Connect with us

ព័ត៌មាន

រយៈពេល៦ថ្ងៃ យុវជន យុវនារីខ្មែរ​ចូលរួ​មដោយ​ស្ម័គ្រចិត្ត​បំពេញ​កាតព្វកិច្ច​យោធា​ជា​ច្រើន​ប្រកប​ដោយ​ឆន្ទៈ​មោះមុត

ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ មានបងប្អូនយុវជន យុវនារីខ្មែរ ជា​ច្រើន​កុះ​ករ​បាន​បន្ត​មក​ទទួល​ពាក្យសុំ ដោយស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ប្រកបដោយ​ឆន្ទៈ​មោះ​មុត ​និងមានមោទនភាពបំផុត ខណៈសកម្មភាព​នេះ​បង្ហាញ​ថា​យុវជន​ខ្មែរ​ពិត​ជា​ចង់​បម្រើ​កងទ័ព ដើម្បី​ការពារ​អធិបតេយ្យ និងបូរណភាពទឹក។

តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV បងប្អូនយុវជន យុវនារីខ្មែរ ដែលបានចូលមកទទួល ពាក្យ​ស្នើ​សុំបំពេញកាតព្វកិច្ចនេះ ភាគច្រើនពួកគេលើកឡើងថា អ្វីដែលពួកគេ​មក​គឺ​មាន​គោល​បំណង​ធំ​បំផុត​គឺការពារជាតិ លះបង់ជីវិតដើម្បីជាតិ បំពេញកាតព្វកិច្ចចំពោះជាតិ ហើយ​ការ​ចូល​បំពេញ​កាតព្វ​កិច្ចនេះ មិនមែនជាបន្ទុករបស់ពួកគេទេ គឺជា​កាតព្វកិច្ច​របស់​ពួក​គេ​ដែលត្រូ​វធ្វើ​និង​ត្រូវ​ចូល​រួម​ដោយគ្មានការភ័យខ្លាចនឹងការបាត់បង់ជីវិតនោះឡើយ។

សូមបញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជា និងគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បាន​ទទួល​ពាក្យ​ស្នើ​សុំបំពេញកាតព្វកិច្ចយោធាកាលពីថ្ងៃទី១ខែតុលា ឆ្នាំ២០២នេះ ក្រោយបើក​ការ​ទទួល​ពាក្យ​គេ​សង្កេត​ឃើញ​យុវជននៅគ្រប់បណ្តារាជធានី និងខេត្តទាំងអស់​ទៅ​ទទួល​ពាក្យ​ស្នើ​សុំ​នៅ​មូល​ដ្ឋាន​កង​រាជអាវុធហត្ថតាម ក្រុង-ស្រុក-ខណ្ឌ ខណៈរាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោល​ការណ៍​ឱ្យ​អនុវត្តច្បាប់នេះ គឺសំដៅកសាងកម្លាំងការពារជាតិឱ្យកាន់តែមានសមត្ថភាព និង​វិន័យ​ដែល​ជា​តម្រូវ​ការរបស់ជាតិ។

បើតាមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​ការពារ​ជាតិ​បាន​បញ្ជាក់​ថា​ការ​ការពារជាតិមាតុភូមិ និងបូរណភាពទឹកដីជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុង​បរិបទ​ដែល​សង្គម និងបច្ចេកវិទ្យាកំពុងមានការប្រែប្រួលយ៉ាងរហ័ស ប្រទេសជាតិ​ចាំបាច់ត្រូ​វ​មាន​កម្លាំង​ដែល​ទទួលបានការហ្វឹកហ្វឺនមានចំណេះដឹង ជំនាញមានវិន័យ និងសមត្ថភាព ធានា​ដើម្បី​ការ​ពារ​អធិបតេយ្យភាព បូរណភាពទឹកដី ប្រជាជន និងសុខសន្តិភាពជាដើម។

នាយ​ឧត្តមសេនីយ៍ ទៀ សីហា បានកលើកឡើងកាលពីកន្លងទៅថា ប្រទេសជាតិ និង​រាជ​រដ្ឋាភិបាល ត្រូវការកម្លាំងធនធានមនុស្សប្រកបដោយគុណភាព ការអនុវត្តកាតព្វកិច្ចយោធា និង​ផ្តល់​នូវ​ចំណេះដឹង វិន័យ ស្មារតីជួយគ្នា ការទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួន ដែល​អាច​ចូល​រួម​ចំណែក​ក្នុង​ការបម្រើជាតិមាតុភូមិនៃយើង។ ការចូលរួមហ្វឹកហាត់ នឹងធ្វើឱ្យ​យុវជន​ពង្រឹង​កម្លាំង​កាយ​ចិត្តគំនិត វិន័យ ប្រកបដោយជំនាញបទពិសោធន៍ អាចបង្កើនភាពជឿជាក់ មាន​ទំនុក​ចិត្ត​កាន់​តែប្រសើរ មានមូលដ្ឋានល្អសម្រាប់ការសិក្សា ការងារ និងជីវិត ក្រោយពេលបញ្ចប់​ការ​អនុវត្ត​កាតព្វ​កិច្ច​យោធានេះ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia