Connect with us

ព័ត៌មាន

បញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេច​ធិបតី

ពោធិ៍សាត់៖ បន្ទាប់ពីមានការអំពាវនាវ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឲ្យលោកស្រី សែម សុខគា ចូលមកស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង (ឬហៅថា បុប្ផាលាក់ខ្លួន) នៅភ្នំ១៥០០ ក្នុងខេត្តពោធិ៍សាត់។ នៅព្រឹកថ្ងៃទី៦ ខែតុលា នេះ លោកស្រី សែម សុខគា បានចូលមកប្រជុំដោះស្រាយ នៅសាលាខេត្តពោធិ៍សាត់ ក្រោមការដឹកនាំសម្របសម្រួលដោយ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ តំណាង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងដោយមានការចូលរួមពីមន្ត្រីជំនាញនិងអាជ្ញាធរពាក់ព័ន្ធ។

ក្រោយកិច្ចប្រជុំពិភាក្សាគ្នាពេញមួយព្រឹក ករណីរបស់លោកស្រី សែម សុខគា ពាក់ព័ន្ធនិងបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង ត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យ ដោយលោកស្រី សែម សុខគា បានទទួលស្គាល់ការពិត និងទទួលយកការដោះស្រាយដោយពេញចិត្ត ហើយលោកស្រី សូមទោសដល់ថ្នាក់ដឹកនាំចំពោះការយល់ច្រឡំកន្លងមក ហើយថ្លែអំណរគុណដល់សម្តេច ធិបតី ដែលមិនយកទោសអូសដំណើរដល់រូបលោកស្រី។

សូមជម្រាបថា ក្រោយករណីរបស់លោកស្រី សែម សុខគា ត្រូវបានដោះស្រាយបញ្ចប់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្រ្ដី បានបញ្ចេញសារតាមបណ្តាញសង្គម អរគុណចំពោះលោកស្រី សែម សុខគា ដែលបានឆ្លើយតបទៅនឹងការអំពាវនាវរបស់ខ្ញុំកាលពីថ្ងៃទី ១ តុលាកន្លងទៅនេះ ដោយសូមឱ្យ ចូលមកជួបក្រុមការងាររបស់ខេត្ត ដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង (ឬហៅថា បុប្ផាលាក់ខ្លួន) នៅភ្នំ១៥០០ ក្នុងខេត្តពោធិ៍សាត់។

សម្ដេច​ធិបតីក៏បានអរគុណដល់ ឯកឧត្តម ខូយ រីដា អភិបាលគណៈអភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារដែលដឹកនាំដោយឯកឧត្តមកែវ រតនៈដែលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាដីធ្លីនៅតំបន់នេះ រួមទាំងការស្វែងរកដំណោះស្រាយជូជូនប្អូនស្រី សែម សុគា ស្របតាមគោលនយោបាយឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាល។

សម្ដេច​ធិបតីបានគូសបញ្ជាក់ឡើងវិញថាតំបន់អន្ទង់អាំង (ឬ បុប្ផាលាក់ខ្លួន) នៅភ្នំ១៥០០ នឹងត្រូវថែរក្សាជាតំបន់សាធារណៈរបស់រដ្ឋ ដោយនឹងត្រូវរៀបចំដាំដើមឈើឡើងវិញ ក្នុងគោលដៅប្រែក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ សម្រាប់ប្រជាពលរដ្ឋ និងទេសចរណ៍អាចទៅកម្សាន្តបាន៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia