Connect with us

ព័ត៌មាន

បណ្ដាវត្តនៅភ្នំពេញរៀបចំទេយ្យទានក្នុងរដូវភ្ជុំផ្ដល់ជូនទៅពលរដ្ឋភៀសសឹក និងកងទ័ពជួរមុខក្នុងស្មារតីសាមគ្គីជាតិ

បណ្ដាវត្តអារាម នៅរាជធានីភ្នំពេញ បានរៀបចំបែងចែកទេយ្យទាន ដែលទទួលពីពុទ្ធបរិស័ទ្ធ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ សម្រាប់ជូនទៅពលរដ្ឋភៀសសឹក និងកងទ័ពជួរមុខ ក្នុងស្មារតីសាមគ្គីភាព។

ព្រះសតិមង្គល អ៊ុក ង៉ូវ ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្ត ពិភទ្ទរង្សី ហៅវត្ត ចិនដំដែក ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានសង្ឃដីការប្រាប់ BTV នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ ថា នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ពុទ្ធបរិស័ទ្ធនៅភ្នំពេញ និងតាមបណ្ដាខេត្តបានប្រារព្ធពិធីបុណ្យយ៉ាងអធិកអធមតាមទំនៀមទម្លាប់។ សម្រាប់វត្តពិភទ្ធរង្សី ក៏មានពុទ្ធបរិស័ទ្ធមកច្រើនជាហូរហែផងដែរ ហើយវត្តមានរៀបចំនូវអាហារសម្រាប់ជូនទៅពលរដ្ឋដែលនាំកូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ៣ពេល ក្នុងមួយថ្ងៃ ចាប់តាំងពីកាន់បិណ្ឌវេន១មក។

ព្រះគ្រូចៅអធិការបញ្ជាក់ ថា ទន្ទឹមនិងការចែកទានជាអាហារនេះ វត្តរបស់ព្រះអង្គក៏បានរៀបចំបែងចែកវេចខ្ចប់នូវទេយ្យទានដែលទទួលបានពីពុទ្ធបរិស័ទ្ធ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ សម្រាប់បញ្ជូនទៅប្រជាពលរដ្ឋភៀសសឹក និងកងទ័ពជួរមុខផងដែរ។ ហើយទេយ្យទានទាំងអស់នេះ នឹងនាំទៅក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌ ខណៈព្រះអង្គបាននិមន្តទៅជាមួយគណៈសង្ឃរាជធានីភ្នំពេញជាច្រើនលើករួចហើយ ដែលចូលរួមជាបច្ច័យជាង ៤០លានរៀល ចាប់តាំងពីសង្រ្គាមថៃឈ្លានពាន កាលពីឆ្នាំ២០២៥។ ព្រះគ្រូចៅអធិការសង្កត់ធ្ងន់ ថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏ព្រះសង្ឃបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយទំនុកបំរុងពលរដ្ឋភៀសសឹក ដែលជួបទុក្ខព្រោះការឈ្លានពានពីប្រទេសថៃ។ ហើយចំពោះទេយ្យទាន ដែលនឹងបន្តបញ្ជូនទៅព្រំដែននេះ ធ្វើឡើងក្នុងស្មារតីសាមគ្គីជាតិ ព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម។

ពុទ្ធបរិស័ទ្ធ កាំង ច័ន្ទរស្ម័ ដែលនាំក្រុមគ្រួសារទៅប្រគេនទេយ្យទានក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី១០ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ ប្រាប់ថា ការមកធ្វើបុណ្យក្នុងរដូវភ្ជុំបិណ្ឌនេះ គឺជាការថែរក្សាវប្បធម៌ប្រពៃណីសាសនា ឧទ្ទិសកុសលជូនបុព្វការីជនដែលធ្វើមរណកាលទៅ។ ហើយមួយវិញទៀត ក៏ដើម្បីឧទ្ទិសដល់ពលរដ្ឋ និងវីរៈកងទ័ពដែលពលីក្នុងសង្រ្គាមថៃឈ្លានពានផងដែរ។

ចំណែកលោក ចាន់ ឡេង ពលរដ្ឋរស់នៅរាជធានីភ្នំពេញមួយរូបទៀត ប្រាប់ថា ការមកធ្វើបុណ្យក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីឧទ្ទិសដល់ញាតិដែលធ្វើមរណកាលទៅ និងដើម្បីជាគំរូដល់កូន និងចៅ។ ហើយអ្វីដែលលោក និងក្រុមគ្រួសារ ពេញចិត្តក្នុងការមកកាន់វត្តពិភទ្ធរង្សី គឺវត្តនេះជាវត្តចំណាស់ក្នុងរាជធានីភ្នំពេញ ហើយគណៈគ្រប់គ្រងវត្ត ព្រះគ្រូចៅអធិការ តែងតែចូលរួមកិច្ចការសង្គមជាប់ជាប្រចាំ។ ជាក់ស្ដែងការបែងចែកស្បៀងទៅព្រំដែន សម្រាប់ពលរដ្ឋភៀសសឹក និងកងទ័ព លោកមានសទ្ធាជ្រះថ្លាយ៉ាងក្រៃលែង ដែលទានរបស់លោកបានធ្វើហើយ បានទ្រទ្រង់ព្រះសង្ឃ ក្នុងសាសនាហើយ ក៏បានទៅដល់ដៃជនរួមជាតិដែលជួបទុក្ខលំបាកព្រោះសង្រ្គាមថៃឈ្លានពានថែមទៀត។

លោក ចាន់ ឡេង ក្នុងនាមពលរដ្ឋវ័យចំណាស់ ដែលឆ្លងកាត់ច្រើនសម័យកាលរបស់សង្គមជាតិ អំពាវនាវដល់ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ពិសេសយុវជន សូមមានស្មារតីសាមគ្គីជាតិឱ្យរឹងមាំខ្លាំងក្លាបន្តទៅមុខទៀត ពីព្រោះមានតែកម្លាំងសាមគ្គីជាតិប៉ុណ្ណោះ ទើបជាតិខ្មែររុងរឿង សត្រូវមិនហានប្រមាថឈ្លានពាន។ ហើយសូមឱ្យពលរដ្ឋបន្តស្រាក់ដៃគ្នាជួយពលរដ្ឋភៀសសឹក រហូតដល់រាជរដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែនត្រឡប់មកប្រក្រតីភាពឡើងវិញ។

គួររំឭកជូន ថា យោធាថៃបានឈ្លានពានកម្ពុជា ចំនួនពីរលើក កាលពីឆ្នាំ២០២៥ បង្ខំពលរដ្ឋខ្មែរជាង ៦សែន ៤ម៉ឺននាក់ ចាកចេញពីផ្ទះសម្បែង។ ហើយបើទោះបីបច្ចុប្បន្នមានបទឈប់បាញ់ តែភាគីថៃ នៅតែបង្កអរិភាព ក្នុងតំបន់មួយចំនួននៅព្រំដែន រារាំងពលរដ្ឋប្រមាណ ២ម៉ឺននាក់ទៀត មិនទាន់អាចវិលទៅផ្ទះកំណើតវិញបាន និងកំពុងស្ថិតក្រោមការគាំពារ ពីរាជរដ្ឋាភិបាល ក្នុងភូមិរង់ចាំ ក្នុងខេត្តបន្ទាយមានជ័យ ឧត្ដរមានជ័យ និងខេត្តព្រះវិហារ ខណៈការតវ៉ាតាមផ្លូវច្បាប់អន្ដរជាតិ រាជរដ្ឋាភិបាលកំពុងបន្តធ្វើ និងប្រកាសប្រឆាំងដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែនដោយកម្លាំងទ័ព៕ អត្ថបទ ៖ លៀ ស៊ីណា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia