឹងក៏បានសរសេរណែនាំឲ្យប្រតិករទេសចរណ៍នានា ត្រូវផ្តល់កិច្ច​សហការ​ល្អ​ជាមួយ​អាជ្ញាធរ​មានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់​សាធារណៈ និងរក្សាឱ្យបាននូវអនាម័យ ព្រមទាំងសោភណភាពតាមមូលដ្ឋានអាជីវកម្ម ត្រូវ​បង្ហាញ​ផលិតផល ឬសេវាកម្មអាជីវកម្មជាសាធារណៈតាមគ្រប់ទម្រង់ និងត្រូវរក្សាតម្លៃផលិតផល ឬ​សេវាកម្មឱ្យបានសមរម្យ ត្រូវរៀបចំដាក់តាំងព្រះឆាយាល័ក្ខណ៍ រៀបចំ​តុប​តែង​លម្អ​ទាំង​ផ្នែក​ខាង​ក្នុង​ និងផ្នែកខាងក្រៅនៃទីតាំងអាជីវកម្ម សូមបង្ហាញអំពី សីលធម៌ សុជីវធម៌ វប្បធម៌ខ្មែរ អត្ត​សញ្ញាណខ្មែរ ឬអត្តសញ្ញាណរបស់រាជធានី ខេត្ត និងមិនប្រាសចាកពីប្រពៃណី ទំនៀម​ទម្លាប់​ខ្មែរ​ជា​ដើម​៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia