Connect with us

ព័ត៌មាន

រដូវបុណ្យភ្ជុំឆ្នាំនេះតម្លៃសាច់លើទីផ្សារមិនឡើងថ្លៃនោះទេ ខណៈការផ្គត់ផ្គង់​មានភាព​គ្រប់​គ្រាន់​លើ​ទីផ្សារ

ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ថ្លែងឱ្យដឹងថា នៅក្នុងឱកាសនារដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ តម្លៃសា​ច់​នៅលើទីផ្សារពុំមានការ ឡើងថ្លៃនោះទេ ដោយសារការផ្គត់ផ្គង់សាច់ក្នុងពេលបច្ចុប្បន្ន បាន​ឆ្លើយតបទៅនិងតម្រូវការទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានថ្លែងប្រាប់សារព័ត៌មាន ស្តី​អំពី​ការ​ចិញ្ចឹម​សត្វ និងការផ្គត់ផ្គង់សាច់ លើទីផ្សារ នៅក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ​២០២៦ថា ជុំវិញមុខរបរចិញ្ចឹមសត្វនៅកម្ពុជា នៅក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយមកនេះ កម្ពុជា​មានការវិវត្តន៍រីកចម្រើនយ៉ាងខ្លាំង ក្នុងនោះក្រៅពីការចិញ្ចឹមលក្ខណៈគ្រួសារ កម្ពុជា​ក៏​មាន​កសិដ្ឋាន​ចិញ្ចឹមធំៗ ជាច្រើនកន្លែង ដោយការចិញ្ចឹមភាគច្រើនតាមលក្ខណៈស្តង់ដារ, មានន័យថា វិស័យ​ចិញ្ចឹមនៅកម្ពុជា ជាពិសេសការចិញ្ចឹមជ្រូកបាននិង កំពុងរីកចម្រើនគួរឲ្យកត់សម្គាល់។

លោកថ្លែងបន្តថា ស្របពេលភាពសម្បូបបែប និងការរីកចម្រើនលើវិស័យចិញ្ចឹមសត្វនៅកម្ពុជា ចំពោះ​តម្លៃផ្គត់ផ្គង់សាច់នៅលើ ទីផ្សារ នៅក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មិនមាន​ការ​ឡើង​ថ្លៃ​នោះ​ទេ ដោយសារការផ្គត់ផ្គង់ក្នុងពេលបច្ចុប្បន្ន ឆ្លើយតបទៅនិងតម្រូវ ការទីផ្សារ​បាន​គ្រប់​គ្រាន់​។ ​តាមរយៈនៃការមិនឡើងថ្លៃនេះ បានផ្តល់លទ្ធភាព​ដល់​ប្រជា​ពលរដ្ឋ​ចូល​រួម​នៅ​ក្នុងការ​ធ្វើ​បុណ្យ​ទាន​ទាំង​អស់គ្នា។ តែយ៉ាងណា លោកក៏បានសម្តែង​នូវ​ការ​អាណិត​ដល់​កសិករ​ដែល​ជា​អ្នក​ចិញ្ចឹម​សត្វ ជាពិសេសជ្រូក និងមាន់ ខណៈដែលពួកគាត់មិន ទទួលបានតម្លៃល្អដូចការពឹងទុក ខណៈ​ដែលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោក ក៏ដូចកម្ពុជាបានជួបវិបត្តិសេដ្ឋកិច្ច ដែល​នាំ​ឱ្យ​ការ​ហូបចុកមានការរិតត្បិតជាងមុន។

លោក ស្រ៊ុន ពៅ លើកឡើងបន្ថែមថា ជុំវិញការផ្គត់ផ្គង់សាច់លើទីផ្សារនេះ បើតាមរយៈនៃការចុះអង្កេតដោយផ្ទាល់របស់លោក ឃើញថា នៅរយៈពេល ១០ ថ្ងៃមក នៃពិធីបុណ្យកាន់បិណ្ឌនេះ តម្រូវការសាច់ជ្រូក មាន់ និងទា លើទីផ្សារមានការកើនឡើង​គួរឲ្យកត់សម្គាល់ ប៉ុន្តែ ការផ្គត់ផ្គង់សាច់ជ្រូកលក់លើទីផ្សារមិនមានការឡើងថ្លៃ និងតម្លៃជ្រូករស់របស់កសិករ ក៏មិនមានការឡើងថ្លៃផងដែរ ពោលគឺធ្វើឱ្យបងប្អូន ប្រជាពលរដ្ឋសប្បាយចិត្តលើតម្រូវការផ្គត់ផ្គង់សាច់ និងទទួលយកបានទាំងអស់គ្នា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia