Connect with us

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីប្រចាំការ៖ ការពន្លឿន និងជំរុញបរិវត្តកម្មឌីជីថល ជាការគាំទ្រដល់ប្រសិទ្ធភាពការងារ

រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ចាត់ទុកការពន្លឿន និងជំរុញកិច្ចការបរិវត្តកម្មឌីជីថល គឺជាអាទិភាពសំខាន់មួយ ដើម្បីគាំទ្រ ដល់ការបង្កើនប្រសិទ្ធភាព គុណភាព និងសមិទ្ធកម្មការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ការងារបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍប្រព័ន្ធ OCM AI របស់ទីស្តីការគណៈរដ្ឋមន្ត្រី, ឯកឧត្តមបាន ចាត់ទុកការពន្លឿន និងជំរុញកិច្ចការបរិវត្តកម្មឌីជីថលនៅទីស្តីការគណៈរដ្ឋមន្ត្រី ជាគាំទ្រដល់ការបង្កើនប្រសិទ្ធភាព គុណភាព និងសមិទ្ធ- កម្មការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី។ ក្នុងន័យនេះ មន្រ្តីពាក់ព័ន្ធត្រូវចេះទាញយកប្រយោជន៍ពីបច្ចេកវិទ្យាជាពិសេស បច្ចេកវិទ្យាបញ្ញា សិប្បនិម្មិត (AI) ទោះបី​បច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ធ ការយល់ ដឹងផ្នត់គំនិត និងទស្សនៈរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្តីការគណៈ រដ្ឋមន្ត្រីនៅមានកម្រិតក្តី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់ការណែនាំឱ្យក្រុមការងារដឹកនាំ និងជំរុញបរិវត្តកម្មឌីជីថល នៃទីស្តីការគណៈ រដ្ឋមន្ត្រី ពន្លឿនការធ្វើបរិវត្តកម្មឌីជីថលនៅទីស្តីការគណៈរដ្ឋមន្ត្រី ស្របតាមផែនការដែលបានកំណត់ និងត្រូវរៀបចំវគ្គបណ្តុះបណ្តាល អំពី ការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះ ជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រីឱ្យបានឆាប់ ព្រមទាំងបានសង្កត់ធ្ងន់ថា ការងារធ្វើបរិវត្តកម្មឌីជីថល នៅក្នុងទីស្តីការគណៈរដ្ឋមន្ត្រីត្រូវតែចាប់ផ្តើមដោយភាពពិតប្រាកដម៉ត់ចត់ និងមានគោលដៅច្បាស់លាស់។

ពាក់ព័ន្ធនឹងប្រព័ន្ធ OCM AI, ឯកឧត្តម វង្សី វិស្សុត បានណែនាំឱ្យក្រុមការងារបន្តសិក្សាអំពីទិដ្ឋភាព បច្ចេកទេសនៃប្រព័ន្ធនេះ បន្ថែមទៀត និងត្រូវរៀបចំស្តង់ដាប្រតិបត្តិ (SOP) ស្តីពីការកំណត់សិទ្ធិប្រើប្រាស់ និងរបៀបប្រើប្រាស់ប្រព័ន្ធនេះឱ្យបានច្បាស់លាស់ ដើម្បីគ្រប់គ្រងហានិភ័យ និងសន្តិសុខ ពាក់ព័ន្ធទិន្នន័យបុគ្គលនិងទិន្នន័យរបស់ស្ថាប័ន៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia