Connect with us

ព័ត៌មាន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ពង្រឹង​ការ​សិក្សា​ភ្ជាប់​ជំនាញ និងសីលធម៌

ភ្នំពេញ៖ នៅក្នុងឱកាសអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រ (១៩៤៦-២០២៦) លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានជំរុញដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ នៅក្នុងសាកលវិទ្យាល័យមួយនេះ ត្រូវពង្រឹងនូវគុណភាពការអប់រំ និងការ​បណ្ដុះ​បណ្ដាល​ ដោយផ្សារភ្ជាប់ចំណេះដឹងវេជ្ជសាស្ត្រ ជំនាញបច្ចេកទេស និងសីលធម៌ វិជ្ជាជីវៈ។

ក្នុងពិធីបើកសន្និសីទវិទ្យាសាស្ត្រ និងអបអរសាទរខួប៨០ឆ្នាំ នៃការ​បង្កើត​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បានមាន​ប្រសាសន៍​ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ធ្លាប់បានគូសបញ្ជាក់ថា សុខភាព​ប្រជាជន​ គឺជាទ្រព្យធនដ៏សំខាន់មួយ។ ក្នុងន័យនេះ បេសកកម្មសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល គឺមិនមែនត្រឹមតែបណ្ដុះបណ្ដាល ជំនាញសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើធនធានមនុស្ស សុខភាពរបស់ជាតិ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្ថែមថា បច្ចុប្បក្រោមក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ការលើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាជន ត្រូវបានចាត់ទុកជាអាទិភាពដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍមូលធនមនុស្ស។ ក្នុងន័យនេះ ការអភិវឌ្ឍន៍នូវធនធានមនុស្សសុខាភិបាល ការពង្រឹងគុណភាពអប់រំវិជ្ជាជីវៈសុខាភិបាល ការលើកកម្ពស់ស្រាវជ្រាវ នវានុវត្តន៍ និងការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាល គឺជាផ្នែកដ៏សំខាន់មួយ ក្នុងការឆ្លើយតបតម្រូវការសុខភាពរបស់ប្រជាជន និងបញ្ហាប្រឈមសុខភាពនាពេលអនាគត ។

លោកជំទាវបណ្ឌិត បានជំរុញសន្នីសីទវិទ្យាសាស្ត្រ រយៈពេល២ថ្ងៃនេះ មិនត្រឹមតែជាការធ្វើបទបង្ហាញ ឬកិច្ចពិភាក្សាប៉ុណ្ណោះទេ ប៉ុន្តែមានការបង្កើតកិច្ចសហការថ្មី ការស្រាវជ្រាវថ្មី គំនិតថ្មី និងសកម្មភាពជាក់ស្ដែង ដែលចូលរួមកែលម្អសុខភាពប្រជាពលរដ្ឋ ។ ពិតណាស់ថា ជាសាកលវិទ្យាល័យ មន្ទីរពេទ្យ ក្រសួង ឬស្ថាប័នណាមួយ ដោះស្រាយបញ្ហាសុខាភិបាលដ៏ស្មុគស្មាញនេះ តែម្នាក់ឯងបាននោះទេ ដូច្នេះភាពជាដៃគូ ការចែករំលែកចំណេះដឹង និងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ គឺជាគន្លឹះមួយដ៏មានសារសំខាន់បំផុត ។

ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានឲ្យដឹងថា ចាប់តាំងពីបង្កើតឡើង នៅឆ្នាំ១៩៤៦ សាកលវិទ្យាល័យវិទ្យសាស្ត្រសុខាភិបាល បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិជ្ជាជីវៈសុខាភិបាល និងប្រព័ន្ធសុខាភិបាលនៅកម្ពុជា ដោយក្នុងនោះបានបណ្ដុះបណ្ដាលវេជ្ជបណ្ឌិត ឱសថការី ទន្តបណ្ឌិត គិលានុបដ្ឋាក អ្នកជំនាញសុខភាពសាធារណៈ និងអ្នកជំនាញសុខាភិបាលជាច្រើនជំនាញទៀត ហើយអតីតនិស្សិតទាំងអស់នោះ បានទៅបម្រើការងារនៅទូទាំងប្រទេស មានតាមមន្ទីរពេទ្យ មណ្ឌលសុខភាព សាកលវិទ្យាល័យ ស្ថាប័នស្រាវជ្រាវ ស្ថាប័នរដ្ឋាភិបាល និងនៅសហគមន៍ ។

ឯកឧត្តមបានបន្តថា ដើម្បីឲ្យវិស័យសុខាភិបាលនៅកម្ពុជា រួមចំណែកកាន់តែខ្លាំងក្នុងការកសាងកម្ពុជា ដែលមានសុខភាពល្អ មានភាពធន់ និងត្រៀមខ្លួនត្រឹមត្រូវ ដើម្បីឆ្លើយតបនឹងតម្រូវការសុខភាពនាពេលអនាគត សន្និសីទនេះ នឹងពិភាក្សាលើប្រធានបទមួយចំនួន ក្នុងនោះទី១. ផ្ដោតលើអនាគត នៃការអប់រំអ្នកជំនាញសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាល, ទី២. ផ្ដោតលើការត្រៀមលក្ខណៈសម្រាប់ជំងឺរាតត្បាត និងការគំរាមកំហែងសុខភាពដែលកំពុងកើតឡើង និងទី៣. ផ្ដោតលើបញ្ហាប្រឈមផ្នែកសុខភាពដ៏សំខាន់មួយ សម្រាប់ទសវត្សរ៍ខាងមុខ គឺជំងឺមិនឆ្លង និងការកើនឡើងនៃប្រជាជនវ័យចាស់៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia