Connect with us

ព័ត៌មាន

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូទទួលជួបប្រជុំទ្វេភាគី ជាមួយគណៈប្រតិភូយុវជនឡាវ

នារសៀល ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំគណៈប្រតិភូទទួលជួបប្រជុំទ្វេភាគី ជាមួយគណៈប្រតិភូយុវជនឡាវ ដឹកនាំដោយ ឯកឧត្តម ថុងលី ស៊ីសូលីត (Thongly SISOULITH) សមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាលេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិមសហព័ន្ធយុវជនប្រជាជនបដិវត្តន៍ឡាវ។ នាឱកាសនោះ ភាគីទាំង២ក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការផងដែរ។

កិច្ចប្រជុំទ្វេភាគីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយុវជននៃប្រទេសទាំងពីរ ជាពិសេសដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ឡាវ។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅជូនដល់គណៈប្រតិភូយុវជនឡាវដែលបានមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមក៏បានចែករំលែកអំពីទិសដៅយុទ្ធសាស្ត្រ បុព្វហេតុ បេសកកម្ម និងគម្រោងសកម្មភាពនានាដែល ស.ស.យ.ក. បាន និងកំពុងអនុវត្ត ដើម្បីឧត្តមប្រយោជន៍របស់យុវជនកម្ពុជា ព្រមទាំងការបង្កើតឱកាសមាសសម្រាប់យុវជននៃប្រទេសទាំងពីរ ក្នុងការសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធរវាងគ្នានិងគ្នា។

ឯកឧត្តមប្រធានគណៈប្រតិភូយុវជនឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ពីសំណាក់ សមភាគីកម្ពុជា។ ឯកឧត្តមបានមានប្រសាសន៍ឆ្លើយតបថា ទស្សនកិច្ចផ្លូវការនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធរវាងយុវជននៃប្រទេសទាំងពីរ សំដៅរឹតចំណងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ។

បន្ទាប់ពីកិច្ចពិភាក្សាការងារ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់ដើម្បីបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ។ កិច្ចប្រជុំបានបញ្ចប់ទៅដោយបរិយាកាសស្និទ្ធស្នាល និងទទួលបានផ្លែផ្កាជាវិជ្ជមាន ក្នុងស្មារតីពង្រឹងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជិតខាងល្អរវាងយុវជននៃប្រទេសទាំងពីរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia