Connect with us

ព័ត៌មាន

រាជរដ្ឋាភិបាលបង្កើតគណៈកម្មាធិការសម្របសម្រួលវិស័យ SME ដើម្បីសម្រួលការធ្វើធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ ដើម្បីសម្រួលដល់ការធ្វើធុរកិច្ច និងកាត់បន្ថយភាពស្មុគស្មាញផ្នែករដ្ឋបាល រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការសម្របសម្រួលសម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យម (SME) ដែលទទួលបានការស្វាគមន៍ពីសំណាក់សហគ្រិន និងតំណាងសមាគមអាជីវកម្មនៅកម្ពុជា ដោយរំពឹងថា យន្តការនេះនឹងជួយលើកកម្ពស់បរិយាកាសធុរកិច្ច និងជំរុញការរីកចម្រើនរបស់សហគ្រាស។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២៦ បានចុះហត្ថលេខាលើអនុក្រឹត្យ ស្តីពី ការបង្កើតលេខាធិការដ្ឋាន ផ្នែកចុះបញ្ជី អាជ្ញាបណ្ណ និងលិខិតអនុញ្ញាត និងផ្នែកតាមដាន និងត្រួតពិនិត្យ នៃអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម។​ ការចុះហត្ថលេខាលើអនុក្រឹត្យនេះ ធ្វើឡើងបន្ទាប់ពីសម្តេចធិបតីបានបង្ហោះវីដេអូឃ្លីបមួយនៅលើបណ្តាញសង្គម កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ដោយបង្ហាញពីសកម្មភាពចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME) ហៅកាត់ថា អ.ស.ត.ម។

វិធានការនេះបានទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីសំណាក់សហគ្រិន និងតំណាងសមាគមអាជីវកម្មនៅកម្ពុជា។ ឧកញ៉ាបណ្ឌិត ឈិន កេន អនុប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានឱ្យដឹងថា ការបង្កើតអង្គភាពនេះ នឹងជួយសម្រួលនីតិវិធីឱ្យកាន់តែសាមញ្ញ, កាត់បន្ថយទាំងពេលវេលា និងការចំណាយ។ កត្តាទាំងនេះ នឹងធ្វើឱ្យបរិយាកាសនៃការស្នើសុំលិខិតអនុញ្ញាត ឬប្រតិបត្តិការផ្សេងៗជាមួយស្ថាប័នរដ្ឋកាន់តែមានភាពងាយស្រួល និងកាត់បន្ថយភាពស្មុគស្មាញ។ នេះជាជំហានដ៏ល្អមួយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតគណៈកម្មាធិការសម្របសម្រួល ដើម្បីជួយជ្រោមជ្រែងវិស័យ SME។

ចំណែក លោកស្រី លី គង្គា សហស្ថាបនិកសិប្បកម្មផលិតទឹកត្រី ស៊ីហា បានបញ្ជាក់ថា វិធានការនេះពិតជាមានសារៈសំខាន់សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ដោយជួយផ្តល់ព័ត៌មាន ការប្រឹក្សាយោបល់ និងការណែនាំដោយផ្ទាល់ ដើម្បីឱ្យម្ចាស់អាជីវកម្មយល់កាន់តែច្បាស់អំពីនីតិវិធី និងលក្ខខណ្ឌតម្រូវផ្សេងៗ ហើយ ការសម្រួលនីតិវិធីពីសំណាក់ក្រសួងពាក់ព័ន្ធ និងការផ្តល់ការណែនាំដោយផ្ទាល់ បានរួមចំណែកជួយឱ្យការចុះបញ្ជីអាជីវកម្ម និងការបំពេញបែបបទច្បាប់ផ្សេងៗកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាព ដែលជាការគាំទ្រដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម។

អង្គភាព ​អ.ស.ម.ត នឹងដើរតួជាអ្នកសម្របសម្រួលជាមួយគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់តាំងពីដើមដល់ចប់។អង្គភាព អ.ស.ម.ត នឹងដាក់ដំណើរការក្នុងពេលឆាប់ៗខាងមុខ។ សហគ្រាសធុនតូចនិងមធ្យម នឹងអាចដាក់ពាក្យស្នើសុំនៅតែមួយកន្លែងប៉ុណ្ណោះ គឺនៅ អ.ស.ម.ត អាចដាក់ពាក្យដោយផ្ទាល់ ឬតាមប្រព័ន្ធ Online៕អត្ថបទ៖ ធូ វិរៈ

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia