Connect with us

ព័ត៌មាន

អ្នកនាំពាក្យ៖ តម្លៃនៃសន្តិភាព គឺជាការលះបង់ដ៏ធំធេង និង​គ្រប់​ទម្រង់​ដែល​ធ្វើ​ឡើង​ដោយ​អតីត​យុទ្ធជន និងនិវត្តជន

នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បាន​រំឭក​ឡើង​វិញ​នូវ​ប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុង​ពិធី​បើក​មហា​សន្និបាតសហព័ន្ធ អតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥ កាល​ពី​ថ្ងៃទី​៥ ខែតុលានេះថា តម្លៃនៃសន្តិភាពគឺជាការលះបង់ដ៏ធំធេង និងគ្រប់​ទម្រង់​ដែល​ធ្វើ​ឡើង​ដោយ​អតីតយុទ្ធជន និងនិវត្តជន។

ឯកឧត្តម ប៉ែន បូណា បានរំឭកថា អាស៊ីអាគ្នេយ៍​បាន​ឆ្លង​កាត់​ប្រវត្តិសាស្ត្រ​ដ៏​ស្មុគ​ស្មាញ​ក្រោយ​សង្គ្រាម​លោក​លើក​ទី២។ សង្គមក្រោយអាណានិគមរបស់យើង ត្រូវបានកសាងសមិទ្ធិផល​កើត​ចេញ​ពី​ការ​រំដោះចេញពីការលះបង់ «សាច់ស្រស់ ឈាមស្រស់» របស់អតីតយុទ្ធជន និង​និវត្ត​ទាំង​សមរ​ភូមិជួរមុខ និងជួរក្រោយ។ សម្រាប់ឥណ្ឌូចិន យើងនៅមានសង្គ្រាមអូស​បន្លាយ​ជាច្រើន​ឆ្នាំក្នុ​ង​សម័យ​សង្គ្រាមត្រជាក់ ហើយសម្រាប់កម្ពុជា ដែលមានសង្គ្រាមយូរជាងគេនៅអាស៊ីអាគ្នេយ៍ យើង​យល់​យ៉ាងច្បាស់អំពីតម្លៃនៃសន្តិភាព ក៏ដូចជាការលះបង់ដ៏ធំធេង និងការលះ​បង់​គ្រប់​ទម្រង់​ដែល​ធ្វើឡើ​ងដោយអតីតយុទ្ធជន និងនិវត្តជន ក្នុងការរួមចំណែកដល់ការកសាងជាតិ និង​ការ​ការពារ​ជាតិ។ នេះជាប្រសាសន៍គូសបញ្ជាក់របស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដី។

សម្តេចធិបតីក៏បានបញ្ជាក់ថា មិនថាស្ថិតនៅកម្ពុជា ឥណ្ឌូចិន ឬតំបន់អាស៊ានទាំងមូលនោះទេ យើង​ចាត់​ទុកអតីតយុទ្ធជនជាអ្នកការពារប្រវត្តិសាស្ត្រ ឯករាជ្យភាព អធិបតេយ្យភាព បូរណ​ភាព​ទឹកដី និងសិទ្ធិក្នុងការកំណត់វាសនា ក្នុងការជ្រើស​រើស​មាគ៌ា​អភិវឌ្ឍន៍​ដែល​សម​ស្រប​ទៅ​នឹង​បរិបទ​ប្រវត្តិសាស្ត្រ និងវប្បធម៌នៃសង្គមជាតិនីមួយៗ។ សម្រាប់កម្ពុជា សន្តិភាព និងការបង្រួប​បង្រួម​ជាតិ​ពេញលេញ ដែលយើងទទួលបាននៅពេលនេះ មិនមែនកើតឡើងដោយ​ចៃដន្យ​នោះ​ទេ​។​ ពិភពលោកទាំងមូលទទួលស្គាល់កម្ពុជាយ៉ាងច្បាស់ តាមរយៈការអនុវត្ត «នយោបាយឈ្នះ-ឈ្នះ» ជាមួយនឹងគតិបណ្ឌិតដ៏ឈ្លាសវៃរបស់អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ដែល​បច្ចុប្បន្ន​ជា​ប្រធានព្រឹទ្ធសភា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈនយោបាយឈ្នះ-ឈ្នះ កម្ពុជា បានបញ្ចប់​សង្គ្រាម​ស៊ីវិល​រាំរ៉ៃជាច្រើនទសវត្សរ៍ ដណ្តើមបានមកវិញនូវឯកភាពជាតិ ឯកភាពទឹកដី និង​សម្រេច​បាន​សន្តិភាពពេញលេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំកន្លងមក។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីក៏បានថ្លែងបញ្ជាក់ដែរថា ការ​បង្កើត​ពាក្យស្លោក «អរគុណសន្តិភាព» គឺមានគោលបំណងបំផុសស្មារតីជាតិឱ្យស្រឡាញ់ យល់ដឹង និង​ចូល​រួម​ការពារសន្តិភាព។ ពាក្យស្លោកនេះក៏បង្ហាញពីការដឹងគុណ និងការកោតស​រសើរ​ចំពោះអ​តី​ត​យុទ្ធជន និងនិវត្តទាំងឡាយ ដែលបានរួម​ចំណែក​ដ៏ធំធេង​កសាង​គ្រឹះ​ដ៏រឹងមាំ​នៃ​សន្តិភាព​សម្រាប់​កម្ពុជា​ ជាប្រទេសដែលធ្លាប់ត្រូវបានគេស្គាល់ថា ជាទឹកដីដែលរង​ទុក្ខ​វេទនា​ដ៏​អាក្រក់​បំផុត​ដោយ​សារ​កត្តាប្រវត្តិសាស្ត្រ និងភូមិសាស្ត្រ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia