Connect with us

ព័ត៌មាន

យុវជននៅខេត្ដសៀមរាបជាច្រើន ទៅទទួលពាក្យចូលរួមបំពេញកាតព្វកិច្ចយោធា

សៀមរាប៖ មកដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុចាប់ពី១៨ ដល់២៥ឆ្នាំ បានស្ម័គ្រចិត្តបំពេញពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦។ ការទទួលពាក្យ នៅតាមបណ្តាទីតាំងទទួលពាក្យ និងដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ក្នុងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង១៣ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ដោយដំណើរការទៅដោយរលូនប្រកបដោយស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់។

ក្រុមយុវជន ដែលបានទទួលពាក្យ នៅទីបញ្ជាការកងរាអាវុធហត្ថនៅក្រុងសៀមរាប នាថ្ងៃទី៥ខែតុលាឆ្នាំ២០២៦ បានលើកឡើងថា ការបំពេញកាតព្វកិច្ចចូលបំរើកងទ័ព បានធ្វើឱ្យយុវជនមានការយល់ដឹងនូវបទពិសោធន៍ក្នុងការពារជាតិមាតុភូមិរបស់ខ្លួន និងធ្វើឱ្យពួកគាត់មានចំណេះដឹងទាំងផ្នែកយោធា និងស៊ីវិល។ពួកគាត់បន្ថែមទៀតថា ការឆ្លងកាត់ជីវិតនៃការហ្វឹកហ្វឺនលើវិស័យយោធា ក៏ជាការបណ្ដុះផ្នត់គំនិតដល់យុវជនឱ្យចេះស្រលាញ់ប្រទេសជាតិ លើកកម្ពស់ស្មារតីស្នេហាជាតិ ក្នុងវ័យ១៨ឆ្នាំដល់វ័យ២៥ឆ្នាំនេះ ដែលជាវ័យដែលពួកគាត់មានផ្នត់គំនិតល្អៗនៅក្នុងខ្លួនរបស់ពួកគាត់។ ក្រុមយុវជនបានត្រៀមខ្លួនបំពេញកាតព្វកិច្ចយោធានេះ ក្រោយពីដាក់ពាក្យបំពេញរួចរាល់ ហើយរំពឹងថា ពួកគាត់ជាកម្លាំងត្រៀមសម្រាប់ថ្ងៃក្រោយ។ពួកគាត់ក៏បានគាំទ្រពេញទំហឹងជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្ដច្បាប់យោធា ព្រោះប្រទេសណាក៏ច្បាប់កាតព្វកិច្ចយោធានេះដែរ។

យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្ដសៀមរាប បានបង្ហាញថា ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៥ ខែតុលាឆ្នាំ២០២៦នេះ មានយុវជនជាង១០០០នាក់ ក្នុងនោះស្ដ្រីជាង២០០នាក់ បាននាំគ្នាទៅទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធានៅក្នុងក្រុងស្រុកទាំង១៣នៃខេត្ដសៀមរាប ដែលនេះ បានបង្ហាញឆន្ទៈស្ម័គ្រចិត្តដាក់ពាក្យចូលបំពេញកាតព្វកិច្ចយោធា។ការស្ម័គ្រចិត្តរបស់យុវជនទាំងនេះ បង្ហាញពីការយល់ដឹង និងការទទួលខុសត្រូវរបស់យុវជន ចំពោះកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាពលរដ្ឋខ្មែរ ព្រមទាំងឆន្ទៈក្នុងការចូលរួមបម្រើជាតិ និងសង្គម តាមរយៈការបំពេញកាតព្វកិច្ចយោធា៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia