Connect with us

ព័ត៌មាន

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ចាប់ដំណើរ​ការពីថ្ងៃទី៧ខែ​តុលា​នេះ​តទៅ

ភ្នំពេញ៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ចាប់ដំណើរការពីថ្ងៃទី៧ ខែ​តុលា​នេះតទៅ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ តាមការប៉ាន់ស្មាន​របស់​គណៈក​ម្មាធិ​ការ​ជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) ប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ អាច​មក​ចុះ​ឈ្មោះ​បោះឆ្នោ​ត មានចំនួនជាង ៤សែននាក់។

ក្នុងពេលចុះពិនិត្យទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត នៅសាលាឃុំក្រាំធ្នង់ ស្រុកបាទី ខេត្ត​តាកែវ នៅព្រឹកថ្ងៃទី៧ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត បានផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មានថា ការបោះឆ្នោត​នៅ​កម្ពុជា​៤​ដំណាក់​កាល ដែលក្នុ​​ងនោះរួមមាន៖ទី១.ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដើម្បីកសាងបញ្ជីឈ្មោះបោះឆ្នោត ទី២.ការ​​​ចុះបញ្ជីបេ​​ក្ខជ​​នគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះ ទី៣.ឃោសនាបោះឆ្នោត និងទី៤.បោះឆ្នោ​​ត រាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផលបោះឆ្នោត។ ឯកឧត្តមបន្តថា សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការ​​ចុះ​​ឈ្មោះឆ្នោតនៅឆ្នាំ២០២៦នេះ គឺមានសារៈសំខាន់ណាស់ ដើម្បីកសាងបញ្ជីឈ្មោះអ្នកបោះឆ្នោត ឆ្នាំ​​​២០២៦ សំរាប់បម្រើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តិទៅនៅ​​​​ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៧។ បន្ថែមលើនេះ ឯកឧត្តមក៏អំពាវនាវដល់ប្រជាពលរដ្ឋមិនទាន់មានឈ្មោះ​​​​​​​​​ក្នុងបញ្ជីបោះឆ្នោត ដោយគិតចាប់ពីអាយុ១៨ឆ្នាំឡើងទៅ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅឃុំ​​​ស​ង្កា​​​​​​​ត់ទូទាំងប្រទេសកម្ពុជា និងពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត នៅឆ្នាំ២០១៦ និង២០១៧ សូមអ​​ញ្ជើ​​ញ​​ទៅ​​ធ្វើជីវមាត្រ។ ការធ្វើជីវមាត្រនេះ មានសារៈសំខាន់ណាស់ក្នុងការកំណត់អត្តសញ្ញាណអ្នកបោះឆ្នោ​​​​​​ត ដែលមានការប្រែប្រួលរូបរាង ស្នាមខ្ចៅដៃ និងមុខជាដើម។

ក្រុមយុវជនបានឲ្យដឹងដែរថា​ ថ្ងៃនេះពួកខ្ញុំមកចុះឈ្មោះបោះឆ្នោត ក្នុងគោលបំណងបំពេញកា​​តព្វកិ​​ច្ច​​​ជាពលរដ្ឋល្អ និង​​មានសិទ្ធិបោះឆ្នោតនៅឆ្នាំក្រោ​​​​យ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំដែលគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ។ ក្រុមយុវជនទាំងនោះបន្តថា មុនមកចុះឈ្មោះបោះឆ្នោត មាន​ឪពុកម្តាយ និងអាជ្ញាធរមូលដ្ឋា​​ន​​​បា​​ន​​ចុះ​ផ្សព្វ​​ផ្សាយ និងជំរុញឱ្យពួកខ្ញុំមកចុះឈ្មោះបោះឆ្នោត។

ការិយាល័យចុះឈ្មោះបោះឆ្នោត នៃឃុំសង្កាត់ទាំង ១.៦៥២ ទូទាំងប្រទេសកម្ពុជា បានបើកដំ​​ណើរកា​​រ​​ព្រមៗគ្នានៅតាមសាលាឃុំ សង្កាត់ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ ដើម្បីបម្រើសេវាជូនប្រជាព​​លរដ្ឋដែលអញ្ជើញមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ទោះបីភូមិសាស្រ្តខ្លះនៃឃុំ សង្កាត់មួយចំនួនទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងក៏ដោយ។

គួរបញ្ជាក់ដែរថា នៅឆ្នាំនេះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ គឺមានរយៈពេល ៥៥ថ្ងៃ ដោយចាប់ដំណើរការពីថ្ងៃទី៧ ខែតុលានេះតទៅ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២​​​០​២​​៦ ជារៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ ទាំងថ្ងៃអាទិត្យ។ ពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង មិនមានឈ្មោះក្នុ​​ងបញ្ជីបោះឆ្នោត អាចទៅចុះឈ្មោះនៅតាមឃុំសង្កាត់ក្នុងមូលដ្ឋានរស់នៅដោយភ្ជាប់ទៅជាមួយអត្តស​​ញ្ញា​​ណបណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោ​​ត៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia