Connect with us

ព័ត៌មាន

រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ប្រាប់នាយិកាថ្មីនៃអង្គការ UNICEFថា ការជំរុញការការពារសិទ្ធិកុមារត្រូវបានចាត់ទុកជាបេសកកម្មស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យលោកស្រី ម៉ាហា ដាម៉ាច នាយិកាថ្មីនៃអង្គការយូនីសេហ្វប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះលោកស្រី ម៉ាហា ដាម៉ាច និងសហការី មកកាន់ទីស្តីការក្រសួងយុត្តិធម៌ និងបានសម្តែងការអបអរសាទរជូនចំពោះលោកស្រី ដែលបានចូលកាន់មុខតំណែងជា នាយិកាថ្មីនៃអង្គការយូនីសេហ្វប្រចាំកម្ពុជា។ ជាការឆ្លើយតប លោកស្រី ម៉ាហា ដាម៉ាច ក៏បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលអនុញ្ញាតឱ្យលោកស្រី និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកស្រី ម៉ាហា ដាម៉ាច បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងអង្គការយូនីសេហ្វប្រចាំកម្ពុជា ដែលពាក់ព័ន្ធនឹង៖ (១)-ការអនុវត្តច្បាប់ស្ដីពីយុត្តិធម៌អនីតិជន, (២)-សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ ដែលក្នុងនោះមានការការពារសិទ្ធិរបស់អនីតិជនក្នុងការរៀបអាពាហ៍ពិពាហ៍ និងការរៀបចំតុលាការជំនាញទាក់ទងនឹងកុមារ និង (៣)-ពិធីសារបន្ថែមនៃអនុសញ្ញាស្ដីពីសិទ្ធិកុមារពាក់ព័ន្ធនឹងនីតិវីធីបណ្ដឹង (Optional Protocol 3)។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការជំរុញការការពារសិទ្ធិកុមារត្រូវបានចាត់ទុកជាបេសកកម្មស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចនូវបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធកិច្ចការពារសិទ្ធិកុមារ ដោយបានបញ្ជាក់អំពីសារៈសំខាន់នៃការចូលរួមគាំទ្រពីដៃគូសហការនានា។ ជាការឆ្លើយតប លោកស្រីក៏បានឯកភាពក្នុងការផ្តល់កិច្ចសហប្រតិបត្តិការដល់ក្រសួងយុត្តិធម៌ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ។

ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកស្រី បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជិតស្និតរវាងក្រសួងយុត្តិធម៌ និងអង្គការយូនីសេហ្វប្រចាំកម្ពុជា តាមរយៈការបង្កើតយន្តការសមស្រប ដើម្បីបង្ការនិងកាត់បន្ថយការឃុំខ្លួនជនល្មើសដែលជាអនីតិជន សំដៅការពារឧត្តមប្រយោជន៍របស់កុមារនៅកម្ពុជា។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia