ព័ត៌មាន
ត្រឡប់មកទីកំណើតដោយមោទនភាព … ពីកុមារីសាលាត្រាំ កញ្ញា ចាន់ ឆេងអូន ទៅជាអ្នកអប់រំជំនាន់ថ្មី នៅសាលាបឋមសិក្សាត្រាំ
កញ្ញា ចាន់ ឆេងអូន បេក្ខជនដែលមានលំដាប់ពិន្ទុខ្ពស់ដាច់គេ និងជាម្ចាស់ជ័យលាភីអាទិភាពទី១ ដែលមានសិទ្ធិពេញលេញ ក្នុងការសម្រេចចិត្តជ្រើសរើសកន្លែងបំពេញការងារមុនគេបង្អស់ នៅក្នុងដំណើរការរៀបចំបែងចែកកន្លែងការងារជូនបេក្ខជនជាប់បម្រុងកម្រិតបឋមសិក្សា (អាទិភាពទី១) ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។
ដោយគ្មានការស្ទាក់ស្ទើរ សំឡេងដ៏មុតមាំតែបង្កប់ដោយភាពរំភើបញាប់ញ័ររបស់នាងបានបន្លឺឡើងជ្រើសរើសយក «សាលាបឋមសិក្សាត្រាំ» ស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ទីតាំងនេះ មិនមែនត្រឹមតែជាកន្លែងធ្វើការ និងជិតផ្ទះរបស់នាងនោះទេ តែវាគឺជាសាលាអនុស្សាវរីយ៍ ដែលនាងធ្លាប់ជារាប់អាន និងរៀនសូត្រតាំងពីនៅជាកុមារីតូចមួយរូប។ ថ្ងៃនេះ កុមារីម្នាក់នោះ បានត្រឡប់មកវិញហើយ ក្នុងឋានៈជាគ្រូបង្រៀន។
កញ្ញា ចាន់ ឆេងអូន បានរៀបរាប់ទាំងស្នាមញញឹមថា “នាងខ្ញុំមានក្តីរំភើប និងសប្បាយរីករាយខ្លាំង ដែលទទួលបានឱកាសក្នុងការជ្រើសរើសកន្លែងបំពេញការងារជាគ្រូបង្រៀនមុនគេបង្អស់ សម្រាប់ការចាប់ប៉ុស្តិ៍នាព្រឹកនេះ។ នាងខ្ញុំបានសម្រេចចិត្តជ្រើសរើសយកសាលាបឋមសិក្សាត្រាំ ស្ថិតនៅក្នុងសង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ មូលហេតុចម្បង ដែលនាងខ្ញុំជ្រើសរើសទីតាំងនេះ ដោយសារតែនាងខ្ញុំរស់នៅសង្កាត់រកាក្រៅ ដែលមានទីតាំងស្ថិតនៅកៀកនឹងសាលារៀននេះផ្ទាល់ ងាយស្រួលក្នុងការធ្វើដំណើរ ហើយក៏ជាសាលារៀន ដែលនាងខ្ញុំធ្លាប់បានសិក្សាតាំងពីតូចផងដែរ។”
នៅពីក្រោយឈុតឆាកដ៏រំជួលចិត្តនេះ គឺជារលកនៃភាពជោគជ័យដ៏ធំបំផុតមួយនៃការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល ជាពិសេសគឺ ការប្រែក្លាយប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ ឱ្យទៅជាប្រព័ន្ធមួយដែលផ្អែកលើ គុណាធិបតេយ្យយ៉ាងពិតប្រាកដ ព្រមទាំងការបង្កើតយន្តការរក្សាបញ្ជីបម្រុងដ៏វៃឆ្លាត។
កញ្ញាបានបន្ថែមទាំងក្ដីរីករាយចំពោះយន្តការរបស់ក្រសួងថា “នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានបើកឱ្យមានការជ្រើសរើសកន្លែងការងារ សម្រាប់បេក្ខជនបម្រុងនេះឡើង។ យន្តការរក្សាបញ្ជីបម្រុង និងការផ្តល់ឱកាសឱ្យទទួលបានការបណ្តុះបណ្តាលគរុកោសល្យ គឺល្អមែនទែន។ សម្រាប់បេក្ខជន ទោះបីជាមិនទាន់ទទួលបានប៉ុស្តិ៍ការងារភ្លាមៗ ក៏យើងមានឱកាសបានរៀនសូត្រ ទទួលបានចំណេះដឹង និងសញ្ញាបត្រពិតប្រាកដ ដើម្បីយកទៅប្រើប្រាស់ក្នុងអាជីព ដោយមិនបាត់បង់ឱកាសចោលនោះទេ។”
កញ្ញា ឆេងអូន ដែលធ្លាប់ជាយុវតីម្នាក់មិនសូវខ្វាយខ្វល់ពីរឿងប្រឡងចូលរដ្ឋ បានប្រែក្លាយជាសាក្សីរស់នៃយុត្តិធម៌នេះ។ នាងបានរៀបរាប់ទាំងស្នាមញញឹម និងកែវភ្នែកពោរពេញដោយជំនឿចិត្តថា “និយាយស្មោះត្រង់ទៅ កន្លងមកនាងខ្ញុំមិនសូវស្គាល់ពីក្រសួងមុខងារសាធារណៈនោះទេ។ ប៉ុន្តែចាប់តាំងពីបានចូលរួមការប្រឡងប្រជែង រហូតមកដល់ដំណើរការចាប់ប៉ុស្តិ៍នាព្រឹកនេះ នាងខ្ញុំសង្កេតឃើញថា ការរៀបចំទីតាំង បរិបទការងារ និងប្រព័ន្ធការងារ គឺមានភាពហ្មត់ចត់ គ្រប់ជ្រុងជ្រោយខ្លាំងណាស់។ ការរៀបចំដ៏ច្បាស់លាស់បែបនេះ ធ្វើឱ្យនាងខ្ញុំ ក៏ដូចជាបេក្ខជនទាំងអស់ មានអារម្មណ៍កក់ក្ដៅ និងជឿជាក់យ៉ាងមុតមាំថា យើងពិតជាទទួលបានភាពយុត្តិធម៌ សមធម៌ និងតម្លាភាពពិតប្រាកដពីស្ថាប័នរដ្ឋ។”
យន្តការថ្មីនៃការរក្សាបញ្ជីបម្រុង និងការផ្តល់ឱកាសបណ្តុះបណ្តាលគរុកោសល្យ ដែលក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំបានរួមគ្នាអនុវត្ត គឺជានិមិត្តរូបនៃការមិនបោះបង់ធនធានមនុស្ស។ កញ្ញាបានបញ្ជាក់បន្ថែមទាំងក្ដីរំភើបថា “យន្តការនេះគឺល្អអស្ចារ្យមែនទែន។ សម្រាប់បេក្ខជន ទោះបីមិនទាន់បានប៉ុស្តិ៍ការងារភ្លាមៗ ក៏ក្តីសង្ឃឹមមិនបានស្លាប់ដែរ។ យើងនៅតែមានឱកាសរៀនសូត្រ ទទួលបានចំណេះដឹង និងសញ្ញាបត្រពិតប្រាកដ ដើម្បីយកទៅប្រើប្រាស់ក្នុងអាជីព ដោយមិនបាត់បង់ឱកាសចោលឡើយ។”
ជាមួយនឹងកិច្ចព្រមព្រៀងការងារថ្មីនៅក្នុងដៃ អតីតបុគ្គលិកវិស័យឯកជនរូបនេះ មិនបានដើរចូលសាលាបឋមសិក្សាត្រាំក្នុងនាមត្រឹមជាមន្ត្រីរដ្ឋ (គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ)នោះទេ នាងដើរចូលក្នុងនាមជាអ្នកកែប្រែជោគវាសនាជាតិ។ នាងបានទម្លាក់ពាក្យប្តេជ្ញាចិត្តយ៉ាងធ្ងន់ និងមុតស្រួចថា”សម្រាប់នាងខ្ញុំដែលធ្លាប់បំពេញការងារនៅក្នុងវិស័យឯកជនកន្លងមក នាងខ្ញុំយល់ច្បាស់ថា ការរីកចម្រើនទៅមុខរបស់ក្មេងៗតូចៗ គឺអាស្រ័យលើគ្រូបង្រៀន។ ដូច្នេះ នាងខ្ញុំប្ដេជ្ញាចិត្តថា នឹងមិនដើរតួត្រឹមតែជាគ្រូបង្រៀនឱ្យតែបានៗ ឬទៅតែសំបកក្រៅនោះឡើយ ពោលគឺនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ប្រើប្រាស់រាល់ចំណេះដឹង និងគរុកោសល្យ ដើម្បីអប់រំសិស្សានុសិស្សឱ្យដើរទាន់សម័យកាល ព្រមទាំងយកមកអនុវត្តឱ្យស្របទៅនឹងការងារជាក់ស្តែង។”
រឿងរ៉ាវរបស់កញ្ញា ចាន់ ឆេងអូន មិនមែនត្រឹមតែជាជ័យជម្នះរបស់បុគ្គលម្នាក់នោះទេ ប៉ុន្តែវាគឺជាជ័យជម្នះនៃប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជាថ្មី តាមរយៈការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលកំពុងដើរលើគន្លងត្រឹមត្រូវ ក្នុងការផ្តល់តម្លៃពិតប្រាកដដល់សមត្ថភាព និងកសាងនូវធនធានមនុស្សដើម្បីអនាគតជាតិយ៉ាងពិតប្រាកដ។




-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម