Connect with us

ព័ត៌មាន

រយៈពេល៩ខែ, ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា មានទំហំទឹកប្រាក់កើនដល់ជាង ៥៨,៤ ពាន់លានដុល្លារ

ការដោះដូរពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល ៣ ត្រីមាស ឆ្នាំ២០២៦នេះ មានទំហំទឹកប្រាក់សរុបកើន ដល់ជាង ៥៨ ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ២៧ ពាន់លានដុល្លារ ខណៈការ នាំចូលពីបរទេសមានទឹកប្រាក់ជាង ៣១ ពាន់លានដុល្លារ។

ក្រសួងពាណិជ្ជកម្ម បានបង្ហាញរបាយការណ៍លើការធ្វើពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល៩ ខែ ឆ្នាំ២០២៦ ដោយក្នុងនោះការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបប្រមាណជាង ៥៨,៤ ពាន់លានដុល្លារអាមេរិក កើនឡើង ជាង ២២ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥ ដែលមានទំហំទឹកប្រាក់ជាង ៤៧ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ដែលការធ្វើពាណិជ្ជកម្មនេះ បាននិងកំពុងបន្តគាំទ្រទីផ្សារនាំចេញ-ចូលសំខាន់ៗរវាងគ្នាទៅវិញទៅមក។

ជុំវិញការដោះដូរពាណិជ្ជកម្មខាងលើនេះ ក្នុងនោះកម្ពុជាបាននាំចេញទំនិញ និងកសិផលសំខាន់ៗទៅកាន់ទីផ្សារអន្តរជាតិ មានទឹកប្រាក់ប្រមាណជាង ២៧,៤ ពាន់លានដុល្លារអាមេរិក កើនឡើង ១៨ ភាគរយ ខណៈនៅក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ មានទឹកប្រាក់ជាង ២៣ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។ ចំណែកការនាំចូលវិញ នៅក្នុងរយៈពេលនេះដែរ មានទឹកប្រមាណជាង ៣១ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២៥ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដោយការនាំចូលនាគ្រានោះ មានទឹកប្រាក់ត្រឹម ២៤ ពាន់លានដុល្លារអាមេរិក ដែលនេះបង្ហាញឱ្យឃើញការបន្តរក្សាកំណើននៃការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់ កម្ពុជា។

ចំណែកទីផ្សារគាំទ្រដល់ការនាំចេញរបស់កម្ពុជារួមមាន៖ ការនាំចេញទៅកាន់សហរដ្ឋអាមេរិក មានទឹកប្រាក់ជិត ១២ ពាន់លានដុល្លារ អាមេរិក កើនជាង ២៩ ភាគរយ, វៀតណាមជាង ៣ ពាន់លានដុល្លារ កើនជាង ៨ ភាគរយ, ចិនជាង ១,៥ ពាន់លានដុល្លារ កើន ២៨ ភាគរយ, ជប៉ុនជាង ១,៤ ពាន់លានដុល្លារ កើន ២៤ ភាគរយ, កាណាដាជាង ១ ពាន់លានដុល្លារ កើនជាង ៦ ភាគរយ, អេស្បាញ ជាង ១ ពាន់លានដុល្លារ កើនជិត ២៣ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥, ក្រៅពីនេះនៅមានទីផ្សារសំខាន់ៗផ្សេង ទៀត បាននិងកំពុងគាំទ្រដល់ការនាំចេញរបស់កម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី,

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia